ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឱ្យយកករណីមរណៈភាពលោកបណ្ឌិត កែម ឡី ជាបញ្ហារឿងនយោបាយដែលសម្ដេចថា មានឃាតកម្មកើតឡើងទៅលើបុគ្គលលិចធ្លោជាច្រើនកន្លងមកនេះ។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូចនេះ ក្នុងពិធីសម្ពោធអាគារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងពិធីនេះសម្ដេចបានរំលឹកពីករណីឃាតកម្ម លើកងទ័ពដែលមានតួនាទីខ្ពង់ខ្ពស់ មានទាំងអ្នកនយោ បាយ និងឧកញ្ញាក៏មានដែរ។ សម្ដេចថា រដ្ឋាភិបាលខិតខំរក្សាសន្តិសុខ និងសន្តិភាព គឺដើម្បីអ្វីដែលសម្ដេចថា ការពារអាយុជីវិតមនុស្សគ្រប់រូប ។
សម្ដេចបានចោទជាសំនួរថា តើមជ្ឈដ្ឋានណាជាអ្នកយកផលចំណេញលើមរណៈភាពលោក កែម ឡី។ ប្រសាសន៍របស់សម្ដេច ហ៊ុន សែន៖
ជាមួយគ្នានេះ សម្ដេចក៏បានចូលរួមរំលែកទុក្ខជូនចំពោះគ្រួសារលោក កែម ឡី ផងដែរ។
បុរសដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មានរហស្សនាម «ជួបសម្លាប់» បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា លោកបានបាញ់សម្លាប់ជនរងគ្រោះដោយសារតែលោកព្យាយាមទារប្រាក់ពីអ្នកវិភាគ រូបនេះមិនបាន ដែលបានជំពាក់លោកមួយឆ្នាំមកហើយ គឺទឹកប្រាក់ ៣០០០ដុល្លារ។
ទោះជាយ៉ាងណាលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញពុំទាន់ជឿថា ជនដៃដល់មានឈ្មោះ ទិត សំអុល ហៅ «ជួបសម្លាប់» ដូចការសារភាពរបស់គេឡើយ។ លោកថា សមត្ថកិច្ចកំពុងមានតម្រុយច្រើន ដែលមានប្រយោជន៍ដល់ការស៊ើបអង្កេតបន្តទៀត។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង ៨និង ៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលដេញចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាព៕