ភ្នំពេញ៖ សមាជិកសភានៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានថ្កោលទោសគណបក្សប្រជាជនកម្ពុជា និងការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើឡើងយ៉ាងប្រញាប់ប្រញាល់នៅព្រឹកថ្ងៃចន្ទ័ទី២០ កុម្ភៈនេះ។ មន្ត្រី ជាន់ខ្ពស់គណបក្សកាន់អំណាច ឆ្លើយតបថា ច្បាប់នេះធ្វើឡើងស្របតាមរដ្ឋធម្មនុញរបស់ប្រទេសកម្ពុជា។
សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្សបានថ្កោលទោសការអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មស្តីពី គណបក្សនយោបាយ ដោយចាត់ទុកថាការអនុម័តនោះ«គឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។»
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យទី១៩ខែកុម្ភៈ គឺមួយថ្ងៃមុនរដ្ឋសភាបានអនុម័តសេចក្តីស្នើច្បាប់នេះក្នុងកិច្ចប្រជុំវិសាមញ្ញា សមាជិកសភាអាស៊ានដែលមានមូលដ្ឋានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក៏បានថ្កោលទោសគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ដោយបានហៅថាគណបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជាបានធ្វើច្បាប់យ៉ាងប្រញ៉ាប់ប្រញ៉ាល់ក្នុងគោលដៅសំដៅលើគណបក្សប្រឆាំង។
ក្រុមសមាជិកសភាដដែលចាត់ទុកថា សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ «បង្កើតឲ្យមានការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។»
លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី បានថ្លែងថា«ច្បាប់នេះនឹងប្រែក្លាយប្រទេសនេះទៅជារដ្ឋដែលមានគណបក្សតែមួយ។»
លោកបន្តថា ច្បាប់នេះ នឹងប៉ះពាល់ដល់ភាពស្របច្បាប់នៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នៅខែ មិថុនាឆ្នាំ ២០១៧ ខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា សេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយនេះ ស្របទៅនឹងរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយលោកគូសបញ្ជាក់ថា ច្បាប់នេះសំដៅទៅលើគ្រប់គណបក្សនយោបាយទាំងអស់ មិនចំពោះតែគណបក្សសង្គ្រោះជាតិនោះទេ។ ឥសាន្ត៖«ខ្លឹមសារច្បាប់មិនមានពាក្យណានិយាយដល់បក្សប្រឆាំងទេគឺ ធ្វើច្បាប់នេះសម្រាប់អនុវត្តន៍គ្រប់គណបក្សទាំង អស់ដែលមាននៅកម្ពុជា។ វាអាស្រ័យទៅឆន្ទះរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតគាំទ្រគណ បក្សណាមួយ យើងមិនអាចកំណត់បានទេ បើប្រជាពលរដ្ឋលោកគាំ ទ្រតទៅទៀត អាហ្នឹង តទៅទៀតទៅ»។
សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាន ១១ ជំពូក និង ៥០ មាត្រា។ ការអនុម័តសេចក្តីស្នើច្បាប់នេះកាលពីព្រឹកមិញ មិនមានវត្តមានរបស់តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទេ៕