en     km
en     km

កម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី ២

Share

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជននឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។

ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម ។

ពិធីផ្សព្វផ្សាយ CTM 2018 នេះដែរ លោក ថោង ខុន បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍ផ្សេងៗ ចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបានច្រើនកុះករ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិព័រណ៍ CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលក្នុងន័យនេះលោកបានស្នើឲ្យមន្ទីរទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ដ៏សំខាន់នេះ ដោយផ្ដោតលើផលិតផលទេសចរណ៍ថ្មីៗទាក់ទាញនានាក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវបានឃើញ សំដៅជំរុញកំណើនទេសចរណ៍កាន់តែច្រើនទៅទស្សនាខេត្តរបស់ខ្លួន៕

Share

Image
Image
Image