កាសែតប្រទេសភូមា បោះពុម្ភជាភាសាអង់គ្លេស ឈ្មោះថា Myanmar Times បានធ្វើអធិប្បាយមួយ និយាយអំពីស្ថានភាព សិទ្ធិមនុស្ស នៅប្រទេសកម្ពុជា ដោយដាក់ចំណងថា«កម្ពុជាជារដ្ឋធានីនៃឃាតកម្ម នៃអាស៊ី។ កាសែតបរទេសនេះ បានរៀបរាប់យ៉ាងវែងតាំងពីឃាតកម្ម លើតារាភាពយន្ត អ្នកស្រី ពិសិដ្ឋ ពីលិកា វាយប្រហារដោយគ្រាប់បែក នៅថ្ងៃទី៣០មីនា១៩៩៧ និង ចុងក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។
អ្នកវិភាគ យល់ស្របនឹងការយល់ឃើញរបស់ កាសែតបរទេសមួយនេះ។ តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច ទទូចឱ្យកាសែតប្រទេសភូមាមួយនេះ ពិនិត្យមើលប្រទេសខ្លួនឯងវិញ ជាជាងនិយាយអាក្រក់តែប្រទេសគេ។ កញ្ញា ច្រឹង ស្រីអូន រាយការណ៍៖
កាសែតបរទេសនេះបាន ដាក់រូបភាព នៃហ្វូងមនុស្ស ជាច្រើនពាន់នាក់ចោមរោមមើលសពលោកបណ្ឌិត កែម ឡី ដែលស្ថិតក្នុងរថយន្តរបស់លោក នៅស្តុបបូគោ នៅរាជធានីភ្នំពេញ កាល ពីថ្ងៃទី១០កក្កដា។ រថយន្តនេះ ដឹកសពលោក កែម ឡី មកតំកល់នៅវត្តពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វារាជធានីភ្នំពេញ។
ចំណែកនៅ ផ្ទៃក្នុងរឿងនៃអត្ថបទរបស់កាសែតនេះ បានចាប់ផ្ដើម រៀបរាប់ថារយៈពេល២ទសវត្សដែលប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះអាសោច ដ៏ខ្លាំងនៅលើពិពភលោក នៃករណីឃាតកម្ម លើបុគ្គលលិចធ្លោ។
Myanmar Times បានបន្តថា ឃាតកម្មជាច្រើន បានកើតនៅកណ្ដាលរាជធានីភ្នំពេញ គឺភាគច្រើនកើតឡើង ទាំងកណ្ដាលថ្ងៃ ដូចជាករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគ បញ្ហាសង្គម ការវាយប្រហារដោយគ្រាប់បែក លើបាតុករ ដឹកនាំដោយបក្សប្រឆាំង នៅឆ្នាំ ១៩៩៧ អ្នកស្រី ពិសិដ្ឋ ពីលិកា ឆ្នាំ១៩៩៩ លោក ជា វិជ្ជា នៅឆ្នាំ ២០០៤ លោក ឈុត វុទ្ធី ឆ្នាំ ២០១២។
Myanmar Times ក៏បានប្រៀបធៀបការដឹកនាំ របស់សម្ដេច ហ៊ុន សែន ទៅនឹងមេដឹកនាំ ផ្ដាច់ការ នៃប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៌ ដូចជាអតីតឧត្តមសេនីយ៍ សូហារ តូប្រទេសឥណ្ឌូនេសីុ ឧត្តមសេនីយ៍ថាន់ ស្វេប្រទេសភូមា និងអតីតមេដឹកនាំប្រទេសហ្វីលីពីន ហ្វឺឌីណង់ ម៉ាកូស។
ប៉ុន្តែ Myanmar Times រៀបរាប់ថា បើនិយាយពីភាពទំនើបរថយន្ត គេហដ្ឋាន និងគ្រឿងបរិក្ខា ផ្សេងៗ គឺកម្ពុជាមានភាពសំបូរបែប។ ទោះជាយ៉ាងណា កាសែតថា សម្ដេច ហ៊ុន សែន តែងតែបដិសេធការមើលឃើញ កម្ពុជាផ្លូវអាក្រក់។
តើអ្នកវិភាគយល់ឃើញដូចម្ដេច ដែរចំពោះ អធិប្បាយរបស់ កាសែតភូមា Myanmar Times ដែលហៅប្រទេស កម្ពុជាជារដ្ឋធានីនៃឃាតកម្ម នៅអាស៊ី?
