en     km
en     km

កន្លែង​ម៉ាស្សា​នៅ​ភ្នំពេញ​កើនឡើង​ ជា​ផ្នែក​មួយ​ជួយ​ដល់​ស្ដ្រី​ខ្មែរ​ពី​ចំណាកស្រុក​?

Share

​ភ្នំពេញ៖ ស្ត្រី​មានមុខរ​បរជា​កសិករ​ ជា​កម្មករ​សំណង់​ ជា​អ្នក​រដ្ឋការ​ ជា​មន្ត្រីជាន់ខ្ពស់​ ជា​វិស្វករ​ ជា​គ្រូពេទ្យ​ ជា​គ្រូបង្រៀន​ ជា​កងទ័ព​ ក៏​មាន​ដែរ​ ក្នុង​សង្គម​យើង​ប​ច្ចុ​ប​ប្បន្ន​នេះ​ ។​ ប៉ុន្តែ​មុខរបរ​ម៉ាស្សា​ក៏​ជា​ផ្នែក​មួយ​នៃ​ពលកម្ម​របស់​មនុស្ស​ស្រី​ និង​ជន​ពិការ​ផង​ដែរ​ ។​

massa
បុគ្គលិកជន​ពិការ​ភ្នែកធ្វើការនៅកន្លែងម៉ាស្សា​

​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ អ្នកជំនួញ​មួយ​ចំនួន​ ចាប់អារម្មណ៍​និង​របរ​រកស៊ី​បើកហាង​ម៉ាស្សា​ ហើយ​បើ​តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​ជំនួញ​នេះ​ ក៏​រីកសាយ​ភាយ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។​

​តើ​ចំនួន​ហាង​ម៉ាស្សា​នៅ​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​នេះ​ ជួយ​អ្វីខ្លះ​ដល់​ស្ត្រី​ ដល់​ជន​ពិកា​និង​សង្គម​ហើយ​មាន​ផល​ប៉ះពាល់​ ដែរ​ឬទេ​?​
​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

 

​ស្រប​ពេល​ដែល​កន្លែង​ម៉ាស្សា​ឃើញ​និង​ភ្នែក​ថា​មានការ​កើនឡើង​ ម្ចាស់​ហាង​ម៉ាស្សា​មួយ​កន្លែង​ ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​២៧១​ នៃ​រាជធានី​ភ្នំពេញ​ គឺ​ម្ចាស់​ហាង​ដៃ​ចំណាន​ ។​ ម្ចាស់​ហាង​មួយ​នេះ​ បាន​ចាប់​យកមុខ​របរ​នេះ​តាំងពី​ឆ្នាំ​២០០៨​ ។​ ប៉ុន្តែ​ម្ចាស់​ហាង​នេះ​ គឺជា​មនុស្ស​ប្រុស​ដែល​ម្ចាស់​ហាង​មុន​គឺ​ម្ដាយ​របស់​លោក​ ។​ លោក​មានឈ្មោះ​ ជី​ វ៉ា​ ។​

​លោក​ ជី​ វ៉ា​៖​ «​ ពូ​សាង​ ពី​យាយ​ ពី​មុន​យាយ​អ្នក​បើក​ យាយ​គាត់​ធ្វើការ​ក្រសួង​កិច្ចការ​នារី​ គាត់​យល់​ថា​ ស្ដ្រី​ស្រុក​ខ្មែរ​យើង​ចំណាកស្រុក​ ទៅ​រក​ការងារ​ក្រៅប្រទេស​ប្រឈម​មុខ​និង​បញ្ហា​ច្រើន​ …»​ ។​

​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ​ ដែល​ម្ចាស់​ហាង​រូប​នេះ​ ចាប់​យក​របរ​នេះ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​ម្ដាយ​ ដែល​មាន​គោលដៅ​ជួយ​សង្គ្រោះ​ជីវិត​ស្ដ្រី​ខ្មែរ​ អោយ​រួច​ផុត​ពី​ភាព​អត់​ការងារ​ ធ្វើ​ និង​ចំណាកស្រុក​ ។​

