loader

​សេ​ដាក​ ៖ ​កសិករ​គួរ​ដាំ​ដំណាំ​នៅ​ដើមរដូវ​ប្រាំង​នេះ​ ព្រោះ​អាកាសធាតុ​អំណោយផល​

​ភ្នំពេញ​ ៖​ រដូវ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​នៅ​រដូវប្រាំង​នៅ​លើ​វាលស្រែ​ឆ្នាំ​នេះ​បាន​មក​ហើយ​ បន្ទាប់​ពី​ការ​ច្រូតកាត់​ស្រូវ​វស្សា​រួច​។​ នៅ​ឆ្នាំ​នេះ​ អង្គការ​សេ​ដាក​សង្កេត​ឃើញ​ថា​ អាកាសធាតុ​ហាក់ដូចជា​អំណោយផល​ល្អ​ សម្រាប់​ដំណាំ​រដូវ​វ​ប្រាំង​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នៅ​ចុងរដូវ​វស្សា​។​ ដើម្បី​ជា​ជំនួយ​ដល់​កសិករ​ដែល​មាន​គម្រោង​ធ្វើការ​ដាំ​ដុះ​នៅ​ដើមរដូវ​វ​ប្រាំង​នេះ​ អង្គការ​សេ​ដាក​ មានគំនិត​មួយ​ចំនួន​ណែនាំ​ដល់​កសិករ​ដូច​ខាងក្រោម​៖​

ដំណាំរួមផ្សំរបស់កសិករសេដាកដែលដាំលើដីចំការនៅរដូវប្រាំង។រូបភាពពីCEDAC
ដំណាំរួមផ្សំរបស់កសិករសេដាកដែលដាំលើដីចំការនៅរដូវប្រាំង។រូបភាពពីCEDAC
១.​ធ្វើការ​ដាំ​ដុះ​ទៅ​តាម​ទំហំ​ធនធាន​ដែល​មាន​ ជា​ពិសេស​ ជីធម្មជាតិ​ កម្លាំង​ពលកម្ម​ និង​ទឹក​ស្រោច​ស្រ​ព្វ​ បន្ថែម​។​ កសិករ​គួរ​ដាំ​ដុះ​លើ​ដី​តូច​តែ​បាន​ផល​ច្បាស់លាស់​ ជា​ជាង​ធ្វើ​លើ​ផ្ទៃដី​ធំ​តែ​អត់​បាន​ផល​។​ សន្សំ​ និង​ប្រើប្រាស់​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​មិន​ត្រឹមតែ​ផ្តល់​ជីជាតិ​ដល់​ដំណាំ​នោះ​ទេ​ វា​ថែម​ទាំង​អាច​ជួយ​ដល់​ការ​រក្សា​សំណើម​បាន​ល្អ​នៅ​ក្នុង​ដី​ទៀត​ផង​។​ មួយវិញទៀត​ ជីធម្មជាតិ​នឹង​បន្សល់​ទុក​នូវ​ជីជាតិ​ដល់​ស្រូវ​នៅ​រដូវ​ក្រោយ​ថែម​ទៀត​ផង​។​

២.​ដើម្បី​ជួយ​រក្សា​សំណើម​ក្នុង​ដី​បាន​ល្អ​ កសិករ​គួរ​គ្រប​ដី​ដោយ​ប្រើ​ចំបើង​ ឬ​ស្លឹកឈើ​ផ្សេងៗ​។​ ព្រោះ​សារធាតុ​ទាំងនេះ​ នឹង​រលួយ​ក្លាយជា​ជី​សម្រាប់​ដំណាំ​ ជា​ពិសេស​សម្រាប់​ស្រូវ​នៅ​រដូវ​ក្រោយ​។​

៣.​ជៀសវាង​ដាំ​ដំណាំ​តែ​មួយ​មុខ​នៅ​លើ​ដី​តែ​មួយ​  យក​ល្អ​ដាំ​ឲ្យ​បាន​ ២​ ទៅ​ ៣​ មុខ​ ប្រសិនបើ​ខុស​មួយ​ ក៏​នៅ​បាន​មួយ​។​ ម្យ៉ាងទៀត​ការ​ដាំ​ដំណាំ​ច្រើន​មុខ​ អាច​ជួយ​ការពារ​នូវ​ការ​បំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​បាន​ផង​ដែរ​។​

