ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា លោក ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានសង្កេតឃើញថា នៅកម្ពុជា មានការធ្វើបាតុកម្មទាមទារយុត្តិធម៌ជាច្រើនពីប្រជាពលរដ្ឋ។ លោកបានទទូចឱ្យរដ្ឋាភិបាល ពន្លឿនការដោះស្រាយ ឱ្យអ្នកតវ៉ាទាំងនោះ។ តែនៅពេលជាមួយគ្នានេះលោកថា ការអនុវត្តន៍ច្បាប់លើអ្នករិះគន់ ឬអ្នកធ្វើបាតុកម្ម គឺមានស្តង់២។
តែលោក កែវ រេមី ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា អះអាងថា កម្ពុជាមិនមានការបែងចែក ក្រុមបក្សពួក ដើម្បីអនុវត្តច្បាប់លើពួកគេទេ ហើយកម្ពុជាក៏ជារដ្ឋមួយគោរពសិទ្ធិមនុស្សដែរ។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
លោក Ge0rge Edgar មានប្រសាសន៍ថា គេគួរជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន ជាជាងឱ្យពួកគេប្រឈមមុខផ្លូវច្បាប់ ដែលលោកថា ការអនុវត្តន៍ច្បាប់នៅកម្ពុជា មានស្តង់២។
លោក George Edgar ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាការសិទ្ធមនុស្សកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
តែបែបនេះក្ដីលោកសង្ឃឹមថា នៅថ្ងៃមុខ កម្ពុជានឹងមានយន្តការមួយក្នុងការធានាថាសម្លេងនៃការតវ៉ា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនឹងត្រូវបានលឺ ហើយក្តីកង្វល់ត្រូវបានការដោះស្រាយ និងទទួលបានយុត្តិធម៌ត្រឹមត្រូវតាមផ្លូវច្បាប់។
លោក George Edgar ៖«ខ្ញុំជឿជាក់អ្នកធ្វើបាតុកម្មទាំងនោះ ប្រសិនបើពួកគេមានគោលដៅច្បាស់លាស់ កម្មវត្ថុត្រឹមត្រូវ គួរគេគួតែទទួលបានការឆ្លើយតប និងការដោះស្រាយប្រកបដោយយុត្តិធម៌។ បើអញ្ចឹងទេ គឺថាការដោះស្រាយ មួយដ៏ត្រឹមត្រូវដល់បាតុករហ្នឹង គឺថាជាមធ្យោបាយមួយដ៏ល្អបំផុត ដើម្បីកុំឱ្យបាតុកម្មនេះឈានទៅដល់ការធ្វើហឹង្សារ»។
ចំណែក ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប គឺគ្រាន់តែជាការស្វែងយល់ចិត្តចំពោះរដ្ឋាភិបាលកម្ពុជា។
លោកបានប្រាប់ លោក Ge0rge Edgar ថា កាលពីឆ្នាំ២០១៥ ចំនួនបាតុកម្មបានកើតឡើង១៥០០ដង គឺស្មើនឹងមួយថ្ងៃ៤ដង។ លោកបន្តថា មិនមែនកម្ពុជា មានបញ្ហាមិនចាក់ស្រេះធ្វើឱ្យកើតមានបាតុកម្មនោះទេ នេះមកពីរដ្ឋាភិបាលផ្តល់សិទ្ធិសម្តែងមតិឱ្យប្រជាពលរដ្ឋ។
លោក កែវ រ៉េមី បានប្រាប់លោក Ge0rge Edgar ឱ្យកត់សម្គាល់ករណីបាតុកម្ម ស្ត្រីនៅសហគមន៍បឹងកក់ ដែលពួកគេ គឺជាអ្នកតវ៉ាអាជីព ពីព្រោះពួកគេតែងចេញមុខធ្វើបាតុកម្មគ្រប់ព្រឹត្តិការណ៍ ទាំងដែលមិនមែនជារឿងរបស់ខ្លួន។
នេះជាលើកទី១ហើយ ដែល ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានជួបប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ដោយបានលើកឡើងដោយផ្ទាល់ ពីការព្រួយបារម្មរបស់លោក ចំពោះការអនុវត្តច្បាប់ និងសិទ្ធិរបស់ពលរដ្ឋ ដែលមិនត្រូវបាន អនុវត្តដោយស្មើ ភាព៕