en     km
en     km

កម្ពុជាគាំទ្របច្ចេកទេសដ៏ទំនើបពីប្រទេសចិនផលិតថាមពលអគ្គិសនីចេញពីការដុតសំរាម

Share

ប្រទេសចិន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកទេសដ៏ទំនើបផលិតថាមពលអគ្គិសនីចេញពីការដុតសំរាម របស់ចិន និងបានសម្តែងការគាំទ្រចំពោះបច្ចេកវិទ្យាថ្មីនេះប្រសិន បើកើតមាននៅកម្ពុជា។

 

ជំហរ នេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចក្រុមហ៊ុន Zhongde Waste Technology (ZDWT) ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនីចេញពីការដុតសំរាមដ៏ទំនើបមួយនៅប្រទេសចិន កាលពីថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧ ត្រូវបានមើលឃើញលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ។

លោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា ការដុតសំរាមបំលែងទៅជាថាមពលអគ្គិសនី គឺជាបច្ចេកវិទ្យាមួយដ៏ល្អ អាចសម្អាតសំរាមធ្វើឱ្យបរិស្ថានស្អាតល្អ និងអាចផ្គត់ផ្គង់អគ្គិសនីបានថែមទៀតផង។

ក្នុងឱកាសនោះដែរ លោក Chen Zefeng ប្រធានក្រុមហ៊ុនបានរាយការណ៍អំពីប្រវត្តិ និងដំណើរការខ្លះៗរបស់ក្រុមហ៊ុន ដែលបានវិនិយោគលើការផលិតអគ្គិសនីចេញពីការដុតសំរាមនេះរយពេលជាង ២០ឆ្នាំមកហើយ។

លោកបន្ត បច្ចុប្បន្នក្រុមហ៊ុនបានពង្រីករោងចក្រផលិតអគ្គិសនីចេញពីការដុតសំរាម មានទាំងខ្នាតតូច និងធំ នៅតាមខេត្តជាច្រើននៅក្នុងប្រទេសចិន ព្រមទាំងមានដៃគូសហការជាមួយប្រទេសជាច្រើន ដូចជា ប្រទេសជប៉ុន ឥណ្ឌា អាមេរិក អាឡឺម៉ង់ ជាដើម។

លោក Chen Zefeng ប្រធានក្រុមហ៊ុន(ZDWT)  បានប្រាប់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាពីបំណងវិនិយោគគម្រោងផលិតថាមពលអគ្គិសនីចេញពីការដុតសំរាមនេះនៅប្រទេសកម្ពុជា ហើយក៏ស្នើសុំបើកមជ្ឈ មណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉េកាំង ដោយសន្យាផ្តល់នៅទីតាំងសំរាប់ការបង្កើតមជ្ឈមណ្ឌលនេះផងដែរ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្កិ បានសន្យាថា នឹងជួយសម្របសម្រួលជូនក្រុមហ៊ុន ដើម្បីទៅពិភា ក្សា និងសិក្សាគម្រោងនេះ ជាមួយក្រសួងបរិស្ថានកម្ពុជា។ ចំណែកការស្នើសុំការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉េកាំង លោករដ្ឋមន្ត្រីមានប្រសាសន៍ថា នឹងចាត់មន្ត្រីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មកធ្វើការសិក្សាសិនមុននឹងធ្វើការសម្រេចជូន។​

យោងតាមវិទ្យាស្ថានស្រាវជ្រាវកម្ពុជាបានឱ្យដឹងថា គ្រួសាររស់នៅក្នុងរាជធានីភ្នំពេញបានបញ្ចេញកាកសំណល់ប្រមាណ ៩០៦ តោនក្នុងមួយថ្ងៃៗ ហើយមានតែ ៦៣ %ប៉ុណ្ណោះត្រូវបានក្រុមហ៊ុនធ្វើការប្រមូល៕

 

Share

Image
Image
Image