បច្ចុប្បន្ននេះ មុខរបរលក់ចំណីព្រាបនៅតាមដងវិថីជិតមុខព្រះបរមរាជវាំងកំពុងមានការប្រជែងគ្នាលក់ច្រើន។ គ្រួសារក្រីក្រមួយមកពីខេត្តកណ្ដាលបានមកប្រកបរបរនេះ ដោយពួកគេមកលក់ចំណីព្រាបជាលក្ខណ:គ្រួសារ ក្នុងនោះមានកូនតូចៗនិងម្ដាយចាស់ជរា។ តើមុខរបរជាអ្នកលក់ចំណីព្រាបអាចជួយក្រុមគ្រួសារមួយនេះ ឲ្យរួចផុតពីទុក្ខលំបាកបានដល់កម្រិតណា?ហើយតើហេតុអ្វីបានជាពួកគេមកប្រកបរបរជាអ្នកលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំងទៅវិញ?
មានអ្នកលក់ចំណីព្រាបជាច្រើននៅមុខព្រះបរមរាជវាំង ក្នុងនោះក៏មានកុមារា កុមារី និងស្ដ្រីវ័យចំណាស់មួយចំនួនកំពុងដើរហៅភ្ញៀវដើរកម្សាន្តឲ្យជួយទិញចំណីព្រាប។
ស្ត្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយលក់ចំណីព្រាបនៅតាមចិញ្ចើមផ្លូវនៅមុខព្រះបរមរាជវាំងគឺអ្នកស្រី សំ សាម៉ន មានវ័យ ៧២ឆ្នាំ ។ អ្នកស្រីថា គ្រួសារគាត់មកពីខេត្ត កណ្ដាល ហើយគ្រួសារគាត់ប្រកបរបរជាអ្នកលក់ចំណីព្រាបគ្រប់ៗគ្នា។
អ្នកស្រីថា គាត់បានប្រកបមុខរបរនេះអស់រយ:ពេលមួយឆ្នាំមកហើយ ដោយប្រាក់ចំណូលក្នុងមួយថ្ងៃបានប្រហែល១ម៉ឺនរៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះហើយប្រាក់ ដែលរកបានត្រូវជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងមួយផ្នែកទៀតទុកយកទៅធ្វើបុណ្យ។ «ខ្ញុំលក់ចំណីព្រាបលក្ខណ:គ្រួសារបីនាក់កូនហើយនឹងចៅ ជាកូន ស្រីមួយថ្ងៃបានពីរម៉ឺនទៅមួយម៉ឺនជាងអីចឹងទៅ តម្លៃបាន១៥០០ទិញមក ខ្ញុំលក់ចេញទៅ បាន ៤០០០ ៥០០០អីដែរ។ ខ្ញុំលក់ប្រហែលមួយឆ្នាំ ហើយ។ ខ្ញុំលក់ឲ្យកូនផងនៅជាមួយកូនលក់ទៅបាននេះ ជួយកូនខ្លះទៅទុកខ្លួនឯងខ្លះទៅគ្រាន់ទៅវត្ត»។
លោកស្រីបន្ថែមថា មុខរបរជាអ្នកលក់ចំណីព្រាបនេះមានការលំបាកខ្លះដែរ ពីព្រោះថាគាត់ចាស់ដើរមិនរួចគឺត្រូវលក់នៅតែមួយកន្លែង៖ «អស់កម្លាំងដែរ រត់មិនរួច ខ្ញុំរត់មិនរួចណា៎ ខ្ញុំអង្គុយលក់ ភ្លៅហ្នឹងដើរងើបឡើងអត់រួចទេ ទាល់តែឈររាងយូរតិចបាន ឈានជើងរួចតិចៗ»។
