loader

​អ្នកវិភាគ​៖​ UN​ នឹង​នាំ​លោក​ សម​ រ​ង្ស៊ី​ ចូល​កម្ពុជា​វិញ​បើ​មាន​សំណើ​ពី​ សហភាព​អឺរ៉ុប​និង​អា​មេ​រិ​ក​ (មានសំឡេង)

ភ្នំពេញ៖ ​ប្រហែល​មិនយូរ​មិនឆាប់​ទេ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​ អាច​នឹង​វិល​ចូល​កម្ពុជា​វិញ​ តាម​រយៈ​មធ្យោបាយ​របស់​សហគមន៍​អន្ដរជាតិ​ ដែល​ត្រូវ​អន្តរាគមន៍​ជា​បន្ទាន់​ បើ​ករណី​លោក​ សម​ រ​ង្ស៊ី​ ដើរ​ដល់​ចំនុច​ចាំបាច់​ត្រូវ​អន្ដរាគមន៍​។​ នេះ​ជា​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ ដែល​វិទ្យុ​ស្ដ្រី​ បាន​សុំ​ពួក​គាត់​វិភាគ​អំពី​យន្ដការ​ របស់​សហគមន៍​អន្ដរជាតិ​ ករណី​លោក​ សម​ រ​ង្ស៊ី​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។

​អ្នកវិភាគ​បាន​ផ្ដល់​ជា​គំនិត​ថា​ មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ស្រុក​បាន​ គឺ​ តាម​ រយៈ​ អន្ដរាគមន៍​ ពី​ សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​លោក​ សម​ រ​ង្ស៊ី​ ផ្ទាល់​ ដែល​ត្រូវ​ស្នើ​ទៅ​កាន់​អង្គការសហប្រជាជាតិ​ ។​
តើអ្នកវិភាគមានហេតុផលអ្វីខ្លះ បានជាអះអាងដូចនេះ ? សូមស្ដាប់បទវិភាគ ដែលរៀបរៀងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖

​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហាញ​ភាព​អន្ទះសា​ របស់​លោក​ដើម្បី​ចង់​ចូល​ប្រទេស​វិញ​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​ថា​ លោក​ចាំបាច់​ត្រូវ​ចូល​កម្ពុជា​វិញ​អោយ​ខាន​តែ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​  បើ​ទោះជា​លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​លោក​ដាក់​ពន្ធ​ធនាគារ​ ឬ​សម្លាប់​លោក​ ក៏​ដោយ​។​ លោក​បាន​អះអាង​ថា​ អ្វី​ដែល​លោក​ត្រូវ​ត្រឡប់​មក​វិញ​នោះ​ គឺ​ ដើម្បី​ជួយ​រំដោះ​ សកម្មជន​ តំណាងរាស្ដ្រ​របស់​លោក​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

​លោក​ថា​ ការ​ត្រឡប់​មក​វិញ​របស់​លោក​ ដើម្បី​ឱ្យ​អាជ្ញាធរ​នាំ​ខ្លួន​លោក​ចូល​ពន្ធ​ធនាគារ​ ហើយ​ដោះ​លែង​អ្នកទោស​មនសិការ​ទាំងអស់​។​

​ទំនង​បែប​នេះ​ហើយ​ បានជា​គណៈរដ្ឋមន្ដ្រី​ចេញ​បញ្ជា​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ គ្រប់​បែប​យ៉ាង​ដើម្បី​ឃា​ឃាំង​ និង​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ​ ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ​ ទោះបី​ចូល​កម្ពុជា​ដោយ​មធ្យោបាយ​ណា​ក៏​ដោយ​ ហើយ​បើ​មក​ទាំង​យប់​ចាប់​ប​ញ្ចូ​ន​ទៅ​វិញ​ទាំង​យប់​។​

