សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ជាថ្មីដល់រថយន្ដធុនធ្ងន់គ្រប់ប្រភេទ កុំអោយដឹកទំនិញលើសចំណុះ ដែលនាំអោយផ្លូវថ្នល់ខូច។
ការអំពាវនាវរបស់នាយករដ្ឋមន្ដ្រីធ្វើឡើង នៅពេលសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ76 នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានប្រវែង172គម លាតសន្ឋឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់ឃុំតាអង ខេត្តរតនគិរី នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកានេះ។
ក្នុងពិធីនេះសម្ដេចបានចាប់អារម្មណ៍ ចំពោះការធ្វើដំណើររបស់ជនរួមជាតិដែលចេញ ដំណើរពីទីប្រជុំជន ទៅកាន់តំបន់នានា និងពីតំបន់នានាទៅកាន់ប្រជុំជន កុំដឹកលើសទម្ងន់ ដើម្បីជាប្រយោជន៍ជួយដល់អ្នកដំណើរដទៃដែលធ្វើដំណើរនៅលើផ្លូវថ្នល់។
កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង សាធារណៈការនិងដឹកនាំជញ្ចូនលោក ស៊ុន ចាន់ថុល បានព្រមានថា លោកចាត់ការចំពោះក្រុមហ៊ុនដឹកជញ្ជូនណាដែល ដឹកទំនិញលើសចំណុះដែលនាំឱ្យខូចផ្លូវ។ ផ្លូវថ្នល់នៅកម្ពុជា ត្រូវបានពណ៌នា ថា ជួសជុលមុខ ខូចក្រោយ គឺធ្វើជាប់រហូតព្រោះគុណភាព៕