en     km
en     km

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ហៅការកោះហៅកញ្ញាជាការរំខានទាំងផ្លូវកាយ និងផ្លូវចិត្ត

Share

 

ភ្នំពេញ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អំពាវនាវឱ្យសាលាដំបូងខេត្តបាត់ដំបង បញ្ឈប់ការកោះហៅកញ្ញា និងសកម្មជនដទៃទៀត ព្រោះថាការកោះហៅនេះ ជាការរំខានទាំងផ្លូវកាយ និងផ្លូវចិត្ត ។ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តបាត់ដំបង មានប្រសាសន៍ថា ការកោះហៅនេះជាការគម្រាមកំហែង និងមានចរិតនយោបាយ ។ ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ចំណាត់ការរបស់តុលាការធ្វើឡើងតាមផ្លូវច្បាប់ ហើយការសន្និដ្ឋានថាជារឿងនយោបាយ គឺហួសពីការពិត និងមិនអាចទទួលយកបាន។

រាយការណ៍ដោយ លោក សោម លាភ

នៅព្រឹកថ្ងៃទី ៩ ឧសភានេះ សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិចំនួន ៤រូប ក្នុងនោះមានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ខេត្តបាត់ដំបូង បានមកចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លើកឡើងតាមរយៈវីដេអូឃ្លីមួយលើទំព័រហ្វេសប៊ុកប្រមាណ ១៨ នាទីថា មន្ត្រីតុលាការបានសួរកញ្ញាចំនួនពីរសំណួរ។  

សំណួរទីមួយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានសួរអំពីការប្រមូលជួបជុំគ្នាទាក់ទិននឹងការប្រកាសគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ។ កញ្ញាឆ្លើយតបថា ការជួបជុំនេះ ត្រឹមតែជាការចូលបរិភោគនំបញ្ចុក ដែលហាងកញ្ញាទទួលមនុស្សគ្រប់និន្នាការទាំងអស់រួមទាំងសាធារណជន ។

ចំណែកសំនួរទី២ ព្រះរាជអាជ្ញារងបានសួរ ថាតើកញ្ញាបានញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើសប្រឆាំងនឹងសាលដីកាដែរឬទេ? ចំពោះសំនួរនេះកញ្ញា រ៉ូហ្សេត បានបញ្ជាក់ដោយបដិសេធចំពោះការចោទប្រកាន់នេះ។

ក្នុងឃ្លីបវិដេអូនោះ កញ្ញាបញ្ជាក់ថា មិនមានច្បាប់ណាដាក់ទោសមនុស្សដោយគ្រាន់តែបង្ហាញមនោសញ្ចេតនានឹករលឹកអតីតប្រធាន និងប្រធានគណបក្សដែលត្រូវបានតុលាការកំពូលរំលាយ ដែលកញ្ញាចាត់ទុកថា ជាឳពុកម្ដាយនោះទេ។

អតីតចៅសង្កាត់អូរចារខេត្តបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយបន្ថែមទៀតថា ព្រះរាជអាជ្ញារងចោទសួរកញ្ញាថា តើកញ្ញាបានរៀបចំគម្រោងផែនការណាខ្លះ ឱ្យប្រព្រឹត្តបទល្មើសប្រឆាំងនឹងសាលដីការតុលាការ។ កញ្ញាក៏នៅតែបដិសេធន៍ទៀតថា កញ្ញាមិនបានរៀបនោះទេ។

យ៉ាងណាកញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត សំណូមពរឱ្យតុលាការទម្លាក់ការចោទបញ្ឈប់ការកោះហៅមកលើខ្លួនកញ្ញា និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិបន្តទៀត ព្រោះកញ្ញាថា ជាការរំខានទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចជាការរំខានដល់ការរកស៊ីរបស់កញ្ញាផងដែរ។

អតីតចៅសង្កាត់អូចាររូបនេះ បញ្ជាក់ទៀតថា ចាត់តាំងពីមានការកោះហៅកញ្ញាពាក់ព័ន្ធនឹងករណីនេះ ធ្វើឱ្យមានការពិបាក ក្នុងការប្រកបរបរចិញ្ចឹមជីវិត ពោលគឺមិនសូវមានអ្នកចូលមកបរិភោគនំបញ្ចុកកញ្ញាដូចមុននោះទេ។

ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្ដីកញ្ញា រ៉ូហ្សេត ថា កញ្ញា និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងមិនធ្វើនយោបាយ មិនចូលបក្សណាផ្សេងទេ ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិ។ តែកញ្ញាបង្ហាញការជឿជាក់យ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិ នឹងរស់ឡើងវិញនៅថ្ងៃណាមួយ ។

កញ្ញាអះអាងថា ខ្លួននៅតែបន្តរិះគន់រាជរដ្ឋាភិបាល ប្រសិនបើមន្ត្រីទាំងនោះ អសកម្មក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មិនទាន់ធ្វើការចោទប្រកាន់ចំពោះ អតីតសកម្មជនបក្ស CNRP ចំនួន៥នាក់ ដែលចូលបំភ្លឺនៅតំណាងអយ្យការ កាលពីថ្ងៃទី០៨ ឧសភាម្សិលមិញនៅឡើយនោះទេ ។ ហើយការចូលខ្លួនតាមការកោះហៅសម្រាប់ថ្ងៃនេះ ក៏មិនទាន់មានលទ្ធផលដែរ ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី ​ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ៩ ឧសភានេះថា ការកោះហៅអតីតសមាជិកគណបក្សសង្គ្រោះជាតិថ្នាក់មូលដ្ឋានប្រចាំខេត្តបាត់ដំបងឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីរំលោភដីកាតុលាការនេះ គឺមិនសាកសមទេ ។  លោកបន្តថា ករណីនេះមានចរិតនយោបាយជាជាងផ្លូវច្បាប់។

មន្ត្រីអាដហុករូបនេះបន្តទៀតថា ការកោះហៅនេះជាការគម្រាមកំហែង កុំឱ្យមានការជួបជុំ ពិភាក្សាគ្នាក្នុងនាមជាអតីតគណបក្សសង្គ្រោះជាតិ និងក្នុងរូបភាពជាការពង្រឹងរចនាសម្ព័ន្ធរបស់គណបក្សនេះ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ ។

លោកបន្ថែមថា ការធ្វើនេះ ក៏ជាការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ រួមទាំងសេរីភាពនៃការជួបជុំផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌បា្រប់ថា ការកោះហៅនេះ ជាសមត្ថកិច្ចរបស់ស្ថាប័នអយ្យការដែលមានកំណត់ក្នុងច្បាប់ ។

លោក គឹម សន្តិភាព បញ្ជាក់ថា ការសន្និដ្ឋានករណីនេះថាជាករណីនយោបាយ គឺជាការសន្និដ្ឋានហួសពីការពិត ដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យរូបនេះបន្ថែមថា ការកោះហៅជនណាម្នាក់ ដោយសារមានការសង្ស័យលើករណីណាមួយ ហើយការកោះហៅនេះ ធ្វើឡើងទៅលើមនសុស្សទាំងអស់ឱ្យតែមានជាប់សង្ស័យ។ លោកបន្ថែមថា បុគ្គលណាដែលមានការភ័យខ្លាចចំពោះដីកាកោះហៅនេះ ជាអ្នកដែលមានខ្លួនពាក់ព័ន្ធ។ យ៉ាងណាលោកលើកទឹកចិត្តឱ្យជនសង្ស័យហ៊ានចូលខ្លួនទៅបំភ្លឺក្នុងតុលាការ នោះបើយល់ថាខ្លួនពិតជាបុគ្គលស្អាតស្អំ ព្រោះក្នុងតុលាការ ជនសង្ស័យមានសិទ្ធិបង្ហាញភស្ដុតាង និងប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមានចែងនៅក្នុងច្បាប់។

សូមបញ្ជាក់ថា តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​កោះហៅ​មេឃុំ​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ស្រុក ក្រុង និង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបងនៃអតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៦​នាក់​ហើយ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ សាកសួរពួកគេពាក់ព័ន្ធការ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិកាលពី​ថ្ងៃទី១៦ វិច្ឆិកា​ឆ្នាំ២០១៧ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image