​ឆ្លើយ​តប​វិធានការ​នេះ​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង​ បាន​ប្ដេជ្ញា​ជា​ថ្មី​ទៀត​ថា​ លោក​ ត្រូវ​តែ​វិល​មក​វិញ​ជា​ដាច់ខាត​ បើ​មិន​មក​តាម​ផ្លូវអាកាស​ ត្រូវ​តែម​កតាម​ផ្លូវគោក​ ឬ​ផ្លូវទឹក​ ដែល​លោក​ថា​ យ៉ាង​យូរ​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។​

​ការ​អះអាង​របស់​លោក​ សម​ រ​ង្ស៊ី​ និង​វិធានការ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​អ្នកវិភាគ​បញ្ហា​នយោបាយ​ និង​សង្គម​ មើលឃើញ​ថា​ ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​មុខ​គ្នា​យ៉ាង​ខ្លាំង​។​ តែ​ពួក​គាត់​ ផ្ដល់​ជា​អនុសាសន៍​ថា​ យន្ដការ​អាច​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ត្រូវរ៉ូវ​គ្នា​វិញ​ គឺ​ មាន​ច្រើន​យ៉ាង​ ក្នុង​នោះ​យន្ដការ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ អង្គការសហប្រជាជាតិ​ ចាំបាច់​រៀបចំ​កំលាំង​សន្ដិសុខ​ ជូន​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ប្រទេស​វិញ​ ជាមួយនឹង​ការ​សម្របសម្រួល​ នយោបាយ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​អង្គការសហប្រជាជាតិ​ចេញ​យុទ្ធនាការ​ ជួយ​អន្តរាគមន៍​  គឺ​ កម្រិត​ភាគរយ​ដែល​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​វិញ​បាន​ មាន​ច្រើន​ ហើយ​ភាគី​កាន់​អំណាច​ក៏​អាច​ទទួលយក​បាន​ដែរ​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

លោក​ គឹ​ម​ សុខ​ បាន​ពន្យល់​ដូចនេះ​ ៖​ «​ បើសិនជា​ក្នុង​ករណី​ដែល​មាន​កិច្ច​អន្ដរាគមន៍​ធំ​ ពី​ប្រទេស​មហាអំណាច​ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ​ ហើយ​និង​អង្គការសហប្រជាជាតិ​ខ្លួនឯង​ ព្រមទាំង​សហភាព​អឺរ៉ុប​ ដែល​មាន​ឥទ្ធិពល​ខាង​នយោបាយ​ ខាង​ហិរញ្ញវត្ថុ​ ខាង​សិទ្ធិ​មនុស្ស​ ខាង​កិច្ចការ​សង្គម​នៅ​ប្រទេស​កម្ពុជា​ដែរ​ ជួយ​កម្ពុជា​ច្រើន​ គឺ​ក្នុង​ករណី​នេះ​ កម្ពុជា​ត្រូវ​ពិចារណា​។​ មិន​អាច​និយាយ​ថា​ គេ​មិន​អាច​លូកលាន់​បាន​ នេះ​គ្រាន់តែ​ជា​ការ​និយាយ​ដោះសារ​ក្នុង​ស្ថានភាព​ដែរ​ រក​ច្រកចេញ​មិន​ទាន់​ឃើញ​ ថា​តើ​សម្រួល​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​ស្រុក​នៅ​ពេល​ណា​តែ​ប៉ុណ្ណឹង​ទេ​»​។​

​បើ​តាម​លោក​ គឹ​ម​ សុខ​ អង្គការសហប្រជាជាតិ​ អាច​សម្របសម្រួល​រឿង​នេះ​បាន​ តាម​រយៈ​ការ​ស្នើ​សុំ​អន្ដរាគមន៍​ ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។​

​ចំណែក​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​  អ្នក​សិក្សា​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ លើក​ឡើង​ថា​ លោក​ សម​ រ​ង្ស៊ី​ អាច​ត្រឡប់​មក​កម្ពុជា​វិញ​ តាម​រយៈ​រូបភាព​ពីរ​យ៉ាង​៖
-​ទី​មួយ​.​ លោក​ សម​ រ​ង្ស៊ី​ខ្លួនឯង​ត្រូវ​ដាក់​ការ​ស្នើ​សុំ​អន្ដរាគមន៍​ ទៅ​សហគមន៍​អន្ដរជាតិ​ ឬ​អង្គការសហប្រជាជាតិ​ ឲ្យ​ជួយ​។​
-​ទី​ពីរ​.​សហគមន៍​អន្ដរជាតិ​ ដែល​មាន​សហភាព​អឺរ៉ុប​ អង្គការ​សហ​ប្រជា​តិ​ រួម​ទាំង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​ ក៏​អាច​ជួយ​លោក​ សម​ រ​ង្ស៊ី​ បាន​ដែរ​ គឺ​ តាម​រយៈ​ការ​ជជែក​ចរចា​ជាមួយ​រដ្ឋាភិបាល​ និង​កិច្ចព្រមព្រៀង​នានា​ ដែល​កម្ពុជា​មាន​ជាមួយ​ប្រទេស​ទាំងនោះ​ ។​

​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​ បាន​ពន្យល់​បន្ថែម​ដូចនេះ​ថា​  ៖​ «​លោក​ សម​  រ​ង្ស៊ី​ ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោក​ត្រូវ​ស្នើ​សុំ​ទៅ​សហគមន៍​អន្ដរជាតិ​ មាន​ន័យ​ថា​ ជា​ការ​សរសេរ​លិខិតផ្លូវការ​ សរសេរ​លិខិត​ច្បាប់​ ដើម្បី​ជូនដំណឹង​សុំ​អន្ដរាគមន៍​ ដាក់​ទៅ​អគ្គ​លេខា​ ធិ​ការដ្ឋាន​អង្គការសហប្រជាជាតិ​ ដាក់​ទៅ​តំណាង​សហគមន៍​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុ​ច​ហ្សែ​ល​ ហើយ​លោក​ក៏​អាច​ដាក់​ទៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដែរ​ លោក​យល់​ថា​មាន​ឥទ្ធិពល​ នៅ​ក្នុង​ការ​ជជែក​ចរចា​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ងាក​មក​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ហើយ​មិន​បំពាន​រដ្ឋធម្មនុញ្ញ​នៃ​ច្បាប់​អន្ដរជាតិ​»​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ បង្ហាញ​ទស្សនៈ​ទៀត​ថា​ លោក​សម​ រ​ង្ស៊ី​ អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ គឺ​ តាម​រយៈ​ការ​ដាក់​សំពាធ​ជាក់ស្ដែង​ ពី​ សហគមន៍​អន្ដរជាតិ​។​

លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស
លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ៖«​សហគមន៍​អឺរ៉ុប​ អាច​ប្រើប្រាស់​នូវ​យន្ដការ​ សហប្រតិបត្តិការ​ទ្វេភាគី​រវាង​សហគមន៍​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​ ប្រទេស​មហាអំណាច​មួយ​ចំនួន​ទៀត​អាច​ប្រើប្រាស់​នូវ​យន្ដការ​សហប្រតិបត្តិការ​ ពា​និ​ជ្ជ​កម្ម​ទ្វេភាគី​ ហើយ​អង្គការសហប្រជាជាតិ​ គាត់​អាច​ប្រើប្រាស់​នូវ​យន្ដការ​ច្បាប់​អន្ដរជាតិ​ ដែល​ប្រទេស​កម្ពុជា​ ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ ហើយ​បាន​ចុះ​សន្ធិសញ្ញា​អន្ដរជាតិ​ជា​ច្រើន​ ដូច្នេះ​ ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ច្បាប់​អន្ដរជាតិ​។​ ចឹ​ង​ គឺ​ អង្គការសហប្រជាជាតិ​លោក​អា​ចប​ញ្ចូ​ន​តំណាង​ របស់​ខ្លួនឯង​ មក​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ស្វែង​យល់​ការ​ពិត​ពី​រឿង​នេះ​ ហើយ​ក៏​ដើម្បី​ ជជែក​ជាមួយ​រដ្ឋាភិបាល​ រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ បាន​បញ្ចេញ​ទស្សនៈ​ ដោយ​យល់​ស្រប​និង​ការ​យល់​ឃើញ​របស់​ លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​។​

​សាស្ដ្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​  បាន​លើក​ឡើង​បន្ថែម​ថា​ ៖​ «​ជា​ទូទៅ​ គេ​មានការ​លើក​ឡើង​ អំពី​ការ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ​ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​ បិទ​គៀបសង្កត់​គេ​ គឺ​ រដ្ឋាភិបាល​ រំលោភ​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​ធ្វើ​នយោបាយ​។​ ចឹ​ង​ សហគមន៍​អន្ដរជាតិ​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាច​គោរព​តាម​ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​មិន​គោរព​តាម​ក្នុង​ករណី​ណាមួយ​ សហគមន៍​អន្ដរជាតិ​គេ​អាច​លើក​ បញ្ហា​ផ្សេងៗ​ ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​និង​រដ្ឋាភិបាល​កម្ពុជា​ គេ​នឹង​ព្យួរ​ ឬ​ក៏​គេ​នឹង​ដក​មិន​អោយ​នាំ​ទំនិញ​ចូល​ ឬ​រហូត​ដល់​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ »​។​

​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​ម​ជ្ឈ​ដា្ឋ​ន​មួយ​ចំនួន​ដាក់​រហ័ស្ស​នាម​ថា​ ជា​អ្នកទោស​ដែល​មិន​ដែល​បាន​ដេក​ក្នុង​គុក​ ព្រោះ​លោក​តែងតែ​វិល​ចូល​កម្ពុជា​វិញ​ តាម​រយៈ​ដំណោះស្រាយ​នយោបាយ​ និង​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​។​ ជា​ការ​ពិត​លោក​ត្រូវ​ចូល​ពន្ធ​ធនាគារ​៤​ដង​ទៅ​ហើយ​ ដែល​ការ​កាត់ទោស​លោក​ម្ដងៗ​មានទោស​រហូត​ដល់​២០​ឆ្នាំ​ក៏​មាន​ដែរ​។​

​កាលពីមុន​ ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់​នៃ​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ បាន​សម្រេច​វិល​ចូល​កម្ពុជា​វិញ​ ដោយ​ឯកតោភាគី​ តែ​ពេល​នោះ​ ស្ថានភាព​នយោបាយ​ហាក់​អំណោយផល​ដល់​លោក​យ៉ាង​ខ្លាំង​ ទើប​នាយក​រដ្ឋមន្ដ្រី​ និង​ព្រះមហាក្សត្រ​ ចេញ​លិខិត​លើកលែងទោស​អោយ​លោក​ភ្លាមៗ​ ពេល​នោះ​ពលរដ្ឋ​ដែល​គាំទ្រ​លោក​ អន្ទះសា​ រង់ចាំ​ស្វាគមន៍​លោក​។​ ទីបំផុត​ លោក​ បាន​វិល​មក​វិញ​ដោយ​មាន​មនុស្ស​ជិត​មួយ​លាន​នាក់​ទៅ​ទទួល​លោក​ នៅ​អាកាស​យាន្ដ​ដ្ឋា​ន​ភ្នំពេញ​អន្ដរជាតិ​។​

​ករណី​របស់​លោក​នៅ​ពេល​នេះ​ ទំនងជា​លំបាក​ជាង​ពេល​មុន​ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ មិន​លើកលែងទោស​ឱ្យ​លោក​ជា​ដាច់ខាត​ ទោះ​ក្នុង​ករណី​បែប​ណា​ក៏​ដោយ​។​

​អ្នកវិភាគ​មើលឃើញ​ថា​ មាន​តែ​អង្គការសហប្រជាជាតិ​ ចេញ​មុខ​មក​សម្របសម្រួល​ នឹង​នាំ​លោក​ សម​ រ​ង្ស៊ី​ ផ្ទាល់​ចូល​ប្រទេស​វិញ​ ទើប​ជា​ឱកាស​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ មាន​លទ្ធភាព​ ធ្វើ​នយោបាយ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហ[...]

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត