en     km
en     km

កម្ពុជាប្រាប់ UN ថា ខ្លួននឹងបន្ដធានាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

Share

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងនៅចំពោះមុខអង្គការសហប្រជាជាតិថា កម្ពុជានឹងនៅតែមានឆន្ទៈ បន្ដពង្រឹងកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ និងភាពជាដៃគូស្ថាបនាជាមួយនឹងគ្រប់យន្ដការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងគ្រប់ភាគីទាំងអស់ ដើម្បីបន្ដលើកកម្ពស់កិច្ចការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់តំណាងកម្ពុជាក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ លើកទី៣៦ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នេះ។

ក្នុងសេចក្ដីថ្លែងការណ៍របស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែរចុះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧  គឺរួមកម្ពុជាបានដាក់បង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នូវចំណុច ៣ សំខាន់ៗ ដោយ ទីមួយ. អំពីសមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានកន្លងមក។ ទីពីរ. អំពីការអភិវឌ្ឍថ្មីៗដែលឆ្លុះបញ្ចាំងពីការរិះគន់ ដោយអយុត្ដិធម៌ប្រឆាំងនឹងវិធានការរបស់រាជរដ្ឋាភិបាល និងទីបី.បង្ហាញអំពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់ការការពារការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

ក្នុងខ្លឹមសារកម្រាស់ ៣ទំព័រ លោក  កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ នៅក្នុងសម័យប្រជុំលើកទី៣៦ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ថា ៖«  ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីធានាអះអាងជាថ្មីម្ដងទៀតថា ប្រទេសកម្ពុជានៅតែមានឆន្ទៈបន្ដពង្រឹងកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ និងភាពជាដៃគូស្ថាបនាជាមួយនឹងគ្រប់យន្ដការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដលើកម្ពស់កិច្ចការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា »។

ជុំវិញការអះអាងបន្ដធានាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជានេះដែរ លោក មាស នី សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ បានសាទរ ប៉ុន្ដែលោកថាការពិតក្នុងប្រទេស តើរដ្ឋាភិបាលបានធ្វើអ្វីខ្លះសម្រាប់ពលរដ្ឋខ្លួនឯង។

លោក មាស នី ៖ «បើគ្រាន់តែជាការថ្លែងការណ៍ដើម្បីធ្វើអោយបានប្រសើរឡើងដូចការសន្យាវាអត់មានអីខុសទេ ប៉ុន្ដែ សំខាន់គ្រាន់តែការពិតមែនទែននោះ នៅខាងក្នុងប្រទេសយើងបានធ្វើអីខ្លះសម្រាប់ពលរដ្ឋខ្លួនឯង។ ដូចរាល់ថ្ងៃនេះ ពាក្យបដិវត្ត ពណ៌ចេះតែយកមកប្រើទៅ ថា អ្នកនេះ ចង់ធ្វើបដិវត្តន៍ពណ៌ អ្នកនោះចង់ធ្វើបដិវត្តន៍ពណ៌ ប៉ុន្ដែយើងអត់បាននាំគ្នាដោះស្រាយ ថាតើមូលហេតុដើមនៃការធ្វើអោយមានបដិវត្តន៍ អោយមានមនុស្សដែលខឹងមិនសប្បាយចិត្តនោះវាដោយសារអី ហើយយើងនាំគ្នាព្យាយាមបំបាត់មូលហេតុនេះទៅ យូរៗទៅវាលែងមាននរណាគេគិតចង់តវ៉ាអីនេះហើយ»។

ស្របនឹងការធានាអះអាងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្នើ  រាល់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទាំងអស់គួរធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក។ ​ចំណែក ​ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃដែនយុត្ដាធិការរបស់រដ្ឋភាគីនីមួយៗគួរត្រូវជៀសវាងដូចដែលបានចែងយ៉ាងច្បាស់លាស់ក្នុងមាត្រា ២(៧) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែរ។

ការស្នើសុំរបស់កម្ពុជាលើចំនុចទាំងពីរនេះ  គឺ ស្របពេលដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពនយោបាយនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទអង្គការ NDI រួមនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងការចាប់ខ្លួនលោក កឹម សុខា ។

តែទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអះអាងប្រាប់ទៅអង្គការសហប្រជាជាតិលើចំនុចទាំងនេះវិញដែរថា  រឿងចាប់ខ្លួន លោក កឹម​ សុខា និងបិទអង្គការ NDI  រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងស្រុក គឺធ្វើឡើងដោយត្រឹមត្រូវ និងតាមផ្លូវច្បាប់។

ខ្លឹមសាដើមរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ «ចំពោះការវិវត្តថ្មីៗពាក់ព័ន្ធនិងស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការចាប់ខ្លួនសមាជិកសភាម្នាក់ក្រោមការចោទប្រកាន់ពីបទក្បតជាតិនិងចារកម្ម រួមទាំងការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងអង្គការក្រៅរដ្ឋាភិបាលមួយ ជាការបញ្ជាក់បង្ហាញថា «ប្រាប់ពីការពិត » គឺ ត្រឹមត្រូវ »។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជាដដែលនេះ បា​នលើកឡើងបន្ដទៀតថា ដើម្បីប្រយោ​ជន៍ដល់ភាពយុត្ដិធម៌ រាជរដ្ឋាភិ បាលមានតួនាទីពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគិតយុត្ដ។ វិធានការច្បាប់ទាំងនេះ គឺ មិនមានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតជាតិខាងមុខ ដូចដែលគេចោទប្រកាន់ដោយអយុត្ដិធម៌នោះឡើយ។

ការឆ្លើយតបរបស់ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ Zeid Ra’ad Al Hussein បានឡើងថ្លែងអំពីការព្រួយបារម្ភរបស់លោកជុំវិញស្ថានការសិទ្ធិមនុស្ស និងករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ។

លោក Al Hussein ក៏បានទទូច ថា មុននឹងការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ កម្ពុជាត្រូវធានាសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ បាយពេញលេញ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ រួមនិងសិទ្ធិសេរីភាពបង្កើតអង្គការសមាគម និងសេរីភាពសម្តែងមតិផងដែរ៕

 

Share

Image
Image
Image