​ដោយ​មាន​ទឹកមុខ​ រាក់ទាក់​ ញញឹម​ស្រស់​គឺ​ កញ្ញា​ សុខា​ ។​ កញ្ញា​ សុខា​ បាន​ប្រាប់​ថា​កញ្ញា​មក​ពី​ខេត្តតាកែវ​ និង​បាន​មក​ធ្វើការ​នៅ​ទី​នេះ​ជិត​៦​ឆ្នាំ​ហើយ​ ។ កញ្ញា​ សុខា​ ៖​ «​បងស្រី​យក​មក​ដាក់​នៅ​ នៅ​នឹង​តែ​ម្ដង​ទៅ​ និយាយ​រួម​ទៅ​ម៉ែ​ដាក់​ណា​នៅ​ហ្នឹង​រហូត​…»​ ។​

​បុគ្គលិក​ម៉ាស្សា​ កញ្ញា​ សុខា​ បាន​ប្រាប់​ទៀត​ថា​ព្រោះតែ​ការងារ​ម៉ាស្សា​ ទើប​ធ្វើ​ឲ្យ​កញ្ញា​ និង​គ្រួសារ​រួច​ផុត​ពី​បំណុល​របស់​គេ​និង​មិន​ធ្វើ​ចំណាកស្រុក​ ។​

​កញ្ញា​ សុខា​ ៖​ «​ជីវភាព​ធូរ​ជាង​មុន​ច្រើន​ ពី​មុន​យើង​ជំពាក់​(​លុយ​)​គេ​ច្រើន​ តែ​ឥលូវ​យើង​លែង​ជំពាក់​គេ​ហើយ​ ព្រោះ​សង​ហើយ​អស់​ តាំងពី​ធ្វើការ​ហ្នឹង​មក​រាង​គ្រាន់បើ​ជាង​មុន​»​ ។​

​នៅ​ជាប់​ហាង​ម៉ាស្សា​ដៃ​ចំណាន​ ក៏​មាន​ហាង​ម៉ាស្សា​មួយទៀត​ដែរ​ ។​ បុគ្គលិក​នៅ​ក្នុង​ហាង​ នេះ​ គឺ​ កញ្ញា​ ស្រី​ និ​ច​ មាន​វ័យ​ជាង​២០​ឆ្នាំ​ ។​ នាង​ បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ធ្វើការ​នៅ​ទី​នេះ​ ៖​ «​នៅផ្ទះ​ធ្វើស្រែ​ មាន​បងប្អូន​៤​នាក់​ ជា​អ្នក​ខេត្តកំពត​…»​ ។​

​កញ្ញា​វ័យ​២២​ឆ្នាំ​រូប​នេះ​បន្ដ​ទៀត​ថា​ មាន​មនុស្ស​មួយ​ចំនួន​ មិនសូវ​ឱ្យ​តម្លៃ​ទៅ​លើ​ការងារ​ជា​អ្នក​ម៉ាស្សា​នេះ​ ព្រោះ​គិត​ខុស​ថាអោយ​តែ​ការងារ​ជា​ស្រី​ម៉ាស្សា​សុទ្ធតែ​មិនល្អ​ ។​ ប៉ុន្ដែ​ កញ្ញា​អះអាង​ថា​ ការងារ​មួយ​នេះ​គឺ​ មិនអាក្រក់​ទាំងអស់​ដូច​ដែរ​គេ​និយាយ​នោះ​ទេ​ ៖​ «​និយាយ​ទៅ​ដល់​ពេល​គេ​ចូល​មក​គេ​ដឹង​ថា​កន្លែង​យើង​ត្រឹមត្រូវ​ទៅ​ គេ​អត់​ហ៊ាន​មើលងាយ​ទេ​…»​ ។​

​ចំណែក​ម្ចាស់​ហាង​ដៃ​ចំណាន​គឺ​ លោក​ ជីវ៉ា​ និយាយ​ថា​ជា​ទូទៅ​ បុគ្គលិក​របស់​លោក​ក្នុង​ម្នាក់ៗ​ ពួក​គេ​អាច​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​១០០​ដុល្លារ​ ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ ៖ ​«​បើ​យើង​និយាយ​ទៅ​ យើង​សម្រាប់​អ្នក​រកស៊ី​យើង​ដឹងខ្លួន​យើង​ យើង​អាច​ថា​គ្នា​មក​ពី​ខេត្ត​ធ្វើការ​រោងចក្រ​ ប្រាក់ខែ​១៥០,​ ១៦០​ តែ​មក​នៅផ្ទះ​ជួល​ តែ​នេះ​យើង​ផាត់​បាយ​ផាត់​ទឹក​ ផាត់​ការ​ស្នាក់​នៅ​ហើយ​អស់​ប្រាក់ខែ​១០០​ទៅ​២០០​ដុល្លារ​ដូច​គ្នា​…»​ ។​

