en     km
en     km

កម្ពុជាមានមហិច្ឆតាតភ្ជាប់ខ្សែរថភ្លើងទូទាំងប្រទេស និងទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន

Share

បាត់ដំបង៖ កម្ពុជាកំពុងសិក្សាពីគម្រោងតភ្ជាប់ផ្លូវរថភ្លើងឱ្យបានទូទាំង និងបន្តតភ្ជាប់ទៅកាន់បណ្តាលប្រទេសនានាក្នុងតំបន់អាស៊ាន ដែលនេះជាមហិច្ឆតារបស់រាជរដ្ឋាភិបាលនាពេលអនាគត ដោយរងចាំតែថវិកា ឬការវិនិយោគពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវ​រថភ្លើងដឹកអ្នកដំណើរពីបាត់ដំបង-ពោធិ៍សាត់នៅថ្ងៃទី២៩ ឧសភានេះ។

 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវរថភ្លើងដឹកអ្នកដំណើរពីបាត់ដំបង-ពោធិ៍សាត់នៅថ្ងៃទី២៩ ឧសភានេះ។

 

ថ្លែងប្រាប់អ្នកសារព័ត៌មានពេលធ្វើដំណើរតាមរថភ្លើងពីបាត់ដំបងទៅពោធិ៍សាត់ លោក ស៊ុន ចាន់ថុល លើកឡើងថា រដ្ឋាភិ បាលកម្ពុជាបានស្តារខ្សែរថភ្លើងមួយចំនួនរួចរាល់ហើយគឺនៅភាគខាងត្បូង និងខាងជើងប្រទេស។ ដោយខ្សែរថភ្លើងពោធិ៍សាត់-បាត់ដំបងបានតភ្ជាប់រួច ដូច្នេះរដ្ឋាភិបាលក៏គ្រោងតភ្ជាប់ផ្លូវរថភ្លើងនេះទៅកាន់ក្រុងភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

សម្រាប់គម្រោងតភ្ជាប់ខ្សែរថភ្លើងទៅតាមបណ្តាលប្រទេសផ្សេងៗពិសេសទៅប្រទេសក្នុងតំបន់អាស៊ានលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហើបថាកម្ពុជា-ថៃបានតភ្ជាប់ផ្លូវដែករួចស្រេចហើយ ដែលផ្លូវដែកនេះអ្នកធ្វើដំណើរអាចជិះពីខេត្តព្រះសីហនុទីកាន់ទីក្រុងបាងកក និងពីបាងកកទៅប្រទេសម៉ាឡេស៊ី និងទៅប្រទេសសឹង្ហបុរីបាន។ តែយ៉ាងណាផ្លូវដែកពីកម្ពុជាទៅថៃនេះ ភាគីទាំងពីរកំពុងពិភាក្សាលើពាក្យពេចនិ៍ច្បាប់មួយចំនួនមុននឹងសម្រេចដាក់ឱ្យដំណើរការនៅពេលខាងមុខ។

ក្រៅពីនេះលោករដ្ឋមន្រ្តីបានលើកឡើងផងដែរ​ពីគម្រោងតភ្ជាប់ផ្លូវរថភ្លើងទៅប្រទេសវៀតណាម ហើយ និងប្រទេសឡាវភ្ជាប់ទៅប្រទេសចិន។ លោក ស៊ុន ចាន់ថា បន្តថាគម្រោងទាំងនេះត្រូវបានអនុវត្តនៅពេលមានថវិកាគ្រប់គ្រាន់។

                                               ខ្សែរថភ្ល់ើងបាត់ដំបង-ពោធិ៍សាត់ រូបភាពថតពីលើ។រូបភាពហ្វេសប៊ុក

 

ពាក់ព័ន្ធបញ្ហាសុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ឬពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង លោករដ្ឋមន្ត្រីសូមឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលរថយន្តបរមកដល់។ យ៉ាងណាលោកថា ក្រុមហ៊ុនដែលទទួលខុសត្រូវលើការសាងសង់ផ្លូវដែកនេះ បានធ្វើបារ៉ាស និងរនាំងបិទបណ្តុះអាសន្នពេលរថភ្លើងបរឆ្លងកាត់ផ្លូវ ។ លោកបន្ថែមថា នៅពេលខាងមុខខាងក្រុមហ៊ុនអាចបំពាក់បារ៉ាស ឬរនាំងបិទបើកបណ្តុះអាសន្នដោយប្រើឧបករណ៍បញ្ជាស្វ័យប្រវត្តិតែម្តង។

សូមបញ្ជាក់ថា សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបង ទៅពោធិ៍សាត់ មានប្រវែង១០៧គ.មមានស្ថានីយ៍ទាំងអស់ចំនួន ១៦ ដោយទ្រទម្ងន់បាន ១៥តោន/អ័ក្ស ហើយចំណាយថវិកាចំនួន ១៧,១លានដុល្លារជាប្រភពថវិកាជាតិ។ ការដាក់ឱ្យដំណើរការបណ្តោះអាសន្នសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវរថភ្លើងនេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨។  ខ្សែរថយន្តនេះនឹងបើកបរក្នុងល្បឿន៩០គីឡូម៉ែតក្នុងមួយម៉ោង និងនៅទីប្រជុំជនបើកក្នុងល្បឿន៤០ ទៅ៦០គីឡូម៉ែតក្នុងមួយម៉ោង។

គួររំលឹកថា ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅពោធិ៍សាត់ មានប្រវែងសរុប២២០គ.ម ចំណាយថវិកា ៨២,៣លានដុល្លារអាមេរិក មានស្ថានីយ៍ចំនួន៣០។ ក្នុងនោះកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការបានដាក់ឱ្យដំណើរការនូវសេវាដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅទៅភ្នំពេញ និងក្រុងតាខ្មៅ។ ពិសេសនោះក្រសួងក៏បានដាក់ឱ្យដំណើរការបណ្តុះអាសន្ននូវខ្សែរថភ្លើងរយៈចំណាយខ្លីពីស្ថានីយ៍អាយស្ម័យាន(មុខរ៉ា)ទៅព្រលានយន្តអន្តរជាតិ៕

 

Share

Image
Image
Image