ភ្នំពេញ៖ អ្នកជំនាញមកពីអង្គការសង្គមស៊ីវិលសហការជាមួយស្ថាប័នរដ្ឋលើកកម្ពស់កាយល់ដឹងអំពីការប្រើប្រាស់ថាមពលកកើតឡើងវិញ (កែឆ្នៃ ) ខណៈកម្ពុជាមានការប្រើប្រាស់ថាមពលកកើតឡើងវិញនៅមានកម្រិតទាបនៅឡើយ។ លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍!
អង្គការ EnergyLapរបស់ប្រទេសអូស្ត្រាលីបានសហការជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថានបាននឹងកំពុងដំណើរកាគម្រោងថាពលកកើតឡើងវិញ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ការប្រើប្រាស់ថាមពលកកើតឡើងវិញអាចជួយសន្សំសំចៃខ្ទង់ចំណាយ និងជួយឱ្យមានបរិស្ថានស្អាត។
លោកស្រី Bridget McIntosh នាយកអង្គការ EnergyLapប្រចាំប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងកាលពីសប្តាហ៍មុនថា អង្គការរបស់លោកស្រីកំពុងដំណើរការគម្រោងថាពលកកើតឡើងវិញដែលមានរយៈពេលបីឆ្នាំសម្រាប់ខេត្ត កំពត កណ្តាល ស្វាយៀង តាកែវ និង ខេត្តព្រៃវែង។
លោកស្រី បញ្ជាក់ថា គម្រោងថាមពលកកើតឡើងវិញគឺជាការទាញយកថាមពលមកប្រើប្រាស់ពីពន្លឺព្រះអាទិត្យ ខ្យល់ ជីវៈម៉ាស និងទំនាញពីរលកសមុទ្រ ដើម្បីផលិតអគ្គីសនី។
លោកស្រី Bridget McIntosh ៖«ខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានតម្លៃថោកពីព្រោះការចំណាយថាមពលកកើតឡើងវិញ (តម្លៃ) ទាបជាងបច្ចេកវិទ្យា្សេងទៀត ដើម្បីបំពេញតាមតម្រូវការអគ្គិសនីនៅកម្ពុជាអាចយកពីថាមពលពន្លឺព្រះអាទិត្យ»។
យោងតាមរបាយការណ៍របស់អគ្គីសនីកម្ពុជាសម្រាប់ឆ្នាំ ២០១៦ បង្ហាញថា ថាមពលផលិតសរុបជាង ៦ពាន់ ជីហ្គាវ៉ាត់ម៉ោង(GWh)។ ក្នុងនោះប្រភពពីវារីអគ្គីសនីមានចំនួន ៣៩ ភាគរយ ធ្យូងថ្មី ៣៦ ភាគរយ ប្រេងឥន្ទនៈ ៦ ភាគរយ និង ជីវម៉ាស ០, ៥ ភាគរយ។
របាយការណ៍មួយដែលចេញផ្សាយធនាគារអភិវឌ្ឍន៍អាស៊ីនៅឆ្នាំ២០១៥នេះ បង្ហាញថា ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាមានកម្រិតខ្ពស់សម្រាប់ប្រភពថាមពលសូឡា ដើម្បីផលិតថាមពលកកើតឡើងវិញ តែការប្រើប្រាស់ថាមពលសូឡានៅមានកម្រិតទាបនៅឡើយ។
លោក វិច ទ័រហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និង ថាមពល ឱ្យដឹងថា វារីអគ្គីសនីមានចំនូន ៧ ស្ថានីយ៍ ដែលអាចផលិតថាមពលសរុប ១៣២៨ មេហ្គាវ៉ាត់។ វារីអគ្គីសនីទាំងនោះរួមមាន វារីអគ្គីសនីគីរីរម្យ វារីអគ្គីសនីកំចាយ វារីអគ្គីសនីគីរីរម្យ៣ វារីអគ្គីសនីស្ទឹងអាតៃ វារីអគ្គីសនីស្ទឹងឬស្សីជ្រុំក្រោម វារីអគ្គីសនីស្ទឹងតាតៃ និង វារីអគ្គីសនីសេសានក្រោម ២។ នេះបើតាមគេហទំព័រព័ត៌មានរបស់ក្រសួងព័ត៌មាន។
លោកបន្ថែមថា ថាមពលផលិតអគ្គីសនីដើរដោយធ្យូងថ្មមានចំនួន ៣ ស្ថានីយ៍ ដែលអាចផលិតអគ្គីសនីសរុប ៥១៥ មេហ្គាវ៉ាត់។ ថាមពលផលិតអគ្គីសនីដើរដោយធ្យូងថ្ម រួមមាន រោងចក្រធ្យូងថ្មសុវណ្ណភូមិ រោងចក្រធ្យូងថ្ម CEL រោងចក្រធ្យូងថ្ម CIIDG។
កម្ពុជាមានស្ថានីយ៍ផលិតថាមពលអគ្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតែគត់គឺអាចផលិតអគ្គីសនីបាន ១០ មេហ្គាវ៉ាត់ ដែលស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
អ្នកនាំពាក្យក្រសួងរ៉ែ និង ថាមពល រូបនេះ បញ្ជាក់ថា ថាមពលអគ្គិសនីនៅកម្ពុជាបានកើនពី ២១១៥ មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០១៦ ហើយកើនឡើងដល់ ២២៨៣ មេហ្គាវ៉ាត់ នៅត្រឹមចុងឆ្នាំ២០១៧៕