en     km
en     km

កម្ពុជាមិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនជីករ៉ែទីតាញ៉ូមនៅខេត្តកោះកុង

Share

កោះកុង៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈថា មិនអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្រតិបត្តិលើការធ្វើអាជីវកម្មរុករក រ៉ែទីតាញ៉ូមនៅតំបន់សមុទ្រឡើយ ព្រោះការជីករករ៉ែប្រភពនេះនាំបណ្តាលឱ្យខូចខាតព្រៃឈើ និងធ្វើឱ្យទឹកសមុទ្រកខ្វក់។ ការដាក់បម្រាមរបស់នាយករដ្ឋមន្រ្តីនេះធ្វើឡើងកាលពីថ្ងៃទី១៦ ធ្នូ នាឱកាសបុណ្យសមុទ្រនៅខេត្តកោះកុង។

អត្ថបទដោយ កែវ សុខា-កញ្ញា ហេង នីទី រាយការណ៍

         ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។

 

កម្ពុជាសុខចិត្តបោះបង់ប្រាក់ ២២ពាន់លានដុល្លារពីការជីករ៉ែទីតាញ៉ូមនៅខេត្តកោះកុង ដើម្បីការពារបរិ ស្ថាន។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីក្នុងពិធីបុណ្យសមុទ្រ និងនៅលើទំព័រហ្វេសប៊ុក ក្រោយជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន និងលោក ប្រ៊ូយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក​ ដែលចង់មកវិនិយោគលើអាជីវកម្មជីករ៉ែទីតាញ៉ូមនៅរមណីយដ្ឋានជីផាត ក្នុងស្រុកជីផាត ខេត្តកោះកុង។

សម្តេច ហ៊ុន សែន បានច្រានចោលបំណងនេះ ដោយហេតុផលថា ការជីកយករ៉ែទីតាញ៉ូមនេះ នឹងបំផ្លាញ់ព្រៃឈើ ២ម៉ឺនហិចតាជាជម្រកសត្វព្រៃ នឹងអាចបង្កវិនាសកម្មដល់ទឹកសមុទ្រ និងមច្ឆាជាតិ។

​សម្តេចលើកឡើងទៀតថា បើទោះបីចំណូលពីការជីករ៉ែទីតាញ៉ូមនេះ អាចឲ្យកម្ពុជាអភិវឌ្ឍន៍ប្រទេសដោយមិនបាច់ខ្ចីថវិកាពីបរទេសយ៉ាងណាក្តី តែសម្តេចនៅតែមិនអនុញ្ញាតនោះឡើយ ព្រោះវាធ្វើឱ្យហិនហោចព្រៃឈើតំបន់នោះ ហើយប៉ះពាល់ដល់ទឹកសមុទ្រថែមទៀតផង។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍នាយករដ្ឋមន្រ្តីប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា «កម្ពុជាមានគោលនយោបាយច្បាស់លាស់ ហើយដាច់ខាតមិនអនុញ្ញាតឲ្យជីករ៉ែទីតាញ៉ូមទេ ព្រោះត្រូវបំផ្លាញព្រៃ ហើយទឹកភ្លៀងនឹងហូរនាំដីក្រហមពីការដ្ឋានរ៉ែហូរចូលសមុទ្រធ្វើឲ្យទឹកសមុទ្រប្រែទៅជាពណ៌ក្រហម។ សម្តេច ហ៊ុន សែន បន្តថាគោលនយោបាយរបស់សម្តេចគឺដាច់ខាតមិនចង់បានលុយហ្នឹងទេ គឺត្រូវថែរក្សាបរិស្ថានឱ្យបាន»។

ការបដិសេធរបស់សម្តេច ហ៊ុន សែ​ន ធ្វើឡើងបន្ទាប់ពីមានសំណើរពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្នើឱ្យមានការវិនិ យោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាត ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២២ពាន់លានដុល្លារ។

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា បើទោះបីកម្ពុជាមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មនេះ ហើយអាចបណ្តាលឱ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តក្តី តែបញ្ហាមហន្តរាយដល់ប្រជាពលរដ្ឋកម្ពុជា គឺជារឿងមួយដែលត្រូវគិតគូរជាចម្បង។ យ៉ាងណាសម្តេចបានថ្លែងថា បញ្ហានេះទុកឲ្យយុវជនជំនាន់ក្រោយជាអ្នកពិចារណា ក្រែងពួកគេមានវិធីក្នុងការយកទីតាញ៉ូម ដោយមិនបំផ្លាញព្រៃ និងបង្ហូរដីចូលសមុទ្រ។

«ទីតាញ៉ូម»ជាលោហៈធាតុម្យ៉ាង មានពណ៌ប្រាក់​រលោង វាមានដង់ស៊ីតេទាបនិងកម្លាំងខ្ពស់។ លោហៈធាតុនេះ គេអាចយកវាទៅផ្សំជាមួយអាលុយមីញ៉ូម ដែកអាលុយមីញ៉ូមឌីណាដ្យូម និងម៉ូលីប៊ុដណុល។នៅពេលផ្សំបញ្ចូលគ្នាជាមួយលោហៈធាតុខាងលើរួច គេអាចយកវាទៅផលិតជាម៉ាស៊ីនយន្តហោះ មីស៊ីល យានអវកាស ឧបករណ៍ពេទ្យធ្មេញ ផលិតសម្ភារកីឡា និងគ្រឿងបន្លាស់អេឡិចត្រនិចជាដើម៕

 

Share

Image
Image
Image