ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា ខ្លួននឹងបង្កើតបណ្ដាញអតីតនិស្សិតកម្ពុជាមកពីប្រទេសបារាំង ដើម្បីជួយឲ្យអ្នកទាំងនោះអាចទាក់ទងជាមួយប្រទេសបារាំង ក៏ដូចជាទទួលបានឱកាសកម្មសិក្សាជាដើម។
យោងសេចក្ដីជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យដឹងថា នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៦ល្ងាច នៅស្ថានទូតបារាំងប្រចាំកម្ពុជា នឹងមានការប្រារពពិធីប្រកាសបង្កើតជាផ្លូវការ នូវបណ្តាញអតីតនិស្សិតកម្ពុជាដែលធ្លាប់បានទៅសិក្សានៅប្រទេសបារាំង ឬ France Alumni Cambodge ក្រោមអធិបតីភាពលោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងយក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីអតីតនិស្សិតកម្ពុជាជាច្រើនមកពីជំនាន់ផ្សេងៗគ្នា។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ការបង្កើតបណ្តាញសង្គមថ្មីនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសបារាំង ហើយបណ្ដាញសង្គមបែបនេះក៏បានបង្កើតឡើងនៅក្នុងប្រទេសជាច្រើនរួចមកហើយ៕