ភ្នំពេញ៖ យ៉ាងហោចណាស់ គណបក្សសង្គ្រោះជាតិ បានថ្វាយលិខិត ចំនួន ២ដងទៅកាន់ព្រះបរម រាជ វាំង ដើម្បី ស្នើឱ្យព្រះមហាក្សត្រ ជួយ បន្ថយកំដៅនយោបាយ ដែលក្រុមនយោបាយនេះ សម្ដែងការព្រួយបារម្ភថា ប្រជាធិបតេយ្យ នៅកម្ពុជា កំពុងជួបគ្រោះថ្នាក់ ។
ទោះជាបែបនេះក្ដី មិនឃើញមានលិខិត ឆ្នើយតបជាផ្លូវការណាមួយពីព្រះបរមរាជវាំងនោះទេ ក្រៅពីព្រះមហាក្សត្រអំពាវនាវ ជាប្រយោលឱ្យមានការឯកភាពជាតិ។
តែជាមួយគ្នានេះគេឃើញសហគមន៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍និងសេចក្ដីសម្រេច ជាបន្តបន្ទាប់ ដោយថ្កោលទោស និងទាមទារឱ្យកម្ពុជា ស្ដា លទិ្ធប្រជាធិបតេយ្យ ឡើងវិញ និង ទម្លាក់បទចោទទៅលើ ក្រុមប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជា។ ក្រៅពីនេះ សហគមន៍អន្តរជាតិ មានអាមេរិក សហភាព អឺរ៉ុប និងអង្គការសហប្រជាជាតិព្រមានកុំឱ្យដើរផុងខ្លួនទៅមុខទៀត ។
ទំនងដោយសារមិនមានជំនឿថា អ្នកនយោបាយខ្មែរអាច រកដំណោះស្រាយ ដោយខ្លួនបាន ទើបអ្នកវិភាគបង្ហាញការយល់ឃើញ ថា ដំណាក់កាលនេះកម្ពុជាមិនអាចរកដំណោះស្រាយខ្លួនឯងបានឡើយ។ពួកគាត់ថាសហគមន៍អន្តរជាតិ ត្រូវចូលជួយអន្តរាគមន៍ម្ដងទៀត។ តែពួកគាត់ថា បើអ្នកនយោបាយខ្មែរគិតជាតិជាធំគឺអាចដោះស្រាយវិបត្តិនេះបានដោយខ្លួនឯង។
តើមានហេតុផលអ្វីបានជាអ្នកវិភាគ យល់ឃើញបែបនេះ។ សូមស្ដាប់ការរៀបរៀងបទវិភាគ ដោយលោក លៀ ស៊ីណាដូចតទៅ៖
បើគិតពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិគេចខ្លួនពីដីការចាប់ខ្លួនលោក ករណីបណ្ដឹងរបស់អតីតរដ្ឋមន្ដ្រីការបរទេស ហោ ណាំហ៊ុង និងការចាប់ឃុំខ្លួនមន្ដ្រីបក្សប្រឆាំងជាច្រើនរូបគឺមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំមកហើយ ដែលវិបត្ដនេះខ្មែរខ្លួនឯងមិនបានរកដំណោះស្រាយឃើញឡើយ។ បន្ថែមលើនេះគេសង្កេតឃើញមានត្រឹមតែការគំរាមកំហែងដាក់គ្នាតែប៉ុណ្ណោះ។ ដោយម្ខាងព្រមានចាប់ដាក់គុក បង្ក្រាបហើយ ម្ខាងទៀតគំរាមដឹកនាំប្រជាជនធ្វើបាតុកម្មហើយចុងបញ្ចប់ ភាគីទាំងពីរមិនអាចអង្គុយជុំគ្នាដើម្បីចរចារឿងរបស់ខ្លួនបានឡើយ។
គណបក្សប្រឆាំងដែលអះអាងខ្លួនឯងថា ជាជនរងគ្រោះបានព្យាយាមឲ្យព្រះមហាក្សត្រចូលអន្ដរាគមន៍រឿងនេះ។ តែមកដល់ពេលនេះមិនទាន់ឃើញមានអ្វីឆ្លើយតប ឬលទ្ធផលជាដុំកំភួនអ្វីឡើយ។ ប៉ុន្ដែគេសង្កេតឃើញសហគមអន្ដរជាតិហាក់ដូចជាចាប់អារម្មណ៍និងឈឺឆ្អាលកម្ពុជាច្រើនជាង។ ក្នុងន័យនេះហើយ ដែលវិទ្យុស្ដ្រីបានសុំការយល់ឃើញពីអ្នកវិភាគថា ហេតុអ្វីបានជាអ្នកនយោបាយខ្មែរគ្នាឯងមិនអាចរកដំណោះស្រាយឃើញដោយខ្លួនឯង ហើយសង្ឃឹមថា មានតែសហគមអន្ដរជាតិអាចជួយដោះស្រាយរឿងនេះបាន។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ដ្រនយោបាយ មានប្រសាសន៍ថា បើសង្កេតមើលពីស្ថានការណ៍ចប្ចុប្បន្ន វិញ អ្នកនយោបាយខ្មែរពេលនេះគឺមិនអាចសម្របសម្រួល គ្នាបានទេ ។ លោកបន្ដថា ដោយសារការសម្របសម្រួលពីព្រះមហាក្សត្រមិនទាន់មាន ហើយណាមួយព្រះអង្គដូចជាមិនហ៊ានអន្ដរាគមន៍ ព្រោះព្រះអង្គហាក់ មិនសូវមានឥទ្ធិពលទៅលើគណបក្សនយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ដែលប្រការនេះ អន្ដរជាតិ អាចជួយរកដំណោះស្រាយចំពោះជំលោះរបស់ អ្នកនយោបាយខ្មែរ។
លោក ឯម សុវណ្ណារ៉ា៖«ទស្សនៈដែលគេលើកឡើងហ្នឹងគេមានហេតុផលថា អ្នកនយោបាយគឺអត់ចេះសម្របសម្រួលគ្នានៅក្នុងដំណាក់កាលមួយបានន័យថា ប្រឹងយកតែមួយឈ្នះរៀងៗខ្លួន ដល់អញ្ចឹងអត់មានការសម្របសម្រួលគ្នា ធ្វើឲ្យអ្នកវិភាគមើលឃើញថា អ្នកនយោបាយខ្មែរកំពុងស្ថតិក្នុងស្ថានភាពមួយតានតឹងមិនអាចដោះស្រាយបានត្រូវទៅពឹងពាក់បរទេស»។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយបន្ដថា ការអន្ដរាគមពីអន្ដរជាតិគឺអាចធ្វើឡើងតាមរយៈការជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្ដឲ្យបានត្រឹមត្រូវនូវលទ្ធិប្រជាធិបតេយ្យ ស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស និងសន្ដិសញ្ញាសន្ដិភាពផ្សេងៗ។ ជាងនេះលោកមានប្រសាសន៍ថា បើអ្នកយោបាយខ្មែរនៅតែឈ្មោះគ្នា មិនស្រាកស្រាន នោះកម្ពុជា នឹងបាត់បង់អ្នកវិនិយោគទុកជាក់ពុំខាន។
លោក ឯម សុវណ្ណារ៉ា៖«ប្រសិនអ្នកនយោបាយនៅប្រឈមនឹងស្ថានភាពតានតឹងរហូតដូច្នេះ អ្នកដែលខាតប្រយោជន៍ច្រើនជាងគេគឺពលរដ្ឋយើង គឺដោយសារអ្នកវិនិយោគគេមិនហ៊ានវិនិយោគហើយពេលវេលាចេះតែខាតបង់ ហើយអ្វីដែលត្រូវអនុវត្ដដើម្បីជាតិយើងមានការយឺតយ៉ាវ»។
បន្ថែមពីនេះលោក ឯម សុវណ្ណារ៉ា សង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ គួរតែ គិតពីប្រយោជន៍ជាតិជាធំ ហើយគណបក្សមួយនោះ មិនគួរប្រើអំណាចជ្រុលហួសហេតុពេក ដើម្បីគាបសង្កត់បក្សម្ខាងទៀតនោះទេ ព្រោះការធ្វើ បែបនេះមិនអាចរកដំណោះស្រាយឃើញឡើយ ផ្ទុយទៅវិញវានឹងបង្កឲ្យប្រទេសជាតិខ្ទេចខ្ទាំ បង្កើនតែការគុំគួន រវាងខ្មែរនឹងខ្មែរប៉ុណ្នោះ។
កាលពីសប្ដាហ៍មុន នេះ គណៈរដ្ឋមន្ត្រីបានចេញបញ្ជាឱ្យ បិទច្រក មិនឱ្យលោក សម រង្ស៊ី ចូលប្រទេសបានឡើយ ហើយបើមកទាំងយប់ត្រូវចាប់ខ្លួន បញ្ចូនត្រឡប់ទៅវិញ ទាំងយប់ ។
ករណីនេះនាំឱ្យ មន្ត្រីជាន់ខ្ពស់ម្នាក់នៃ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅកម្ពុជាដែលស្រង់សម្ដីមកចុះផ្សាយ ដោយកាសែត Cambodia Daily បាន ទទូចសួរ រដ្ឋាភិបាលថាតើមានច្បាប់អ្វីដែលឃាឃាំង មិនឱ្យមេបក្សប្រឆាំងចូលស្រុកបាន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមទទួលស្គាល់ ការវិភាគ របស់លោក ឯមសុវណ្ណារ៉ា តែ លោក
ថាបើអន្ដរជាតិមកជួយកម្ពុជាយ៉ាងច្រើនបានត្រឹមតែ ទទូច ឬអំពាវនាវប៉ុណ្ណោះ ដែលមិនអាចជួយអ្វីបានច្រើនឡើយ។ លោកពន្យល់ថា ដើម្បីឲ្យមានដំណោះស្រាយ គឺមានតែពលរដ្ឋទេ ដែលត្រូវក្រោកឈរឡើងហើយតម្រង់ផ្លូវអ្នកនយោបាយ។
លោក មាស នី៖«រឿងសំខាន់ខ្ញុំគិតថា បើទុកឲ្យអ្នកនយោបាយដោះខ្លួនឯងគឺដោះមិនចេញទេ គឺមានតែពលរដ្ឋខ្មែរយើងចាប់ផ្ដើមក្រោកឈរឡើង ប៉ុន្ដែពាក្យថាក្រោកឈរឡើងនេះខ្ញុំមិនមែនសំដៅទៅលើបដិវត្ដន៍ពណ៍ ឬការផ្ដួលរំលំរដ្ឋាភិបាលអីទេ ប៉ុន្ដែក្រោកឈរឡើងហើយរៀនមើលពីអត្ដចរិករបស់អ្នកនយោបាយណាដែលអាចដឹកនាំប្រទេសខ្មែរយើងឈានចាកផុតពីស្ថានការណ៍ដណ្ដើមអំណាចគ្នាដូចសព្វថ្ងៃ»។
អ្នកស្រាជ្រាវពីបញ្ហាសង្គមពិនិត្យឃើញ ថា អ្នកនយោបាយល្មមបញ្ឈប់វប្បធម៌ចង់ឈ្នះចាញ់គ្នាបន្ដទៀត ហើយងាកមកគិតរឿងផលប្រយោជន៍ជាតិ និងពលរដ្ឋវិញ ទើបជាការប្រសើរព្រោះប្រទេសជាតិសព្វថ្ងៃពលរដ្ឋដែលរងគ្រោះក៏កំពុងតែបន្ដស្រែកយំព្រោះកង្វះយុត្ដិធម៌សង្គមនៅឡើយ។
លោក មាស នី៖«កុំយកច្បាប់មកធ្វើជាឧបករណ៍សម្រាប់សង្កត់រាស្ដ្រសុំឲ្យយកច្បាប់មកធ្វើជាឧប ករ ណ៍សម្រាប់រក្សាសុវត្ថិភាពឲ្យរាស្ដ្រ ហ្នឹងទើបអាចចាត់ទុកថា អ្នកដឹកនាំវៃឆ្លាត និងជាវីរបុរស់ប៉ុន្ដែបើយកច្បាប់មកដើម្បីផ្សព្វផ្សាយឲ្យរាស្ដ្រខ្លាច ហើយរាស្ដ្រគ្រាន់តែឃើញច្បាប់ញាក់សាច់។អាហ្នឹងមិន មែនជាប្រទេសដែលមានសន្ដិភាពគ្រប់គ្រាន់ទេ»។
គ្មានអ្វីដែល កម្ពុជា ត្រូវពឹងសហគមន៍អន្តរជាតិទេ ហើយ អន្តរជាតិ ក៏គ្មានសិទ្ធិមកដោះស្រាយរឿងផ្ទៃក្នុងរបស់កម្ពុជា ដែរ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោល ការយល់ឃើញរបស់អ្នក វិភាគ។ លោក អះអាងថាកម្ពុជា មានលទ្ធភាព ដោយខ្លួនឯង ដើម្បីដោះស្រាយ រឿងផ្ទៃក្នុង។ ប៉ុន្តែលោក ថាកម្ពុជា គ្មានវិបត្តិអ្វីទេ។
លោក សុខ ឥសាន្ដ៖«ខ្ញុំថាអត់មានអ្វីដែលត្រូវដោះស្រាយផងទាំងជាតិ និងអន្ដរជាតិមានអីដែលត្រូវដោះស្រាយ ព្រោះគ្មានអ្នកណាទៅរំលោភអ្នកណាវាអត់មានទេ រឿងដែលភាគីប្រឆាំងចោទថាអ្នកនេះទៅរំលោភអ្នកនោះគឺយើងសុទ្ធតែដឹងហើយថា អ្នកប្រព្រឹត្ដល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង វាអត់ពាក់ព័ន្ធរវាងគណបក្សនិងគណបក្សនោះទេ គឺវាពាក់ព័ន្ធរវាងតុលាការនិងអ្នកប្រព្រឹត្ដល្មើសច្បាប់»។
តែយ៉ាងណាក៏ដោយ គេដឹងថា នៅពេលកម្ពុជា មានជំលោះក្នុងសង្គ្រាមស៊ីវិលនិងសង្គ្រាមឈ្លានពាន ជាង២ទសវត្ស គឺភាគី កម្ពុជាខ្លួនឯងមិនអាច រកដំណោះស្រាយដោយខ្លួនឯងបានឡើយ។ ការជួយបញ្ចប់សង្គ្រាមពេលនោះ គឺកើតឡើងដោយសារការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដោយតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា១៩៩១៕