ដំណាំសណ្តែកដែលកសិករដាំលើផ្ទៃដីស្រែក្រោយប្រមូលផល។ ដំណាំសណ្តែកនេះពេលឱ្យផល កសិករអាចប្រមូលផលទុក រួចភ្ជួរលុបដើមសណ្តែកតែម្តងពេលរៀបចំដីធ្វើស្រែបន្ត។រូបភាពពីCEDAC
ដំណាំសណ្តែកដែលកសិករដាំលើផ្ទៃដីស្រែក្រោយប្រមូលផល។ ដំណាំសណ្តែកនេះពេលឱ្យផល កសិករអាចប្រមូលផលទុក រួចភ្ជួរលុបដើមសណ្តែកតែម្តងពេលរៀបចំដីធ្វើស្រែបន្ត។រូបភាពពីCEDAC
៤.​កសិករ​គប្បី​ជួប​ជាមួយ​កសិករ​ផ្សេងៗ​ទៀត​ និង​អ្នកបច្ចេកទេស​ដើម្បី​សួរនាំ​ពី​បទ​ពិសោធន៍​ល្អៗ​ ក្នុង​ការ​ដាំ​ដុះ​។​

៥.​ក្តាប់​ឲ្យ​បាន​នូវ​តំរូវការ​ទីផ្សារ​ និង​ផែនការ​ដាំ​ដុះ​របស់​កសិករ​ដទៃ​ទៀត​ នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ ដើម្បី​ជៀសវាង​នូវ​ការ​ដាំ​ដំណាំ​ដូចៗ​គ្នា​ ពីព្រោះ​អាច​បណ្តាល​ឲ្យ​ផលិត​របស់​កសិករ​ លើស​តម្រូវការ​ទីផ្សារ​។​

៦.ចងក្រង​គ្នា​ជា​ក្រុម​ដើម្បី​លក់​ផលិតផល​ ពីព្រោះ​ងាយស្រួល​ក្នុង​ការ​ច​ចារ​តម្លៃ​ ហើយ​ងាយស្រួល​ ដល់​ឈ្មួញ​ក្នុង​ការ​ប្រមូលផ្តុំ​ផលិតផល​។​ ប្រការ​ល្អ​គួរ​ជ្រើសរើស​តំណាង​កសិករ​ ដើម្បី​ទំនាក់ទំនង​រក​ទីផ្សារ​ ជា​ពិសេស​ អ្នក​ដែល​ហ៊ាន​ទិញ​ផលិតផល​ក្នុង​តម្លៃ​មួយ​សមរម្យ​។​ ជៀសវាង​ការ​ដណ្តើម​គ្នា​លក់​ផលិតផល​ ដែល​អាច​នាំ​ឲ្យ​ឈ្មួ​ល​ងាយស្រួល​ក្នុង​ការ​បន្ថោក​តំលៃ​។​

សួនបន្លែចំរុះនេះ គេអាហៅបានថា កសិដ្ឋានចំរុះ ដែលគេយកផ្ទៃដីស្រែ បែងចែកជាស្រះចិញ្ចឹមត្រីផង ដាំបន្លែចំរុះផង និងដាំស្រូវផង។រូបភាពពីអង្គការសេដាក
សួនបន្លែចំរុះនេះ គេអាហៅបានថា កសិដ្ឋានចំរុះ ដែលគេយកផ្ទៃដីស្រែ បែងចែកជាស្រះចិញ្ចឹមត្រីផង ដាំបន្លែចំរុះផង និងដាំស្រូវផង។រូបភាពពីអង្គការសេដាក
លោក​ ស្រ៊ុ​ន​ ស្រៀ​ង​ ជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ត្រពាំង​គង​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ និយាយ​ថា​ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​ក្រោយ​ការ​ប្រមូល​ផល​ស្រូវ​រួច​ កសិករ​ត្រូវ​ឆ្លៀតពេល​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ស្រូវ​ឲ្យ​បាន​ល្អជា​មុន​ និង​ត្រៀម​គ្រាប់ពូជ​ដំណាំ​ឲ្យ​បាន​គ្រប់គ្រាន់​ ។​ កសិករ​រូប​នេះ​ បន្ត​ថា​ពី​មុន​លោក​មិន​ដែល​គិត​ពី​ការ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ និង​ដាំ​ដុះ​ដំណាំ​សម្រាប់​រដូវប្រាំង​ទេ​ គឺ​ទុក​ដី​ទំនេរ​ចោល​។​ ប៉ុន្តែ​ក្រោយ​ពី​បាន​ធ្វើការ​ផ្លាស់​ប្តូរ​  គឺ​លោក​បាន​ទទួល​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​  ដោយ​ក្នុង​ផ្ទៃដី​ចំនួន​ ២០​ អារ​ ពី​ទំលាប់​ចាស់​គឺ​បាន​ផល​តែ​ ៣៦០​ គីឡូក្រាម​តែ​ប៉ុណ្ណោះ​   តែ​ក្រោយ​ពី​ការ​ផ្លាស់​ប្តូរ​មក​ដាំ​ដំណាំ​នៅ​លើ​ដីស្រែ​ និង​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ស្រូវ​វិញ​ នៅ​លើ​ផ្ទៃដី​ដដែល​ គឺ​ ២០​ អារ​ លោក​អាច​ទទួល​បាន​ផល​ស្រូវ​ចំនួន​ ៥២៨​ គីឡូក្រាម​ និង​ចំណូល​ពី​ការ​លក់​បន្លែ​ប្រមាណ​ ១,២​ លាន​រៀល​ក្នុង​មួយ​ឆ្នាំ​បន្ថែម​ទៀត​ ។​  