រីឯលោកស្រី ផាត់ សាម៉េត មានវ័យជាង ៤០ឆ្នាំ មកពីខេត្តកណ្ដាល ដែលកំពុងដើរលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំងដែរនោះបាននិយាយថា អ្នកស្រីមកលក់ចំណីព្រាបជាគ្រួសារ មានកូន៤នាក់ និងមា្ដយជួយលក់ជារៀងរាល់ថ្ងៃគឺចាប់តាំងពីពេលព្រឹករហូតដល់ពេលល្ងាចទើបអ្នកស្រីត្រឡប់ទៅផ្ទះវិញ ។អ្នកស្រីថា អ្នកស្រីទិញចំណីព្រាប មកពីផ្សារកណ្ដាលឬមកពីផ្សារអូរឬស្សី ក្នុងមួយគីឡូមានតម្លៃ១៥០០រៀលហើយលក់ចេញវិញក្នុងមួយកញ្ចប់មានតម្លៃ៥០០រៀលទៅ ១០០០រៀល ហើយក្នុង មួយថ្ងៃអ្នកស្រី អាចរកចំណូលបាន៣ម៉ឺនទៅ ៤ម៉ឺនរៀលប៉ុណ្ណោះ។ «ខ្ញុំលក់ចំណីព្រាបមកដល់ម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច បានខ្ញុំវិលទៅផ្ទះវិញ។ ទិញពីគេមកមួយគីឡូ១៥០០ ខ្ញុំលក់ចេញវិញ ខ្ញុំលក់តាមកញ្ចប់ ។ មួយកញ្ចប់លក់៥០០ ឬ១០០០ ក្នុងមួយថ្ងៃបាន៣ម៉ឺនទៅ៤ម៉ឺនដែរ ។ ខ្ញុំយកមកពីផ្សារកណ្ដាលមក ផ្សារអូរឫស្សីខ្លះទៅ។ មួយថ្ងៃខ្ញុំលក់បានគិតជាគីឡូ២០គីឡូដែរ ជាមួយកូន កូនច្រើន កូន៤នាក់៥ នាក់ទាំងម៉ែ»។
លោកស្រីបន្ដថា កាលពីមុនគ្រួសារអ្នកស្រីធ្លាប់ជួបការលំបាកច្រើន តែនៅពេលអ្នកស្រីមកលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំង អ្នកស្រីមានការធូរធារជាងមុន និងសប្បាយចិត្តច្រើនដោយសារលក់នៅមុខព្រះបរមរាជវាំងគេមិនផាកពិន័យថ្លៃឈ្នួល។
លោកស្រីសាម៉េតបន្ដថា ចំណីព្រាបលក់ដាច់ច្រើនតែថ្ងៃសៅរ៍ ឬអាទិត្យហើយមានថ្ងៃខ្លះក៏លក់ដាច់ដែរ៖ «ក្នុងគ្រួសារខ្ញុំជួបការលំបាកច្រើនណាស់ ហើយដល់ពេលខ្ញុំមកលក់ ហ្នឹងដូចរាងសប្បាយ រាងរំភើបក្នុងខ្លួនតិច ។ មកដល់អ្នកចំណីព្រាបគេមិនដេញ គេមិនអីចឹងណា៎ ហើយគេឲ្យជួយថែក្នុងសួនមុខវាំងហ្នឹងមានសំរាម ឲ្យជួយថែទៅគេអត់ចាប់អត់អីទេ ។ ថ្ងៃសៅរ៍ គឺជួនកាលទៅថ្ងៃធម្មតាក៏លក់ដាច់ដែរ វាដោយង៉ៃ បើថាថ្ងៃធម្មតាមិនសូវដាច់ទៅថ្ងៃសៅរ៍មិន សូវដាច់ទៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យមានអ្នកដើរលេងច្រើនបានតែពេលព្រឹកទេ ពេលថ្ងៃអត់សូវមានព្រាប»។