​ពេល​បាន​ស្ដាប់​និង​ឃើញ​ផ្ទាល់​ភ្នែក​ចំពោះ​ ហាង​ម៉ាស្សា​មួយ​នេះ​ គឺ​ទាំងនេះ​ពិតជា​ប្រសើរ​ពិតមែន​ សម្រាប់​អ្វី​ដែល​ម្ចាស់​ហាង​មួយ​នេះ​បាន​អនុវត្ត​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ ។​

​លោក​ ជីវ៉ា​ អះអាង​ថា​មិន​លាក់​លួច​ប្រកប​របរ​ទុច្ចរិត​ រកស៊ី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​នោះ​ទេ​ ។​ លោក​បញ្ជាក់​ថា​ ការងារ​ជា​អ្នក​ម៉ាស្សា​ក៏​មាន​ភាព​ថ្លៃថ្នូរ​ និង​ជា​ការងារ​មួយ​ដែល​រួច​ផុត​ពី​ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋ​បាន​ផង​ដែរ​ ។​

​ធ្វើ​ដំណើរ​ចេញពី​ហាង​ម៉ាស្សា​ដៃ​ចំណាន​ រួច​បន្ដដំណើរ​ទៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​ទៀត​ នៅ​ ក្បែរ​ប៉ុស្ដិ៍​ប្រៃសនីយ៍​ គឺ​ឃើញ​មាន​ ហាង​ម៉ាស្សា​មួយ​ ដែល​មានឈ្មោះ​ថា​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ ។​ ហាង​ម៉ាស្សា​ដៃ​ទេព​ គឺជា​កន្លែង​ផ្ដល់​មុខរបរ​មួយ​ សម្រាប់​ជន​ពិការ​ ។​

​អង្គុយ​ចាំ​នៅ​កន្លែង​ទទួលភ្ញៀវ​មួយ​ភ្លែត​ គឺ​កន្លែង​ម៉ាស្សា​មួយ​នេះ​ ឃើញ​ថា​ មាន​ភ្ញៀវ​ចេញចូល​ច្រើន​គួរសម​ ។​ អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ ភ្ញៀវ​ដែល​ចូល​មក​ទី​នេះ​ ភាគច្រើន​គឺ​ សុទ្ធតែ​ធ្លាប់​មក​ម្ដង​ឬ​ជា​ពីរ​ដង​រួច​មក​ហើយ​ ។​ ជាង​នេះ​ មជ្ឈមណ្ឌល​ម៉ាស្សា​មួយ​នេះ​ទៀត​សោត​ ឃើញ​មាន​បរិយាកាស​ និង​ការ​តុបតែង​ គួរ​អោយ​ចាប់អារម្មណ៍​គ្រាន់បើ​ ហើយ​មើលទៅ​មាន​អារម្មណ៍​ថា​ស្រឡះភ្នែក​ ។​
 
​អង្គុយ​ចាំ​មួយស្របក់​ បានឃើញ​និង​វត្តមាន​ស្ដ្រី​រាង​ស​ស្ដើង​ ភ្នែក​ងងឹត​មួយ​រូប​ កំពុង​ធ្វើ​ដំណើរ​ចុះ​ពីលើ​ជណ្ដើរ​ មក​ខាងក្រោម​ឆ្ពោះ​មក​កាន់​កន្លែង​អង្គុយ​រង់ចាំ​ ។​ នោះ​គឺ​ អ្នកស្រី​ បឿន​ ប្រាក់​ បុគ្គលិក​ម៉ាស្សា​នៅ​ទី​នេះ​ ។​

