ភ្នំពេញ៖នៅសល់មិនដល់ ៥ខែទៀតទេ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹង ចាប់ផ្ដើមហើយ។ ខណៈនេះបក្សនយោបាយធំទាំង២ គឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ដែលជាការចាប់ អារម្មណ៍ខ្លាំងជាងគេ កំពុងប្រើយុទ្ធសាស្ត្រ ទាក់ទាញសន្លឹកឆ្នោតពីអ្នកបោះឆ្នោត។
ការធ្វើឱ្យមានទំនុកចិត្តពីពលរដ្ឋ គឺអាស្រ័យលើ គោលនយោបាយរបស់បក្សនីយមួយៗ បំរើជាតិប្រជា ជនល្អប៉ុនណា។ នេះគឺជាការប្រកួតគ្នា ដោយស្មើភាព ដែលគេហៅថា យុទ្ធសាស្ត្របើកចំហរ។ ប៉ុន្ដែត្រឹ មប៉ុននេះ គឺមិនទាន់គ្រប់គ្រាន់ ដើម្បីផ្ដួលគូប្រកួតឡើយ។ យុទ្ធសាស្ត្រដែលអាចធ្វើឱ្យដៃគូ បរាជ័យ គឺមានតែប្រើល្បិច បំបែកបំបាក់ផ្ទៃក្នុងបក្ស ឲ្យបែកខ្ញែក ដូចគណបក្ស ហ្វ៊ុន ស៊ិនប៉ិច កន្លងមក។ បើបក្សមួយព្យាយាមប្រើល្បិចបំបែកបំបាក់ ដោយប្រើរូបភាពផ្សេងៗ ជាជាងប្រកួតគ្នាដោយឈរលើគោលកា រណ៍បក្ស ថាតើអាចទៅរួច ដែរឬទេ ខណៈបក្សនោះដើរជិតដល់គោលដៅនៃការកាន់អំណាចហើយនោះ។
នេះជាការលើកឡើងនូវការវិភាគមួយជ្រុងទៀត លើប្រធានបទ មួយដែលអ្នកវិភាគមើលឃើញថា៖« CNRP ដើរជិតដល់ចំណុចនៃការកាន់អំណាចហើយ អ្នកប៉ងបំបែកបំបាក់កាន់តែប្រឈមរឿងបរាជ័យ»។ រឿងរ៉ាវដែលនាំឱ្យអ្នកវិភាគ គិតបែបនេះ គឺបន្ទាប់ពីការបែកធ្លាយនៃសេចក្តីថ្លែងការណ៍ព្រាងមួយ ដែលគេសង្ស័យថា ជាការរៀបចំទុករបស់គណបក្សកាន់អំណាចក្នុងល្បិចកិច្ចកលបំបែកបំបាក់លោក កឹម សុខា ចេញពីលោក សម រង្ស៊ី។ សារនេះជារបស់លោក សម រង្ស៊ី ដែលបានចែកចាយ អ្នកសារព័ ត៌មានកាលពីថ្ងៃចន្ទ ទី៩ មករា គឺមុនពេលបក្សធំទាំង ២នេះជួបគ្នាដើម្បីដោះស្រាយបញ្ហាជាតិមួយចំ នួន។ ប្រធានគណបក្សប្រឆាំងនេះ បានអះអាងថាកាលពីយប់ថ្ងៃសៅរ៍ សម្ដេច ហ៊ុន សែន បានស្នើឲ្យលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍មួយទៀតក្នុងនាមគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនឲ្យប្រើឈ្មោះលោក សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សនោះឡើ់យ។
បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍នេះ គឺគេចង់ឲ្យលោក កឹម សុខា ប្រើសិទ្ធិរបស់លោក ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនលោកផ្ទាល់ថ្កោលទោស ដាច់អហង្ការចំពោះជនអគតិដែលបានប្រមាថមកលើភរិយារបស់សម្ដេច។
សារដែលផ្ញើចេញពីអ៊ីម៉ែលរបស់លោក សម រង្ស៊ី នេះ បើលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍ដូចនេះមែនគឺ សម្ដេច ហ៊ុន សែន នឹងជំរុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១ ឬ ២ នាក់ ដែលទិញបានឲ្យចេញមុខមួលបង្កាច់លោក សម រង្ស៊ី ម្តងវិញថា លោកបាននិយាយមួលបង្កាច់ក្រុមគ្រួសារលោក ហ៊ុន សែន ពិតមែននៅក្នុងកិច្ចប្រជុំណាមួយកន្លងមករបស់គណបក្សសង្គ្រោះជាតិ។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ក្នុងករណីជនអគតិទាំងនេះជាសមាជិកគណបក្សសង្គ្រោះជាតិរួមនឹងលោកកឹមសុខា នឹងប្រើ សិទ្ធិបណ្តេញចេញពីបក្សក្នុងនោះមានទាំងលោកសមរង្ស៊ីផងដែរ»។
