ភ្នំពេញ៖ លោក សម រង្ស៊ី ដែលមានបំណងចង់វិលត្រឡប់ប្រទេសវិញ ទំនងនឹងអាចទៅរួច នៅក្នុងកាលៈទេសៈនេះ បើ លោកសម រង្ស៊ី សរសេរលិខិតមកកាន់ ប្រមុខរដ្ឋាភិបាល។ ការលើកឡើងរបស់អ្នកវិភាគ ទំនងផ្អែកលើស្ថានការណ៍នយោបាយ នៅពេលចុងក្រោយនេះ ដែល សម្ដេច ហ៊ុន សែន បាន សរសេរលិខិតថ្វាយព្រះមហាក្សត្រលើកលែងទោស លោក កឹម សុខា ក្រោយពីលោកអនុប្រធានបក្សសង្គ្រោះជាតិ រូបនេះបានសរសេរលិខិតសុំអន្តរាគមន៍ពី នាយករដ្ឋមន្ត្រី។ ប៉ុន្តែអ្នកវិភាគ ព្រមានថា បើលោក សម រង្ស៊ី នៅមិនអាចចូលប្រទេស តាមរយៈដំណោះស្រាយ នយោបាយ ក៏លោក សម រង្ស៊ី អាចវិលមកវិញ តាមមធ្យោបាយផ្សេងៗទៀត ដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការលើកឡើងដូចនេះ ថា ខុសស្រឡះបើធៀបនឹងលោក កឹម សុខា។ អ្នកនាំពាក្យថា លោក សម រង្ស៊ី វិលមកវិញមានតែគុកទេស្វាគមន៍លោក។ អ្នកវិភាគព្រមានពីការសងសឹកផ្នែកនយោបាយ បើ គណបក្សសង្គ្រោះជាតិ មានឱកាស ដឹកនាំរដ្ឋាភិបាល នៅឆ្នាំ២០១៨។
ដើម្បីជ្រាបថាតើ អ្នកវិភាគមានអ្វីសំអាង ហើយអ្នកនាំពាក្យបក្សកាន់អំណាច មានអ្វីសំអាងដែរនោះ បានជាពួកគាត់ខ្វែងគំនិតគ្នា ដូចនេះ។ សូមស្ដាប់ការបកស្រាយ ដូចតទៅ៖
នៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយវិទ្យុស្ត្រី លោក ឡុង គឹមឃន អ្នកសិក្សាគោលនយោបាយការបរទេស និងច្បាប់អន្តរជាតិ ពិនិត្យឃើញហេតុផល មួយចំនួន ដែលលោក សម រង្ស៊ី អាចវិលចូលប្រទេសវិញ។ លោកបន្តថា ទំនងជាគ្មានផ្លូវរាំងខ្ទប់ លោក សម រង្ស៊ី បានជារហូតនោះទេ។ លោកទទូចថា អ្នកនយោបាយខ្មែរ គឺសម្ដេច ហ៊ុន សែន មិនអាចគិតថា ការប្ដេជ្ញារបស់លោកកន្លងមកមានប្រសិទ្ធភាពនោះ ទេ។ លោកព្រមានថា ការផ្សះផ្សាគ្នាគ្រាន់បើ ជាង អ្នកចាញ់រត់ចោលស្រុក។
តែបែបនេះក្ដីលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចនាយករដ្ឋមន្ត្រីជាប្រធានបក្ស បាននិយាយថា គ្មានផ្លូវណាមួយ បើកភ្លើងខៀវឱ្យលោកសម រង្ស៊ី វិលចូលប្រទេសបានឡើយ។ លោកព្រមានថា បើចូលមកត្រូវចាប់ខ្លួន ទៅឃុំនៅពន្ធនាគារ។ លោកបន្តថា គេមិនអាចប្រៀបធៀប ទោសកំហុស របស់លោក សម រង្ស៊ី ជាមួយ លោក កឹម សុខា បានទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា លោកកំពុងលៃលកពេល ណាមួយវិលចូលប្រទេសវិញដែលលោកថាយ៉ាងហោចណាស់ មុនឆ្នាំ២០១៨។ ការអះអាងរបស់ មេបក្សប្រឆាំងនេះបាននាំឱ្យមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងរបស់ អាជ្ញាធរកម្ពុជា។ រដ្ឋាភិបាល ចេញបំរាមមិនឱ្យ លោកវិលមកវិញដាច់ខាត ដោយព្រមានថានឹងចាប់បញ្ចូនត្រឡប់ទៅវិញភ្លាមទោះមកតាមមធ្យោបាយអ្វីក៏ដោយ។
លោកធ្លាប់និរទេសខ្លួន ដូចនេះ ៤ដងមកហើយ ប៉ុន្តែនៅទីបំផុត លោកមានឱកាសវិលមកវិញ ដោយតាមរយៈការសម្របសម្រួលនយោបាយ ឬក៏ភាពទាល់ច្រកណាមួយរបស់រដ្ឋាភិបាល។ កាលពីឆ្នាំ២០១៣ មេបក្សប្រឆាំងរូបនេះ វិលមកវិញដោយអ្នកគាំទ្រជិតមួយលាននាក់ទៅ ទទួលលោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តែលើកនេះសម្ដេច ហ៊ុន សែន សន្យា មិនសរសេរលិខិតថ្វាយព្រះមហាក្សត្រលើកលែងទោស ឱ្យលោក សម រង្ស៊ីដាច់ខាត ហើយ បើយល់ព្រមលុះត្រាតែសម្ដេចកាត់ដៃរបស់សម្ដេច មួយចហៀងចោល សិន៕