​អ្នកស្រី​ បឿន​ ប្រាក់​ ៖​ «​ខ្ញុំ​ បុគ្គលិក​នៅ​កន្លែង​ហ្នឹង​ ខ្ញុំ​ឈ្មោះ​បឿន​ ប្រាក់​ …​ខ្ញុំ​ទើប​មក​ធ្វើការ​នៅ​ទី​នេះ​បាន​មួយ​ខែ​ជាង​ដែរ​ហ្នឹង​…»​ ។​
​ស្ដ្រី​អាយុ​៣៥​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អ្នកស្រី​ធ្វើការ​ហើយ​ស្នាក់​នៅ​ទី​នេះ​ ជាមួយ​ស្វាមី​ ។​

​អ្នកស្រី​បន្ដ​ទៀត​ថា​ តាំងពី​គាត់​បាន​ធ្វើការ​នៅ​ទី​នេះ​ គឺ​កន្លែង​នេះ​ បាន​ផ្ដល់​ភាព​កក់ក្ដៅ​ និង​មិន​បង្ខិតបង្ខំ​អោយ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង​ដូច​កន្លែង​ ការងារ​ចាស់​ពី​មុន​នោះ​ទេ​ ។​

​អ្នកស្រី​ ថា​ នៅ​ទី​នេះ​ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​និង​បុគ្គលិក​ អាច​រកបាន​ចន្លោះ​ពី​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ ហើយ​អាច​សល់​ប្រាក់​ដើ​ម្ប​ផ្ញើ​ឲ្យ​កូនប្រុស​របស់​គាត់​ ។​

​អ្នកស្រី​ បឿន​ប្រាក់​ ៖«​ធ្វើការ​ពី​ម៉ោង​៧​ព្រឹក​ ដល់​ម៉ោង​១០​យប់​  …​ គិត​ជា​ម៉ោង​ក្នុង​មួយ​ម៉ោង​២​ដុល្លារ​ (​ទៅ​តាម​ចំនួន​ភ្ញៀវ​)​ »​ ។​ ​អ្នកស្រី​ បឿន​ ប្រាក់​ ដែល​មានស្រុក​កំណើត​នៅ​ខេត្តកណ្ដាល​រូប​នេះ​ក៏​បាន​បន្ត​ថា​ ទោះជា​លំបាក​ប៉ុណ្ណា​ និង​មាន​ភាព​ហត់នឿយ​ប៉ុណ្ណា​  គឺ​អ្នកស្រី​មិន​អាច​បោះបង់​ការងារ​មួយ​នេះ​ចោល​ដែរ​ ព្រោះ​ការងារ​មួយ​នេះ​ អាច​ធ្វើ​អោយ​ជីវិត​កូនប្រុស​របស់​អ្នកស្រី​អាច​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ​បាន​ ។​

​អ្នកស្រី​ បឿន​ ប្រាក់​ ៖«​ខ្ញុំ​ រាល់ថ្ងៃ​ខ្ញុំ​និយាយ​មែន​ ខ្ញុំ​អត់​គិត​អី​ទេ​ ខ្ញុំ​គិតតែ​ថា​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​បាន​លុយ​ បាន​កាក់​ចិញ្ចឹម​កូន​ខ្ញុំ​ ដូច​ថា​ ធម្មតា​ម៉ែ​ឱ​ងងឹត​ ចេះ​តែ​តស៊ូ​ អោយ​តែ​បាន​រក​លុយ​មក​ដើម្បី​ចិញ្ចឹម​កូន​ ដើម្បី​ដូច​ថា​ ថ្ងៃក្រោយ​ទៅ​អនាគត​គេ​វែង​ឆ្ងាយ​ ចង់បាន​អោយ​គេ​រៀន​បាន​ខ្ពង់ខ្ពស់​ ការងារ​ហ្នឹង​ខ្ញុំ​សង្ឃឹមថា​អាច​អោយ​វា​បាន​រៀន​ខ្ពង់ខ្ពស់​ ខ្ញុំ​អត់​ចង់បាន​អី​ក្រៅពី​ហ្នឹង​ទេ​ ខ្ញុំ​ចង់អោយ​តែ​វា​បាន​អនាគត​ដូច​កូន​គេ​អ្នក​ភ្លឺៗ​ …»​ ។​

