ខណៈពេលពិភពលោកកំពុងជួបអស្ថេរភាព ដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាជនភៀសខ្លួនជាដើមនោះ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០១៥ នេះ ក្នុងទិវាអន្តរជាតិដើម្បីសន្តិភាព អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់ក្នុងពិភពលោក ដាក់អាវុធចុះ ឈប់កាប់សម្លាប់បំផ្លាញគ្នា និងត្រូវបង្កើតកន្លែងសន្តិសភាពសម្រាប់មនុស្សជំនាន់ថ្មី ឲ្យស្របតាមគោលបំណងនៃការបង្កើតអង្គការសហប្រជាជាតិឡើយ ។
លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យគូជម្លោះទាំងអស់ដាក់អាវុធចុះ បញ្ឈប់ការកាប់សម្លាប់គ្នា ការបំផ្លាញគ្នា និងបង្កើតកន្លែងសម្រាប់សន្តិភាព។
លោកបាន គីមូន បានថ្លែងសារសម្រាប់ទិវាអន្តរជាតិដើម្បីសន្តិភាព ដែលធ្វើនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នេះថា ទិវាអន្តរជាតិដើម្បីសន្តិភាពនៅឆ្នាំនេះ ធ្វើឡើងចំពោះពេលដែលអំពើហិង្សាកាប់សម្លាប់មនុស្ស និងជម្លោះអស្ថិរភាពនៅជុំវិញពិភពលោក។ លិខិតរបស់លោកបាន គីមូន បន្តថា ពិភពលោកនេះមានការទទួលខុសត្រូវរួមគ្នា ក្នុងការទាមទារឱ្យបញ្ចប់ភាពព្រៃផ្សៃ និងនិទណ្ឌភាពដែលមានយ៉ាងលើសលុប។
ទាក់ទងនឹងសារលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផាន មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏គាំទ្រគំនិតរបស់លោកបាន គីមូន នោះដែរ ។ លោកបន្តថា លោកនាយករដ្ឋមន្ត្រីបានធ្វើឲ្យកម្ពុជាទទួលបានភាពសុខសាន្ត និងការរីកចម្រើន ក្រោមគោលនយោបាយធំៗដូចជា បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះៗ និងវប្បធម៌សន្ទនា ដើម្បីធ្វើយ៉ាងណាឲ្យសណ្ដាប់ធ្នាប់នយោបាយ ស្ថិតនៅក្នុងទិសដៅសន្តិភាព និងភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។
លោកផៃ ស៊ីផាន ក៏បន្តផងដែរថា វប្បធម៌សន្ទនា គឺដើម្បីពង្រឹងនីតិរដ្ឋ មិនមែនរំលាយចោលនីតិរដ្ឋនោះទេ ។ ជាមួយគ្នាលោកក៏អះអាងដែរថា បច្ចុប្បន្ននេះ អ្នកនយោបាយមួយចំនួននៅមិនទាន់អភិវឌ្ឍន៍នយោបាយរបស់ខ្លួនឲ្យសមជាភាពជាដៃគូនៅឡើយទេ គឺនៅតែជាភាពឧទ្ទាមប្រឆាំងយកឈ្នះយកចាញ់។
លោកផៃ ស៊ីផាន អះអាងថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺចំគោលដៅរបស់រដ្ឋាភិបាលកម្ពុជា ។ លោកមានប្រសាសន៍ថា «គណបក្សប្រជាជាន ក៏ដូចជាសម្ដេចតេជោហ្នឹង យើងធ្វើយ៉ាងម៉េចគឺនាំគ្នាទៅកាន់សន្តិភាព ទទួលខុសត្រូវចំពោះមុខយុវជន ដែលជាអនាគតរបស់យើង គឺឲ្យលោកទទួលបានសន្តិភាព ទទួលបានការអប់រំ ទទួលបានវិជ្ជាជីវៈ ដែលយើងត្រូវប្រជែងនឹងភាពក្រីក្រី ប្រជែងជាមួយប្រទេសជិតខាង ដែលយើងបម្រុងចូលទៅនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះឯង ។ ដូច្នេះការលើកឡើងរបស់អង្គការសហប្រជាជាតិ ជាការលើកឡើងមួយចំទិសដៅដែលយើងបានធ្វើ»។
វិទ្យុស្ត្រី នៃWMC មិនអាចទាក់ទងសុំមតិយោបល់របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកសាម អ៊ីន មានប្រសាសន៍ថា ការអំពាវនាវរបស់លោកបាន គីមូន គឺជារឿងល្អ ។ លោកថា គ្រប់គូភាគីប្រកួតប្រជែងទាំងអស់គួរតែស្វែងរកវិធីសាស្ត្រជជែកពិគ្រោះគ្នា ដើម្បីដោះស្រាយបញ្ហាទំនាស់ផ្សេងៗនៅក្នុងសង្គមជាតិ នីមួយៗ ជាជាងប្រើប្រាស់អំពើហិង្សា ប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ។ លោកមានប្រសាសន៍ថា «ខ្ញុំគិតថា ជាសារមួយល្អប្រពៃ គណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ឃើញថា ជាសារមួយល្អប្រពៃ ផ្ញើជូនអ្នកនយោបាយទូទាំងពិភពលោក ហើយវាក៏ល្អប្រពៃដែរសម្រាប់អ្នកនយោបាយនៅស្រុកខ្មែរ ឲ្យចេះជជែកគ្នា ចេះពិគ្រោះគ្នា ស្វែងយល់ពីគ្នា គោរពគ្នាទៅវិញទៅមក ជាជាងការជេរប្រមាថគ្នា ការរុកគ្នា ការសម្លុត ការចាប់ដាក់គុកអីផ្សេងៗ ដើម្បីសម្លុត ដើម្បីគំរាមកំហែងគ្នាទៅវិញទៅមក វាមិនមែនជារឿងល្អប្រពៃទេក្នុងការដោះស្រាយបញ្ហាទាំងឡាយនៅក្នុងសង្គម ដោះស្រាយវិវាទ ដោះស្រាយជម្លោះទាំងឡាយនៅក្នុងសង្គមហ្នឹង»។
សូមជម្រាបថា សេចក្ដីថ្លែងសាររបស់លោកបាន គីមូន ធ្វើឡើងនៅខណៈពេលដែលអង្គការសហប្រជាជាតិកំពុងប្រារព្ធខួបលើកទី៧០ នៃការបង្កើតអង្កការនេះ ។ លោកបាន គីមូនបានជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក ឆក់យកឱកាសនៃការប្រារព្ធខួបទី៧០នេះ ធ្វើឲ្យបានសម្រេចនូវគោលបំណងនៃការបង្កើតអង្គការសហប្រជាជាតិ ដើម្បីជួយឲ្យជំនាន់ថ្មីទទួលបានជោគជ័យផុតពីសង្គ្រាម ៕