en     km
en     km

កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុកលើកដំបូងជំរុញចលនាទេសចរណ៍ក្នុងស្រុក

Share

(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក  ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុកលើកដំបូង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងពិធីនេះ លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានលើកឡើងថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥ លាន ៦សែននាក់ ក្នុងកំណើន ១១.៨% បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។ ហើយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៨នេះ យើងទទួលបានទេសចរអន្តរជាតិប្រមាណ ២.៦លាននាក់ ក្នុងកំណើន ១៣.៥%។

លោកថា តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦លាន ២សែននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ១លាននាក់ និងនៅឆ្នាំ២០៣០ ទេសចរអន្តរជាតិនឹងកើនដល់ ១៥លាននាក់ នឹងនាំចំណូលប្រមាណ ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។

តាមលោករដ្ឋមន្រ្ដីរូបនេះ សម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៦%ជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ ២០១៥ ទេសចរក្នុងស្រុកមានចំនួនជាង ៩ លាន ៦សែននាក់ កើនដល់ជាង ១០លាននាក់ នៅឆ្នាំ២០១៦ និងជិត ១១លាននាក់ នៅឆ្នាំ២០១៧ ហើយជាចក្ខុវិស័យក្រសួងទេសចរណ៍រំពឹងថា នឹងមានទេសចរប្រមាណ ១៩លាននាក់ នៅឆ្នាំ២០២៥។

លោកបន្ថែមថា ដើម្បីចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក អនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍ ២០១២-២០២០ ឱ្យបានជោគជ័យ និងឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ដែលនឹងជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ ១៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍ និងគណៈ កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានអនុវត្តការងារមួយចំនួន  រួមមានការដាក់ចេញការអនុវត្តយន្តការពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់ថ្នាក់សេវាស្នាក់នៅ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ  និងចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ជាដើម៕

 

Share

Image
Image
Image