គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល(COMFREL) បានបើកវេទិកាម្ចាស់ឆ្នោតស្ដីពីការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំទី២ កាលពីថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦។
នៅក្នុងវេទីការយៈពេលមួយថ្ងៃពេញនេះ អង្គការខុមហ្វ្រែល បានរៀបចំកម្រងសំណួរចំនួន ៣៤ ទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដោយផ្ដោតទៅលើវិស័យផ្សេងគ្នា ដូចជាប្រព័ន្ធតុលាការ សុខាភិបាល និង វិស័យការពារជាតិ និងសន្តិសុខជាតិ វិស័យរដ្ឋបាលសាធារណៈ និងវិស័យសំខាន់របស់រដ្ឋមួយចំនួនទៀត។
អ្នកចូលរួមវេទិកាម្ចាស់ឆ្នោតនេះ ប្រមាណ ១៦០ នាក់ ជាអ្នកឆ្លើយសំណួរចំនួន ៣៤ ដែលទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលកន្លងមកបានធ្វើសម្រេចអ្វីខ្លះ។ ក្នុងការវាយតម្លៃគោលនយោបាយរបស់រដ្ឋាភិបាលនេះ អ្នកឆ្លើយសំនួរនេះគ្រាន់តែអានសំណួរ រួចជ្រើសរើសលេខណាមួយក្នុងចំណោម ៥ ដើម្បីដាក់ពន្ទុលេខ ១ ស្មើនិងមិនពេញចិត្តទាល់តែសោះ ឬពេញចិត្តតិចតួច លេខ ២ ពេញចិត្តខ្លះ លេខ ៣ ពេញចិត្តមធ្យប ឬពេញចិត្តពាក់កណ្តាល លេខ ៤ ពេញច្រើន និងលេខ ៥ ពេញចិត្តស្ទើរតែទាំងស្រុង ឬពេញចិត្តទាំងស្រុក។
ជាលទ្ធផលក្នុងការវាយតម្លៃក្នុងការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំទី២ នៅព្រឹកមិញនេះ អង្គការខុមហ្វ្រែល នឹងចងក្រងរបាយការណ៍ស្ដីពីលទ្ធផល ដាក់ជូនរដ្ឋាភិបាលផ្សព្វផ្សាយជូនម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត បានដឹង និងធ្វើការសម្រេចចិត្តសម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗទៀត។
វេទិកាម្ចាស់ឆ្នោតនេះ អង្គការខុមហ្រែ្វល ធ្លាប់ធ្វើម្ដងរួចមកហើយ កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតបង្កើតបានរដ្ឋាភិបាលថ្មីអាណត្តិទី ៥ នេះរួច៕