លោកស្រីបន្ថែមថា បានជាអ្នកស្រីមកប្រកបរបរជាអ្នកលក់ចំណីព្រាបព្រោះថា ផលដំណាំពី ការធ្វើស្រែចម្ការ មិនអំណោយផលថែមទាំងត្រូវជំពាក់បំណុល រដ្ឋថែមទៀតទើប ធ្វើឲ្យគ្រួសារអ្នកស្រីត្រូវមកដើរលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំងបែបនេះ៖ «ធ្វើចម្ការជំពាក់គេ ខ្ចីលុយរដ្ឋគេមករកទៅ ធ្វើពោតទៅ ពោតលិចទឹកខ្ចីគេ ខ្ចីលុយរដ្ឋចឹងមកទិញ ជីក៏យកលុយហ្នឹងទៅទិញដែរ»។
រីឯប្អូនប្រុស តែ សុខជាដែលកំពុងដើរលក់ចំណីព្រាបនៅមុខព្រះបរមរាជវាំងដែរនោះ បាននិយាយថាការដើរលក់ចំណីព្រាបមានការលំបាកច្រើនព្រោះត្រូវដើរលក់ទាំងថ្ងៃក្ដៅ ទាំងហាលភ្លៀង។
ប្អូនប្រុសបន្ថែមថារូបប្អូនមិនបានសិក្សាដូចក្មេងដទៃទេព្រោះត្រូវរកលុយជួយក្រុមគ្រួសារនិងប្អូនៗ៖ «លំបាកតើ ក្ដៅផងមេឃភ្លៀងមករងា ភាគច្រើនបរទេសទិញ ច្រើនជាងគាត់មកចឹងបានជួបចឹងខ្លះទិញ ទៅបានម៉ារៀលពីររៀលខ្លះណា គេមានគេឲ្យគេឲ្យច្រើន។ អត់ បានរៀនតាំងពីនៅតូច ជួយលក់ម៉ែបានបង់ថ្លៃផ្ទះរៀនបានតាប្អូនមួយ ស្រី»។
អ្នកទេសចរណ៍ម្នាក់ដែលកំពុងឈរបោះចំណីឲ្យព្រាបជាមួយមិត្តភក្ដិនៅមុខព្រះបរមរាជវាំងគឺកញ្ញា ចិន្ដា ជានិស្សិតមកពីសាកលវិទ្យាល័យចេនឡាបាននិយាយថា ជា ធម្មតាកញ្ញាមកដើរកម្សាន្ដនៅមុខព្រះបរមរាជវាំងនេះតែងតែដាក់ចំណីឲ្យព្រាបជានិច្ច ។
កញ្ញាថា នៅពេលឃើញអ្នកដើរលក់ចំណីព្រាបម្ដងៗកញ្ញាតែងមានចិត្តអាណិតដល់ពួកគេ និងចង់ជួយទិញឲ្យបានច្រើនដែរ តែដោយសារកញ្ញាគ្មានលទ្ធភាពអាចជួយ ទិញបាន ច្រើន ទើបកញ្ញាជួយទិញបានតិចតួច តាមសមត្ថភាពដែលកញ្ញាមានប៉ុណ្ណោះ។ «ពេលមករាល់ដងគឺខ្ញុំតែងតែបោះចំណីឲ្យព្រាបរហូត ។ និយាយទៅមានអារម្មណ៍ថា អាណិត ចិត្តចង់តែទិញឲ្យច្រើនប៉ុន្ដែធ្វើម៉េចទិញមិនបានច្រើនជួយបានតែប៉ិនហ្នឹងចឹង» ។
រីឯអ្នកដើរកម្សាន្តនៅមុខព្រះបរមរាជវាំងម្នាក់ទៀតគឺកញ្ញា រីយ៉ាជានិស្សិតនៃសាកលវិទ្យា ល័យជាតិគ្រប់គ្រងបាននិយាយថា កញ្ញាចូលចិត្តដាក់ចំណីឲ្យព្រាបព្រោះកញ្ញាគិតថា សត្វព្រាបជាតំណាងសន្ដិភាពនិងសេចក្ដីស្រឡាញ់ ទើបធ្វើឲ្យកញ្ញាមានចិត្តសប្បាយនៅពេលបានដាក់ចំណីឲ្យព្រាប ។