​ចំណែក​លោក​ ភួង​ វី​សាក់​ អ្នកគ្រប់គ្រង​ក្នុង​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​តាម​រយៈ​ទូរស័ព្ទ​ ថា​ម​ជ្ឈ​ម​មណ្ឌល​ម៉ាស្សា​ដៃ​ទេព​ គឺជា​កន្លែង​ម៉ាស្សា​បែប​ជប៉ុន​ ព្យាបាល​ជំងឺ​ បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​ និង​ភាព​ចុក​រោយ​នៅ​ក្នុង​រាង​កាយ​ ។​

​លោក​ ភួង​ វី​សាក់​ ៖«​កន្លែង​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​ហ្នឹង​ គឺ​សំដៅ​ទៅ​លើ​កន្លែង​ដែល​ប្រាកដប្រជា​នូវ​បច្ចេកទេស​ម៉ាស្សា​  តាម​បែប​ជប៉ុន​ Anma​ និង​ Shiatsu​ …»​ ។​

​លោក​បន្ដ​ប្រាប់​ទៀត​ថា​ មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​មួយ​នេះ​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៥​ ដោយ​ស្ថាបនិក​ជនជាតិ​អា​មេ​រិ​កមួយ​រូប​ ។​ មជ្ឈមណ្ឌល​មួយ​នេះ​ មាន​ទិស​ដៅ​ ជួយ​ដល់​អ្នក​ពិការ​ភ្នែក​ដែល​មាន​បំណង​ធ្វើការ​នៅ​ទី​នេះ​ ។​

​លោក​ ភួង​ វី​សាក់​ ៖«​ទិស​ដៅ​ដូច​ខ្ញុំ​ជម្រាប​ពី​ដំបូង​មក​ចឹ​ង​ គឺ​គាត់​មើលឃើញ​ អំពី​ភាព​លំបាក​របស់​ជន​ពិការ​ភ្នែក​នៅ​ប្រទេស​កម្ពុជា​ បានជា​លោក​ឱ​ពុក​ John​ បង្កើត​វា​ឡើង​មក​ គឺ​ទិស​ដៅ​សំខាន់​ អោយ​អ្នក​ពិការ​ភ្នែក​ហ្នឹង​ មាន​សមត្ថភាព​រស់នៅ​ក្នុង​សង្គម​ដូច​ជា​គេ​ដែរ​ ដោយ​មិន​ចង់អោយ​អ្នក​ពិការ​ភ្នែក​ទៅ​ធ្វើ​អ្វី​ដែរ​ប៉ះពាល់​ដល់​សង្គម​ នេះ​ជា​ទិស​ដៅ​របស់​គាត់​»​ ។​

​អ្នកគ្រប់គ្រង​ និង​ ជា​គ្រូបង្វឹក​ម្នាក់​ផង​ដែរ​នោះ​លោក​ ភួង​ វី​សាក់​ បាន​និយាយ​ថា​ បុគ្គលិក​ម៉ាស្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​ដៃ​ទេព​ មាន​២៤​នាក់​ក្នុង​នោះ​មាន​ស្រី​១១​នាក់​ និង​ប្រុស​១៣​នាក់​ ហើយ​មក​ទល់​និង​ពេល​នេះ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​គឺ​ មាន​៦​នាក់​ ដែល​បាន​ធ្វើ​ជា​គ្រូ​ម៉ាស្សា​ តាម​កន្លែង​ផ្សេងៗ​ ។​ លោក​បន្ដ​ថា​ មក​ទល់​និង​ពេល​នេះ​ បុគ្គលិក​ម៉ាស្សា​រួម​ទាំង​គ្រូ​ម៉ាស្សា​ គឺ​ មាន​ជីវភាព​គ្រាន់បើ​ជាង​មុន​ ។​