ចំណែក​លោក​អ្នក​មីង​ ឡេ​ង​ យា​ត​ ជា​កសិករ​រស់នៅ​ភូមិ​គោក​ងួ​ន​ ឃុំ​ត្រពាំង​ឬ​ស្សី​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ គាត់​ក៏​មានបទពិសោធន៍​ល្អ​ក្នុង​ដាំ​ដំណាំ​ និង​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ ក្រោយ​ពេល​ច្រូតកាត់​រូ​ច​ផង​ដែរ​ គាត់​តែង​ធ្វើការ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ និង​ជ្រើស​រើសមុខ​ដំណាំ​សំរាប់​យមក​ដាំ​ទៅ​តាម​ស្ថានភាព​ដី​ គឺ​គាត់​បាន​ដាំ​ដំណាំ​ដូច​ជា​ ននោង​ ត្រឡាច​ ត្រសក់​ ។​ ក្នុង​មួយ​ឆ្នាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ ២៥​ អារ​គាត់​អាច​ទាញ​យក​ផល​ពី​ដំណាំ​ទាំងនោះ​ប្រមាណ​ ៣,៥​ លាន​រៀល​ ដែល​ក្នុង​នោះ​បាន​ពី​ការ​លក់​ស្រូវ​ប្រមាណ​ជា​ ២​ លាន​រៀល​ និង​ផល​បាន​ពី​ការ​លក់​បន្លែ​ប្រមាណ​ជា​ ១,៥​ លាន​រៀល​ ។​ លោក​បញ្ជាក់​ថា​ ការ​ទទួលផល​បាន​ច្រើន​បែប​នេះ​គឺ​ដោយ​គាត់​បាន​អនុវត្ត​បច្ចេកទេស​នេះ​អស់​រយៈពេល​ជិត​ ១០​ ឆ្នាំ​កន្លង​មក​ហើយ​ ។​

លោក​បណ្ឌិត​ យ៉ង​ សាំង​កុមារ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សេ​ដាក​ បាន​បញ្ជាក់​ថា​ កសិករ​គ្រប់​គ្នា​គួរតែ​ធ្វើការ​ដាំ​ដំណាំ​នៅ​រដូវប្រាំង​ ដើម្បី​ធ្វើ​ជា​គម្រប​ដី​ ជួយ​រក្សា​និង​បង្កើន​ជីជាតិ​ដី​ បន្លែ​ហូប​ចុក​គ្រប់គ្រាន់​ ពិសេស​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​ផង​ដែរ​។​  លោក​បន្ថែម​ថា​ ការ​គ្រប់គ្រង​ និង​រក្សា​ជីជាតិ​ដី​បាន​ល្អ​គឺជា​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​កសិករ​ ក្នុង​ការ​បង្កើន​នូវ​ទិន្នផល​ដំណាំ​ និង​ស្រូវ​ដែល​ជា​ចំណែក​មួយ​ដ៏​ធំ​សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​៕​  

ប្រភពអត្តបទ៖ អង្គការសេដាក

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើអ្វីជាភាពខុសគ្នារវាងពន្ធអនុគ្រោះ EBA និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម FTA?

ក្រុងភ្នំពេញ៖ នារយៈពេលខ្លីនេះ សហភាពអឺរ៉ុបទើបត[...]

ខែឧសភា ឆ្នាំ២០១៩៖ ចាប់បានរថយន្តដឹកលើសទម្ងន់ ២២១គ្រឿង និងពិន័យជាង ៥០០ លានរៀល

ភ្នំពេញ៖ ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០១៩ សមត្ថ[...]

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនៅតំបន់ឆ្នេរដើមឆ្នាំ២០២០

ភ្នំពេញ៖ កម្ពុជាបង្ហាញជំហរគាំទ្រការរៀបចំព្រឹត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត