ភ្នំពេញ៖ អ្នកតាមដានស្ថានការណ៍សង្គម និងមន្ដ្រីសង្គមស៊ីវិល យល់ឃើញដូចៗគ្នាថា ករណីដែលតុលាការក្រុងភ្នំពេញ សម្រេចបន្ដឃុំខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស អាដហុក និងមន្ដ្រី គ.ជ.ប គឺដើម្បីរង់ចាំដំណោះស្រាយនយោបាយដែលកំពុងមានទំនាស់នឹងគ្នា។
អ្នកតាមដានស្ថានការណ៍សង្គមយល់ថា ការបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្សកាន់តែយូរបន្ដទៀត គឺនឹងធ្វើឲ្យស្ថាប័នតុលា ការកាន់តែមានឈ្មោះអាក្រក់ទៅៗ ហើយទាំងមតិជាតិ និងអន្ដរជាតិ យល់ឃើញថា ស្ថាប័ននេះ ធ្វើការស្ថិតក្រោមអំណាច អ្នកនយោបាយ។ លោក លៀ ស៊ីណា រាយការណ៍៖
កាលពីថ្ងៃទី ២៧ ខែតុលា តុលាការរាជធានីភ្នំពេញ បាននាំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស អាដហុក ចំនួន ៤ រូប និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប មកសាកសួរបន្ថែមក្នុងសំណុំរឿងសមគំនិតសូកប៉ានសាក្សី និងសូកប៉ានសាក្សី ក្នុងករណីនាង ខុម ចាន់តារ៉ាទី ហៅស្រី មុំ។ ក្រោយបញ្ចប់ការសាកសួរតុលាការបានសម្រេចឃុំខ្លួនអ្នកទាំង៥រូបនេះបន្ត៦ខែទៅមុខទៀត។ ពួកគាត់ទាំង ៥រូបរហូតមកដល់ពេលនេះ ត្រូវបានឃុំខ្លួនអស់ រយៈពេល ៦ខែ មកហើយ។
ជុំវិញករណី តុលាការសម្រេចបន្ដឃុំខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប បន្ដ ៦ខែទៀតនេះវិទ្យុស្ដ្រីបានសុំការយល់ឃើញពីអ្នកវិភាគ និងអង្គការសង្គមស៊ីវិលថាតើ តុលាការពន្យាពេលឃុំខ្លួន សកម្មជនការពារសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប អាចថា ជាការរង់ចាំដំណោះស្រាយនយោបាយដែរឬទេ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបង្ហាញជាទស្សនៈរបស់លោកថា បើសិនតុលាការធ្វើការប្រកបដោយវិជ្ជាជីវៈ គឺមិនមែនដល់ថ្នាក់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ករណីដែលគេមើលឃើញគ្រប់គ្នាថា ជារឿងនយោបាយនេះដល់មួយឆ្នាំនោះទេ។ លោកបន្ដថា ការសម្រេចឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សបន្ដទៀត ស្របពេល អ្នកនយោបាយខ្មែរ មិនទាន់ត្រូវរូវគ្នា គឺបញ្ជាក់ឲ្យឃើញថា តុលាការហាក់ រងចាំដំណោះស្រាយនយោបាយ។
លោកបណ្ឌិត មាស នី ៖«ការពន្យាពេលនេះ ខ្ញុំគិតថា ជាការពន្យាលពេលមួយរង់ចាំស្ថានភាពនៃការវិវត្ដន៍របស់អ្នកនយោបាយ ហើយក៏ជាផ្នែកមួយនៃការ យកអ្នកទាំងនោះទៅធ្វើចំណាប់ខ្មាំងរបស់អ្នកនយោបាយយកទៅប្រើ»។
បណ្ឌិតសិក្សាពីសង្គមរូបនេះ សង្កត់ធ្ងន់ថា អ្នកនយោបាយដែលចង់បានផលចំណេញពីការធ្វើទុក្ខ បុកម្នេញសង្គមស៊ីវិល និងមន្ដ្រីការពារសិទ្ធិមនុស្សនេះ គឺជារឿងដែលគិតខុសមួយធ្ងន់ធ្ងរ។ លោកពន្យល់ថា ការព្យាយាមបន្លាចក្រុមអ្នកការពារសិទ្ធិមនុស្សដូចនេះ គ្មានបានអីត្រឡប់មកវិញទេ ហើយផ្ទុយទៅវិញគឺបានតែធ្វើឲ្យប្រទេសជិតខាងមើលឃើញពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា មានរូបភាពកាន់តែអាក្រក់តែប៉ុណ្ណោះ។
លោក បណ្ឌិត មាស នី៖«ទីមួយគឺអត់មានអីចំណេញសម្រាប់ប្រទេសជាតិទាំងមូល ហើយបើមើលទៅគណបក្សនយោបាយដែលពាក់ព័ន្ធក្នុងរឿងនេះ ក៏អត់មានបានផលចំណេញអីទេគឺមានតែខាតទេទី១ ទី២ធ្វើឲ្យបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសហ្នឹងធ្លាយទៅក្រៅកាន់តែច្រើនទៅៗ ដែលធ្វើឲ្យពិភពលោកគេកាន់តែរិះគន់មកលើយើង។ ទី៣ ឆាកល្ខោនដែលគេរៀបមកហ្នឹងវាកាន់តែលែងសម ហើយក៏ពិបាកយកទៅប្រៀបធៀបជាមួយច្បាប់ មិនដឹងច្បាប់គេបកស្រាយយ៉ាងម៉េចបានរឿងនៅរាំរ៉ៃដល់ពេលនេះ»។
បន្ថែមលើនេះលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះតួនាទីរបស់តុលាការហាក់មានការធ្លាក់ទាបមែនទែន ដែលទទួលការវាយតម្លៃពីសាធារណជន ថា បណ្ដោយខ្លួនឲ្យស្ថិតក្រោមអំណាចអ្នកនយោបាយ យកមកប្រើដើម្បីដោះស្រាយរឿងជម្លោះអ្នកនយោបាយទៅវិញ។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសង្គមស៊ីវិលយល់ថា ការចាប់ខ្លួនអង្គការសង្គមស៊ីវិលដែលធ្វើការតាមតួនាទីរបស់គេ គឺបានន័យថា ជាទង្វើដើម្បីបំបិទសិទ្ធិ និងបង្ហាញចរិកចង់បង្ក្រាបមន្ដ្រីសិទ្ធិមនុស្ស មិនឲ្យនិយាយអ្វីដែលជាការពិត។
នាយកប្រតិបត្ដិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា មន្ដ្រីសង្គមស៊ីវិលតែងតែ ទៅជួបប្រជាពលរដ្ឋក្រីក្រដោយផ្ទាល់ដើម្បីអប់រំអ្នកទាំងនោះ ធ្វើយ៉ាងណាបញ្ចៀសការប្រើហិង្សានៅពេលមានជម្លោះរឿងអ្វីមួយ ហើយងាកមកប្រើយន្ដការច្បាប់ជំនួសហិង្សាវិញ។ លោកបន្ដថា បើមន្ដ្រីសិទ្ធិមនុស្សបំពេញតួនាទីរបស់ខ្លួន ប៉ុន្ដែបែរជាមានការចាប់ខ្លួន គឺបានន័យថា អាជ្ញាធរចង់ឱ្យ ពលរដ្ឋមានហិង្សានៅពេលដែលពួកគាត់ មានទំនាស់គ្នា។
លោក គល់ បញ្ញា៖«បើពលរដ្ឋគាត់ខឹងនឹងការដើរស្រែកមិនត្រឹមត្រូវអ្វីហ្នឹង អ្នកអង្គេតការណ៍សិទ្ធិមនុស្សហ្នឹងគេផ្ដល់ប្រឹក្សាសិទ្ធិមនុស្ស ដើម្បីសម្រួលអារម្មណ៍ពួកគាត់ឲ្យងាកមក រកសេវាខាងផ្លូវច្បាប់វិញ ប៉ុន្ដែដល់ងាកមកខាងផ្លូវច្បាប់ ក្រុមអ្នកផ្ដល់សេវាខាងផ្លូវច្បាប់លែងហ៊ានផ្ដល់ប្រឹក្សា ព្រោះខ្លាចមានការយាយីណាមួយ នោះនឹងធ្វើឲ្យពលរដ្ឋដែលមានទំនាស់កើនការតវ៉ាក្នុងសង្គមកាន់តែច្រើន»។
នាយកប្រតិបត្ដិអង្គការខុមហ្វ្រែល មានប្រសាសន៍ដោបញ្ជាក់ថា ករណីតុលាការកម្ពុជា គឺមានរបាយការណ៍ជាច្រើនដែលលើកឡើងពីការខ្វះឯករាជ្យភាព របស់ស្ថាប័នមួយនេះក្នុងការអនុវត្ដន៍ច្បាប់។ លោកសង្កត់ធ្ងន់ថា របាយការណ៍នេះមិនមែនមានតែអង្គការក្នុងស្រុកទេដែលរកឃើញ សូម្បីតែសហគមន៍អន្ដរជាតិក៏បានបញ្ជាក់ដូចនេះដែរ។
