អ្នកនាំពាក្យក្រសួងការពារជាតិប្រកាន់ជំហរមិនទទួលយកការរិះគន់ចំពោះ ការដំឡើងឋានន្តរស័ក្តិដល់អង្គរក្សសម្តេច ហ៊ុន សែន ម្នាក់ទៀតដែលវាយកអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យរងរបួសធ្ងន់ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី ឬផ្កាយមួយ។
ព្រះរាជក្រឹត្យចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានត្រាស់បង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ឡើងជាឧត្តមសេនីយ៍ត្រី ក្នុងចំណោមនោះម្នាក់ជាអង្គរក្សសម្តេច ហ៊ុន សែន ឈ្មោះ ចាយ សារិទ្ធ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្ត្រីនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧នេះថា ការដំឡើងឋានន្តរស័ក្តិអង្គរក្សទាំងនោះគឺ មានគណៈកម្មាធិការវាយតម្លៃអំពីគុណសម្បត្តិរបស់ពួកគេយ៉ាងត្រឹមត្រូវ។
ករណីអ្នកតំណាងគណបក្សសង្គ្រោះជាតិ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មកបំភ្លឺនៅក្នុងរដ្ឋសភា ពីករណីដំឡើងឋានន្តរស័ក្តិដល់អង្គរក្សសម្តេច ហ៊ុន សែន ដែលបានវាយអ្នកតំណាងរាស្ត្របក្សឆាំងឲ្យរងរបួសស្ទើរស្លាប់ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ សុំមិនធ្វើការអត្ថាធិប្បាយនៅឡើយទេ។