ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់ សុំផ្ទេរសេវាចំនួនជាង ៩០ ប្រភេទពីក្រសួងដែនដីទៅអង្គភាពច្រកចេញចូលតែមួយជាអ្នកគ្រប់គ្រងវិញ។តាមសម្ដេចស ខេង កាធ្វើដូចនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយភាពក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។
លោក ធូ វិរៈ ជូនេចក្តីរាយការណ៍
យោងតាមលិខិតរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី ២៥ តុលា ឆ្នាំ ២០១៨ ដោយមានបានស្នើសុំផ្ទេរប្រភេទសេវាដែលកំពុងផ្តល់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រគល់ទៅឱ្យអង្គភាពច្រកចេញចូលតែមួយដែលបង្កើតឡើងដោយក្រសួងមហាផ្ទៃ។
ក្នុងលិខិតក្រសួងមហាផ្ទៃបញ្ជាក់ន័យដើមថា «ប្រភេទសេវានៃវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅពុំទាន់បានដាក់ឱ្យដំណើរការនៅអង្គភាពច្រកចេញចូលតែមួយបានទាំងស្រុងនៅឡើយ ដោយសារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត បានផ្ទេរតែប្រភេទសេវាចំនួន ៣៣ ចង្កោម ស្មើនឹង ១១១ ប្រភេទសេវាតែប៉ុណ្ណោះមកអង្គភាពច្រកចេញចូលតែមួយ ហើយបានរក្សាទុកប្រភេទសេវាចំនួន ២៦ ចង្កោម ស្មើនឹង ៩៦ ប្រភេទសេវាឱ្យបន្តផ្តល់នៅតាមមន្ទីរដដែល»។
កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃបានដាក់ឱ្យដំណើរអង្គភាពច្រកចេញចូលតែមួយជាណ្តោះអាសន្ន ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានី ខេត្តទាំង ២៥ ហើយក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យដំណើរការអង្គភាពនេះជាផ្លូវការនៅដើមឆ្នាំ ២០១៨នេះ។
ច្រកចេញតែមួយគឺជាគោលនយោបាយ វិមជ្ឈការនិងសហវិមជ្ឈការ ដែលដាក់ចុះដោយរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០១។ គោលនយោបាយនេះ មានគោលបំណង ផ្សាភ្ជាប់ ការបែងចែក ផលប្រយោជន៍និងការទទួលខុសត្រូវតាមបែបប្រជាធិបតេយ្យមូលដ្ឋានលើកិច្ចការអភិវឌ្ឍថ្នាក់ក្រោមជាតិ។ តាមរយៈគោលនយោបាយនេះ បាននាំអោយមានការទុកចិត្ត ជាខ្លាំងនិងមានការទទួលខុសត្រូវរបស់អាជ្ញាធរ ថ្នាក់ក្រោមនិងនាំអោយពលរដ្ឋទទួលបានផលប្រយោជន៍ដោយសមភាព៕