រីយ៉ាន្ថែមថា នៅពេលកញ្ញាឃើញអ្នកលក់ចំណីព្រាបកញ្ញាមានចិត្តអាណិតដល់ពួកគេតែ គិតថា នេះជាជីវិតហើយវាជាមុខរបរមួយដែលពួកគេត្រូវតែធ្វើ៖ «និយាយរួម ខ្ញុំមានសេចក្ដីអាណិតសត្វ ហើយនិងស្រឡាញ់វាហ្មង ។ ឃើញសត្វព្រាបចឹងខ្ញុំមានអារម្មណ៍ថា វាតំណាងឲ្យសន្ដិភាព តំណាងឲ្យសេចក្ដីស្រឡាញ់ ។ ចឹងខ្ញុំទិញចំណី ផ្ដល់សេចក្ដីស្រឡាញ់ជាមួយសត្វដូចជាសត្វ និងផ្ដល់ភាពរីករាយមើលទៅលំអមុខវាំង ហើយលំអទីក្រុងទៀត ពិតបើសិនជាមានអ្នកអភិរក្សទៅលើសត្វព្រាបហ្នឹងរឹតតែល្អទៀតហើយ ។ មើលទៅវាពិតជាគួរអាណិតពួកគាត់ ប៉ុន្ដែនេះគឺជាជីវិតហើយវាជាមុខរបរដែលពួកគាត់ត្រូវតែធ្វើ ព្រោះភាគ ច្រើនពេលខ្ញុំសួរក្មេងថា ហេតុអីបានជាមកលក់ចឹង? គាត់ថាឪពុក ម្ដាយរបស់គាត់ ឲ្យគាត់មក លក់ដើម្បីយកលុយហ្នឹងទៅជួយជីវភាព ហើយនិងចាយខ្លួនឯងខ្លះ ហើយនិងយកទៅរៀនខ្លះ ។ ចឹងជីវិតរបស់ពួកគាត់មើលទៅពិតជាគួរឲ្យអាណិតណាស់»។
ចំណែកឯលោកស្រី ផាត់ ស៊ីណេមមកពីខេត្តកណ្ដាលជាអ្នកប្រកបរបរលក់ទឹកនៅមុខ ព្រះបរមរាជវាំងបាននិយាយថា កាលពីមុនអ្នកស្រីជាអ្នកលក់ចំណីព្រាប នៅមុខព្រះបរមរាជវាំងដែរ តែដោយសារប្រាក់ចំណូលពីការលក់ចំណីព្រាបមិនអាចជួយផ្គត់ផ្គង់ក្រុមគ្រួសារបាន ទើបអ្នកស្រីត្រូវប្ដូរមុខរបរមកលក់ទឹកវិញម្ដង។
លោកស្រីបន្តឲ្យដឹងថា ការលក់ទឹកនិងលក់ចំណីព្រាបអាចទទួលបានប្រាក់ចំណេញប្រហាក់ប្រហែលគ្នា តែដោយសារអ្នកលក់ចំណីព្រាបមានច្រើនពេកលក់មិនសូវដាច់អ្នកស្រីមកលក់ទឹកវិញ ទើបអាចជួយជីវភាពគ្រួសារបានធូរជាងមុន។ «ពីដំបូងលក់ចំណីព្រាបទេ ដល់ពេលឥឡូវមកលក់ទឹកវិញ ។ ចំណីព្រាបលក់អត់បានចិញ្ចឹមកូនទេ បានយ៉ាងច្រើនមួយថ្ងៃមួយម៉ឺនទេ ។ ចំណេញស្មើគ្នា និយាយទាំងលក់ទឹក ទាំងលក់ចំណីព្រាប ប៉ុន្ដែលក់ចំណីព្រាបគេលក់ច្រើនពេក ដល់ចឹងលក់អត់សូវដាច់ លក់អត់ឈ្នះគេមកលក់ទឹកវិញអាចចិញ្ចឹមកូនបាន»។