លោក គល់ បញ្ញា៖«តុលាការហ្នឹងឯងជាស្ថាប័នមួយដែលប្រជាពលរដ្ឋមិនត្រឹមតែរឿងទៅរកយុត្ដិធម៌ទេ គឺការពារសិទ្ធិទៀតផង ហើយប្រសិនជាអត់ឯករាជ្យទេ វាច្បាស់ជាមានការរំលោភសិទ្ធិ បំពារបំពានទៅលើប្រជាពលរដ្ឋ ហើយអញ្ចឹងហើយបានសព្វថ្ងៃនេះមានរបាយការណ៍ច្រើនណាស់ ពីអង្គការសិទ្ធិមនុស្សរកឃើញថា មានការបំពានសិទ្ធិទៅប្រជាពលរដ្ឋពិសេសគឺពលរដ្ឋក្រីក្រ ហើយអ្នកអត់មានអំណាចជាដើម»។
លោក គល់ បញ្ញា បញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលនៅតែបន្ដទាមទារ ឲ្យមានការដោះលែងមន្ដ្រីសិទ្ធិមនុស្ស អាដហុក ទាំងបួនរូប ក៏ដូចជាមន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មួយរូប រហូតទាល់តែតុលាការ ទម្លាក់ចោលបទចោទលើពួកគេ។ លោកបន្ដថា ពួកគេទាំងអស់នោះគឺគ្មានកំហុសដូចការចោទប្រកាន់ឡើយ ព្រោះពួកគេធ្វើការក្នុងនាមជាមន្ដ្រីការពារសិទ្ធិមនុស្សប៉ុណ្ណោះ។ តែបែបនេះក្ដី វិទ្យុស្រី្តមិនអាចសុំការឆ្លើយពីមន្ត្រី នាំពាក្យក្រសួងយុត្តិធម៌បានទេ ជុំវិញការរិះគន់របស់អ្នកវិភាគ ដែលទូរស័ព្ទចូលហើយតែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យ តុលាការរាជធានីភ្នំពេញ លោក លី សុផាណា ថ្មីៗបានប្រាប់អ្នកសារព័ត៌មានថា តុលាការ មានហេតុផលត្រឹមត្រូវទើប ពន្យាពេលឃុំខ្លួន មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប បន្តទៀត។ ទាក់ទិនការិះគន់នេះ ក្រសួងយុត្តិក៏ធ្លាប់ ប្រតិកម្ម ផងដែរ ដោយអះអាងថា ស្ថាប័នតុលាការ មានកាតព្វកិច្ច ឯករាជ្យពីរដ្ឋាភិបាល និងកិច្ចការនយោបាយ។
បើគិតពីការចាប់ខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស អាថហុក និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះគឺមានរយៈពេល ៦ខែហើយ។
លោក នី ចរិយា មន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានឃុំខ្លួននៅពន្ធនាគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ( PJ) ចំណែកមន្ត្រីការពារសិទ្ធិមនុស្ស ៤រូបទៀតដែលរួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន លោកស្រី លឹម មុនី ត្រូវបានឃុំខ្លួននៅពន្ធធនាគារព្រៃសរ។ អ្នកទាំងអស់នេះ ត្រូវបានឃុំខ្លួនក្រោមបទចោទ សមគំនិតសូកប៉ាន់ សាក្សី និងសូកប៉ាន់សាក្សី ករណីនាង ខុម ចាន់តារាទី ហៅស្រី មុំដែលគេសង្ស័យថា មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ករណីឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប នេះ ត្រូវបានអ្នកតាមដានស្ថានស្ថានការណ៍សង្គម និងអ្នកវិភាគឯករាជ្យយល់ឃើញថា តុលាការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួន តាមឥទ្ធិពលនយោបាយ ច្រើនជាង ភាពអព្យាក្រឹត្យ ឥតលម្អៀង របស់ខ្លួន៕