លោក សូ ចន្ថា សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ ដែលបានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី លោកបានពិនិត្យឃើញថាកម្ពុជា ដែលកាសែតភូមាបានហៅកម្ពុជាដូចនេះ គឺមិនខុសអ្វីទេ ។ លោកថា ប្រទេសនៅអាស៊ីមួយចំនួន គេបានបោះបង់ចោលនូវការធ្វើទុក្ខបុកម្នេញ ក្រុមប្រឆាំងទៅហើយ គឺដូចប្រទេសភូមាបានសម្រេចបោះបង់ចោលអំណាចយោធានិយម ហើយ ធ្វើឲ្យមានការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវ កាលពីចុងឆ្នាំ 2015 ដែលគណបក្សប្រឆាំងរបស់លោក ស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោត។
លោក សូ ចន្ថា៖«កាលណានិយាយពីប្រជាធិបតេយ្យ កម្ពុជាត្រូវធានាឲ្យបានការគោរពសិទ្ធមនុស្សជាមូលដ្ឋាន ដែលមនុស្សត្រូវតែនៅក្រោមច្បាប់ជាពិសេស សិទ្ធិនៃការបញ្ចេញមតិមិនត្រូវបានបិទមាត់ដោយមធ្យោបាយផ្សេងៗ។ សម្រាប់ភូមាជាប្រទេសមួយគ្រប់គ្រងដោយយោធាយើងឃើញថាមកទាល់ពេលបោះឆ្នោតថ្មី ទើបភូមាស្គាល់ប្រជាធិបតេយ្យពិតប្រាដកតាមរយៈការបោះឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី បើយើងប្រៀបធៀបទៅកម្ពុជា ជាប្រទេសប្រជាធិបតេយ្យគួរតែមានលក្ខណៈ ប្រសើរជាងភូមាទើបវាជារឿងល្អមួយបាទ»។
យ៉ាងនេះក្ដី លោកសាស្ត្រាចារ្យ បានសរសើរកម្ពុជា ត្រង់ការអភិវឌ្ឍប្រទេសមានភាពប្រសើរជាងប្រទេសភូមា។
ចំណែកឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងគ្រប់គ្រងអំណាច លោក សុខ ឥសាន្ត បានច្រានចោលការដាក់ចំណងជើង របស់ការសែតភូមាដូចនេះ។ លោកអះអាងថា ប្រទេសភូមានិងប្រទេសដទៃទៀតដូចជាសហរដ្ឋអាមេរិកជាដើម គឺមានអំពើឃាតកម្មច្រើនជាងកម្ពុជាឆ្ងាយណាស់។ លោកបានជំរុញកាសែត The Myanmar Times ឲ្យពិនិត្យមើលអំពើរំលោភសិទ្ធិមនុស្ស និងឃាតកម្មរបស់ប្រទេសខ្លួនឯងឡើងវិញ។
លោក សុខ ឥសាន្ត៖«ករណីទាំងអស់នោះវាបានរំលងទៅ១០ទៅ២០ឆ្នាំទៅហើយ បើអ្នកការសែតមីយ៉ាន់ម៉ាគាត់យល់ដូច្នោះ គាត់លើកនៅពេលប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងរបរគ្រប់គ្រងរបស់របបយោធាដែលមានបដិវាទកម្ម ធ្ងន់ធ្ងរជាងកម្ពុជា១០០ដងទៀតក្នុងចំនោមប្រទេសក្នុងតំបន់ទៅទៀត ក្នុងចំនោមប្រទេសនៅអាស៊ីអាគ្នេយ៍ប្រទេសមីយ៉ានម៉ា មានជាតិសាសន៍មានជនជាតិភាគតិចច្រើនណាស់ ហើយមានសង្គ្រាមស៊ីវិលរហូតដល់តំបន់ត្រីកោណមាសឃើញហើយថា មីយ៉ានម៉ាស្លាប់ប៉ុន្មានហើយអញ្ចឹងយើងមិនអាចរើសយកឆ្នាំ៩៧មាន២ឬ៣នាក់២០០០ ២ឬ៣ នាក់មកធ្វើជាខ្សែសង្វាក់កម្មនោះទេវាមិនត្រូវទេ»។
យ៉ាងណាក៏ដោយ Myanmar Times បានហៅប្រទេសកម្ពជា ជារដ្ឋនិទណ្ឌភាព៕