​ចំណែក​ ប៉ែន​ សុខសាន្ត​ ជា​អ្នកគ្រប់គ្រង​ នៃ​ហាង​ម៉ាស្សា​ចំប៉ី​ស្ប៉ា​ មាន​ប្រសាសន៍​ជាមួយ​ វិទ្យុ​ស្ត្រី​ថា​ ហាង​ម៉ាស្សា​ចំប៉ី​ស្ប៉ា​ របស់​លោក​ មាន​ សាខា​ ៨​កន្លែង​នៅ​ភ្នំពេញ​ ។​ លោក​ថា​ហាង​នីមួយៗ​ មាន​បុគ្គលិក​៣០​នាក់​ ក្នុង​បុគ្គលិក​ស្រី​មាន​ ជាង​ពាក់កណ្ដាល​ ហើយ​បុគ្គលិក​ម្នាក់ៗ​មាន​ប្រាក់​ចំណូល​៣០០​ដុល្លារ​ ទៅ​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​ ។​ លោក​បន្ត​ថា​ ហាង​ម៉ាស្សា​បែប​បុរាណ​មួយ​នេះ​ មាន​គោលបំណង​ ជួយ​សុខភាព​សម្រស់​ និង​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​ ។ «​ធម្មតា​នៅ​ក្នុង​សុខភាព​ ន័យ​សុខភាព​ ដើម្បី​ធ្វើ​អោយ​សុខភាព​ល្អ​ ទាល់តែ​សុខភាព​ផ្លូវ​កាយ​ ផ្លូវចិត្ត​របស់​យើង​ហ្នឹង​ល្អ​ទាំង​ពីរ​ ព្រោះ​ជួនកាល​ ពេល​យើង​ឈឺ​ជំងឺ​ផ្លូវ​កាយ​ វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ ហើយ​ឈឺ​ជំងឺផ្លូវចិត្ត​ វា​អាច​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​កាយ​ដែរ​…»​ ។​

​ជុំវិញ​រឿង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​  លោក​ សន​ ជ័យ​ បាន​លើក​ឡើង​ថា​ កន្លែង​ម៉ាស្សា​ មានការ​កើនឡើង​ គឺ​វា​មាន​ផ្ដល់​ទាំង​ភាព​អវិជ្ជមាន​ និង​វិជ្ជមាន​ដល់​សង្គម​ ។​ លោក​ថា​ មួយ​ផ្នែក​វា​បាន​ជួយ​ទៅ​ដល់​ពលរដ្ឋ​ដែល​អត់​ការងារ​ធ្វើ​ និង​ពលរដ្ឋ​ដែល​ចង់​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅប្រទេស​ ។​ ប៉ុន្ដែ​ក្នុង​នោះ​ វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​ មួយ​ផ្នែក​ទៅ​ដល់​សង្គម​ជាតិ​ផង​ដែរ​ នៅ​ពេល​ដែល​កន្លែង​ម៉ាស្សា​តូច​ធំ​ទាំងនោះ​ រកស៊ី​ដោយ​ខុសច្បាប់​ និង​មាន​បង្កប់​សេវា​ផ្លូវភេទ​នោះ​ ។​

​លោក​ សន​ ជ័យ​ ៖«​នៅ​កម្ពុជា​សព្វថ្ងៃ​ យើង​សង្កេត​ឃើញ​មាន​ហាង​ម៉ាស្សា​ហ្នឹង​ វា​មាន​ពីរ​បី​ប្រភេទ​ ម៉ាស្សា​ខ្លះ​ ជា​ប្រភេទ​ម៉ាស្សា​បែប​បុរាណ​ ដែល​មាន​ប្រតិបត្តិការ​ ឬ​ក៏​អនុវត្ត​ដោយ​ក្រុម​ជន​ពិការ​ ដែល​គេ​ហៅ​ថា​ ដូច​ជា​ម៉ាស្សា​ដៃ​ទេព​ ជាដើម​នោះ​ម៉ាស្សា​មួយទៀត​ គឺ​កន្លែង​ដែល​មាន​ស្រី​ស្អាតៗ​ គេ​ទៅ​បម្រើ​ការងារ​នៅ​ទីនោះ​ ហើយ​មួយទៀត​សេវា​ម៉ាស្សា​ផង​ កោះ​ជប់​ផង​ ហើយ​រូបភាព​ហ្នឹង​ ងាយ​និង​មាន​បញ្ហា​ការ​រកស៊ី​ផ្លូវភេទ​ជាដើម​អី​ណឹ​ង​ដែរ​ ។​ ចឹ​ង​ សម្រាប់​ពាក្យ​ថា​ ម៉ាស្សា​នេះ​ យើង​ចង់អោយ​មាន​និយម​ន័យ​ជា​ស្ដង់ដារ​មួយ​…»​ ។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោកស្រី​ សិង​ សុ​ផា​រី​  បាន​ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​ស្ដ្រី​ថា​ មក​ទល់​និង​ពេល​នេះ​ ខាង​ក្រសួងពាណិជ្ជកម្ម​មិន​ទាន់​រក​ឃើញ​ពី​ចំនួន​ហាង​ម៉ាស្សា​ថា​ មាន​ចំនួន​កើន​ប៉ុន្មាន​បាន​នៅឡើយ​ទេ​ ។​

