ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណ៣៣ខ្នងផ្ទះសរុប ៧៨គ្រួសារស្ថិតនៅភូមិសំបុកចាប ឃុំត្នោតជ្រុំទី៣ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុងតែក្នុងរយៈពេលប្រមាណ ១ម៉ោងប៉ុណ្ណោះ។
លោក ឌី រ័ត្នខេមររុន អភិបាលរងខណ្ឌមានជ័យបានប្រាប់អ្នកសារព័ត៌មានថា អគ្គិភ័យនេះបានឆាបឆេះនៅម៉ោង ២ និង១៥នាទីរសៀល និងបានពន្លត់ទាំងស្រុងវិញនៅម៉ោង៣និង៣៥នាទីថ្ងៃទី២៨មិថុនានេះ។ យ៉ាងនេះក្តីលោក ឌី រ័ត្នខេមរុន មិនទាន់អាចវាយតំលៃ ថាតើអគ្គិភ័យនេះបង្កឡើងពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា អគ្គិភ័យនេះទំនងកើតពីការផ្ទុះកំប៉ុងហ្គាស។
សូមបញ្ជាក់ថា ផ្ទះរបស់ពលរដ្ឋដែលត្រូវបានអគ្គិភ័យលេបត្របាក់នេះ គឺភាគច្រើនជាគ្រួសារក្រីក្រ ដែលផ្ទះភាគច្រើនសង់ពីឈើប្រក់ស្លឹក និងប្រក់ដំបូងស័ង្កសី៕