ត្រង់ចំណុចនេះ សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា គិតថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពិតជាបានប្រាប់លោក សម រង្ស៊ី ពីករណីបែកធ្លាយសេចក្តីថ្លែងព្រាងនេះ។លោកថា នេះគឺជាការបង្ហាញភាពចាស់ទុំខាងនយោបាយ របស់លោក កឹម សុខា និង សម រង្ស៊ី ហើ យក៏បង្ហាញអំពីភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិផងដែរ។ លោកយល់ថា ភាពបែកបាក់គ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា ស្ថិតនៅក្នុងភាគរយតិចបំផុត ព្រោះគណបក្សប្រឆាំងនេះកំពុងដើរជិតដល់គោលដៅរបស់ខ្លួនហើយ។
លោក ឯម សុវណ្ណារ៉ា៖«គណបក្សសង្គ្រោះជាតិគាត់ខ្លាំងត្រង់ថា គាត់នៅរួបរួមគ្នាបាន ហើយសំឡេងពលរដ្ឋបច្ចុប្បន្នឈានដល់ របត់មួយគេហៅថាលែងជឿគណបក្សនយោបាយណាមួយផ្សេងៗទៀតហើយ ក្រៅពីគណបក្សប្រឆាំងតែមួយ។នេះហើយជាភាណខ្លាំង ដែលជារបត់មួយដែលគាត់អាចទាញយកប្រជាប្រិយភាព ឬភាពខ្លាំរបស់គាត់ជាភាពឈ្នះតែម្ដង បើយើងនិយាយថាគាត់អត់ធ្មត់បាន»។
ទំនងពិតជាមិនអាចធ្វើឱ្យមេដឹកនាំបក្សប្រឆាំងទាំង២នេះ បែកបាក់គ្នាមែនព្រោះកាលៈទេសៈនេះហើយ ដែលគេត្រូវប្រើល្បិចចាស់នេះម្ដងទៀតទេ។
លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហានយោបាយ និងការអភិវឌ្ឍសង្គម យល់ឃើញថា ការបែកធ្លាយឯកសារសម្ងាត់ដែលភាគីមួយតម្រូវឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិចុះហត្ថ លេខាក្នុងខ្លឹមសារថ្កោលទោសមេគណបក្សខ្លួនឯងនោះ យុទ្ធសាស្ត្រនេះទំនងមិនអាចបំបែក បំបាក់បក្សប្រឆាំងបានដូចចិត្តឡើយ។ លោកថា បក្សសង្គ្រោះជាតិ ត្រូវខំខាំធ្មេញសង្កតចិត្តទៅ ព្រោះ ពេលរបស់អ្នកទាំង២(លោក សម រង្ស៊ី និងលោក កឹម សុខា)កាន់តែជិតមកដល់ហើយ។
លោក គឹម សុខ៖«សមាជិកនៃការគាំទ្ររបស់ប្រជារាស្ត្រច្រើនលើសលុបទៅហើយ នៅសល់តែម្យ៉ាងទេកុំឲ្យតែគណបក្សនិង មេដឹកនាំក្រុមគណបក្សនិងបែកបាក់គ្នា ក្នុងស្ថានភាពពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត។ រក្សាតែម្យ៉ាងគឺ ឈ្នះហើយ ប្រសិនបើការបោះឆ្នោតពិតជាអាចទទួលយកបានមែន ហើយឈ្នះក៏លើសលុបទៅទៀត»។
បែកបាក់ឬមិនបែកបាក់គឺអាស្រ័យលើ ខ្លួនគេផ្ទាល់ទេ។ សម្រាប់ បក្សកាន់អំណាច មិនប្រើល្បិចបែបនេះ នាំឱ្យស្អុយឈ្មោះទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ ហាក់ឆ្ងល់ថាហេតុអ្វីបានជាមានរឿងដូចនេះ។ តើជនណាជាអ្នកប្រឌិតវាឡើង? សម្រាប់បក្សកាន់អំណាចមិនលេងទេល្បែងនេះ។ តែលោកថា លោក សម រង្ស៊ី ជាអ្នកបង្កើតលិខិតនេះឡើង។
លោក សុខ ឥសាន្ត៖«ខ្ញុំមិនជឿថាករណីនេះកើតឡើងទេ ហើយចេញពីហ្វេសប៊ុកលោក សម រង្ស៊ី គឺលោក សម រង្ស៊ី ជាអ្នកបង្កើតហ្នឹងតែប៉ុណ្ណោះ ពីព្រោះព័ត៌មាននឹងវាចេញពីហ្វេសប៊ុករបស់ស៊ី ។ អីចឹងសម រង្ស៊ី ហើយ ជាអ្នកបង្កើតលិខិតនឹង។យើងដឹងហើយ ច្រើនដងហើយសមរង្ស៊ីភូតភរសាធារណៈជនច្រើនដងហើយ។ គាត់ប្រឌិតរឿងប្លែកឱ្យគេចាប់អារម្មណ៍រឿងខ្លួនគាត់»។
តែនេះជារឿងចម្លែកមួយទៀត គឺដូចជាខុសពីអ្វីដែលប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន កាលពីថ្ងៃ៧មករា ក្នុងពិធីរម្លឹកខួប៣៨ឆ្នាំនៃទិវា ៧មករា លោកបានថ្លែងឱ្យមានការសន្ទនាគា្នដោយស្មោះត្រង់ ទើបរក្សាវប្បធម៌សន្ទនាគ្នានេះបានទៀត។ ចុះហេតុអ្វីបានមានរឿងនេះកើតឡើង? បើជារឿងពិតដូចលោកសម រង្ស៊ី បកស្រាយមែនគឺជាការបង្កឱ្យកំដៅនយោបាយដែលចុះត្រជាក់បន្តិចនេះ ឡើងកំដៅវិញ។ បក្សនយោបាយធំទាំង២ កាន់តែមើលមុខគ្នាមិនចំ។ បក្សសង្គ្រោះជាតិដែលអ្នកវិភាគមើលឃើញថា អាចឡើងកាន់អំណាចបាននៅពេលខាងមុខ គឺកាន់តែប្រឈមមុខការលំបាកមួយចំនួនទៀត ប៉ុន្តែមិនត្រូវឲ្យគេបំបែកបំបាក់បានឡើយ៕