en     km
en     km

កម្ពុជាសុំឱ្យវៀតណាមបង្ហូរទឹកមកកម្ពុជា ដើម្បីដោះស្រាយបញ្ហាអគ្គិសនី

Share

ភ្នំពេញ៖ កម្ពុជាតាមរយៈរដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានស្នើឱ្យប្រទេសវៀតណាមបង្កើនការទម្លាក់ទឹកមកកម្ពុជា ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីជាការជួយសម្រួលតម្រូវការនាពេលបច្ចុប្បន្ននៅកម្ពុជា ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកនៃក្រសួងនេះ ។

លម្អិតព័ត៌មានដោយ លោក សោម លាភ

 

តាមការចុះផ្សាយនេះបញ្ជាក់ថា ការស្នើបែបនេះរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលធ្វើឡើងនៅចំពោះមុខទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី ៨ មេសានេះ នៅទីស្ដីការក្រសួងរ៉ែ ។

នាឱកាសនោះ លោក ស៊ុយ  សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានស្នើភាគីវៀតណាមឱ្យមានការជួយសម្រួលបញ្ហាអគ្គីសនីនៅកម្ពុជា ។

ជាក់ស្ដែង លោក ស៊ុយ សែមថា កម្ពុជាសុំឲ្យវៀតណាមជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀតតាមច្រកចូវដុក ។

យ៉ាងណា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអគ្គីសនីរូបនេះ ស្នើឲ្យវៀតណាមបន្កើនការទំលាក់ទឹក នៅតាមបណ្តាវារីអគ្គិសនីទាំង១៤ ផែ្នកខាងវៀតណាម ដើម្បីឲ្យវារីអគ្គិសនីសេសានក្រោម២ របស់កម្ពុជាអាចមានទឹកបន្ថែមក្នុងការបង្កើនការផលិតថាមពលអគ្គីសនី ។

យ៉ាងណា ភាគីវៀតណាម គឺលោក LE BIEN CUONG សន្យាថានឹងធ្វើរបាយការណ៍ការស្នើសុំនេះទៅកាន់រដ្ឋាភិបាលវៀតណាម ។

ចូលមកដល់ឆ្នាំ ២០១៩ នេះ ប្រទេសកម្ពុជាជួបបញ្ហាកង្វះទឹកប្រើប្រាស់ និងភ្លើងអគ្គិសនី ជាពិសេសគឺនៅរាជធានីភ្នំពេញ ។

យ៉ាងណា ប្រមុខដឹកនាំកម្ពុជាធ្លាប់ថ្លែងថា កង្វះអគ្គីសនីនៅកម្ពុជាព្រោះតែការកើនឡើងនៃសំណង់អាគារធំៗ និងខ្ពស់ៗជាច្រើន ។ ជាងនេះ គឺដោយសារតែរដូវបាំ្រងនៅឆ្នាំនេះ អូសបន្លាយរយៈពេលយូរពេក  ។

ទាក់ទីនរឿងនេះ សម្ដេចនាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​មិន​ជួល​នាវា​ផលិត​ថាម​ពល​អគ្គិសនី​របស់​ប្រទេស​តួកគី ដើម្បី​ផ្គត់​ផ្គង់​ការ​ខ្វះ​ខាត​អគ្គីសនី​នៅ​កម្ពុជា​ព្រោះមានបញ្ហាច្រើនមិនអាចធ្វើបាន ។

សម្ដេចនាយក​រដ្ឋ​មន្រ្តី​ប្រកាស​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី៥មេ​សា ។

លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្រង់ប្រសាសន៍របស់ ​នាយក​រដ្ឋ​មន្រ្តី​​មក​ បន្ថែម​ថា នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​ប្រទេស​តួកគី គឺ​ប្រើប្រាស់​រយៈ​ពេល​យូរ​ទម្រាំ​មក​ដល់​កម្ពុជា ហើយ​បញ្ហា​តម្លៃ​ក៏​មាន​កម្រិត​ខ្ពស់​ដែល​មិន​អាច​ទទួល​យក​បាន​ ។

លោក​ផៃ ស៊ីផានបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ចង់​ប្រើ​ប្រាស់​ថវិកា​ចំណាយ​លើ​ការ​ជួល​នាវា​ផលិត​ថាម​ពល​អគ្គិសនី​តួក​គី​ដែល​មាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​នៅ​ទីក្រុង​ភ្នំពេញ​សម្រាប់​ប្រើ​ប្រាស់​រយៈ​ពេល​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​។

យ៉ាងណា កម្ពុជាបានសម្រេចបើកលទ្ធភាពឱ្យក្រុមហ៊ុនចិន វិនិយោគលើវិស័យអគ្គីសនីនៅទន្លេសេសានក្រោម ២ ។ ការណ៍នេះ ធ្វើឱ្យមានការតវ៉ា ពីបណ្ដាប្រជាជនដែលរស់នៅក្នុងតំបន់នោះជាខ្លាំង ។

កន្លងមក ធ្លាប់មានផ្សាយព័ត៌មានស្រង់សម្ដីអ្នកវិភាគថា កង្វះខាតភ្លើងនៅកម្ពុជាអាចជាកលល្បិចដើម្បីបង្កើនការការបង្កើតវារីអគ្គីសនីបន្ថែម ​។ សម្ដេច ហ៊ុន សែន បង្ហាញកំហឹងជាខ្លាំងចំពោះការវិភាគបែបនេះ ឈានទៅដល់បញ្ជានិងអនុញ្ញាតឱ្យផ្ដាច់ភ្លើងនៅផ្ទះអ្នកវិភាគរូបនោះថែមទៀតផង ។

បែបនេះក្ដី ក្រោយពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “ សំណើសុំការពិនិត្យសម្រេចលើ គម្រោងវិនិយោគសាងសង់ ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែងនៅពោធិ៍សាត់ ០១ កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ០១ កន្លែង ៦០MW ដើម្បីផលិតអគ្គិសនីលក់ឱ្យអគ្គិសនីកម្ពុជា” ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image