​លោកស្រី​ថា​ សព្វថ្ងៃ​កម្ពុជា​ មិន​ទាន់​មានការ​គ្រប់គ្រង​លើ​ផ្នែក​មួយ​នេះ​ទេ​ ដោយ​ភាគច្រើន​ផ្ដោត​តែ​ទៅ​លើ​ការ​ជួញដូរ​ទំនិញ​ធម្មតា​ ចំណែក​រឿង​សេវា​ នៅ​មិន​ទាន់​បាន​គ្រប់គ្រង​ជាក់លាក់​ឡើយ​ ។​

​លោកស្រី​ សិង​ សុ​ផា​រី​  ៖«​បើ​មែន​ទេ​យើង​អត់​ទាន់​ដឹង​ថា​ ឧបមា​ថា​ នៅ​ភ្នំពេញ​ឧទាហរណ៍​ថា​ មាន​១០​ចុះ​ ១០​ហ្នឹង​ យើង​មិន​ទាន់​ដឹង​ថា​ គាត់​ចុះបញ្ជី​ពា​និ​ជ្ជ​កម្ម​ ជា​អាជីវកម្ម​ផ្លូវការ​ ហើយ​នៅ​អត់​ទេ​ ។​ នេះ​ជា​ចំនុច​ខ្វះខាត​របស់​យើង​››​ ។​ ​អ្នកស្រី​ សិង​ សុ​ផា​រី​  បញ្ជាក់​ថា​ជា​ទូទៅ​ ម្ចាស់​អាជីវកម្ម​ហាង​ម៉ា​ស្សានិ​មួយៗ​នៅ​កម្ពុជា​ គឺ​ភាគច្រើន​ម្ចាស់​អាជីវកម្ម​ម៉ាស្សា​ខ្នាត​តូច​ មិន​បាន​មក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ ទើប​ធ្វើ​ឱ្យ​ក្រសួង​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ស្ថិតិ​ ។​

​អ្នកស្រី​ សិង​ សុ​ផា​រី​ ៖«​យើង​អាការ​ចុះបញ្ជី​នេះ​ ទាល់តែ​អ្នក​ម្ចាស់​អាជីវកម្ម​នេះ​ គាត់​មក​ចុះ​ខ្លួនឯង​ ប៉ុន្ដែ​សម្រាប់​អ្នក​ នៅ​ខ្នាច​តូចៗ​អី​ គាត់​អត់​បាន​ចុះបញ្ជី​ទេ​ ។​ តាម​ជាក់ស្ដែង​គឺ​ គាត់​បើក​អាជីវកម្ម​គាត់​ ហើយ​ក្នុង​កម្រិត​តូច​មួយ​នេះ​ គាត់​អត់​ខ្វល់​ពី​ការ​ចុះបញ្ជី​នៅ​ក្រសួង​ទេ​ ហើយ​គាត់​សុំ​ត្រឹម​ការ​អនុញ្ញាត​ ត្រឹម​ខណ្ឌ​ ឬ​ក៏​ត្រឹម​ក្រុង​ តាម​ភាព​ជាក់ស្ដែង​សម្រាប់​អ្នក​ដែល​គាត់​មាន​អាជីវកម្ម​ មិន​ថា​តែ​ម៉ាស្សា​ មិន​ថា​តែ​អ្នករក​របរ​ផ្សេងៗ​ទេ​ ភាគច្រើន​គាត់​មក​ចឹ​ង​ ព្រោះ​គាត់​មិន​ចង់​ចំណាយ​ច្រើន​»​ ៕

Share

Image
Image
Image