ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៧ ដែលរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ ប្រព្រឹត្តិទៅក្រោមប្រធានបទ៖ «ការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ» ដោយមានប្រជាពលដ្ឋ កម្មករ កម្មការនី និងបុគ្គលិកអង្គការសង្គមស៊ីវិលចូលរួមជាង៣ពាន់នាក់។
ថ្លែងនៅក្នុងទិវានេះ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក និងជាប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្ម ព្រមទាំងជាតំណាងក្រុមការងាររៀបចំវេទិកាសិទ្ធិមនុស្ស១០ធ្នូ លោកធន សារាយ បានថ្លែងកត់សម្គាល់ថា ការរៀបចំទិវាសិទ្ធិមនុស្សនៅឆ្នាំនេះ ធ្វើឡើងក្រោមបរិយាកាសមួយ ដែលលំហសេរីភាពក្នុងការបញ្ចេញមតិកំពុងរួមតូចទៅៗ ។
លោកធន សារាយ បានថ្លែងបន្តថា បរិយាកាសនយោបាយអាប់អួរនាពេលបច្ចុប្បន្ន ដែលស្ដែងឡើងតាមរយៈការខ្វែងគំនិតគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បង្កើតភាពមិនប្រាកដប្រជាក្នុងចំណោមប្រជារាស្ត្រទូទាំងប្រទេស។
លោកមានប្រសាសន៍បន្តថា៖ «ការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន ព្រមទាំងការពង្រាង (ការធ្វើសេចក្ដីព្រៀង) និងអនុម័ត្តថ្មីៗ ដូចជាច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណែត ច្បាប់សហជីព និងច្បាប់ផ្សេងៗទៀតក្នុងពេលថ្មីៗនេះ សុទ្ធតែបានគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល ទៅដល់សេរីភាពក្នុងការបញ្ចេញមតិដោយសេរីនាពេលនេះ»។
លោកធន សារាយ ក៏បានធ្វើការកត់សម្គាល់បន្ថែមទៀតថា ការវិវត្តថ្មីៗ នៃស្ថានភាពនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ហាក់បង្ហាញថា កម្ពុជាកំពុងឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា។
ចំណែកនាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោកតឹក វណ្ណារ៉ា បានថ្លែងសុន្ទរកថា ក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ ម្សិលមិញនេះដែរថា លោកសម្ដែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំដោះស្រាយវិវាទដីធ្លី ដូចជាសម្រេចគោលការណ៍កាត់បន្ថយរយៈពេលផ្ដល់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ពី៧០ឆ្នាំ ទៅ៩៩ ឆ្នាំ មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំវិញ និងបានកាត់ត្រឡប់មកវិញនូវដីសម្បទានសេដ្ឋកិច្ចមួយចំនួន។
យ៉ាងនេះក្ដី លោកតឹក វណ្ណារ៉ា កត់សម្គាល់ថា ការខិតខំប្រឹងប្រែងរស់រាជរដ្ឋាភិបាលកម្ពុជានោះ នៅមិនទាន់ឆ្លើយតបទាំងស្រុងនៅឡើយទេ ក្នុងការដោះស្រាយវិវាទដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា ព្រោះបញ្ហាទាំងនេះ ត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា នៅតែបន្ត និងជាបញ្ហាប្រឈមចម្បងៗសម្រាប់ប្រជាជនកម្ពុជា។
លោកតឹម វណ្ណារ៉ាបានមានប្រសាសន៍ថា៖ «បញ្ហាវិវាទដីធ្លី និងជម្លោះលើការប្រើប្រាស់ធនធានធម្មជាតិ ដែលបានកំពុងកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្កឡើងពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួនដែលមិនគោរព និងអនុវត្តតាមច្បាប់ ដែលមានជាធរមាន បានធ្វើឲ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរស់នៅជាមូលដ្ឋានរបស់ប្រជាជន ដែលពឹងអាស្រ័យលើធនធានដីធ្លី និងធនធានធម្មជាតិ ដូចជាសិទ្ធិជនជាតិដើមភាគតិច សិទ្ធិប្រើប្រាស់ដីធ្លី ព្រៃឈើ និងទឹកស្អាតជាដើម»។
ថ្លែងសុន្ទរកថាក្នុងទិវាសិទ្ធិមនុស្សនេះដែរ ប្រធានសហជីពសហភាពការងារកម្ពុជាលោកអាត់ ធន់ បានកត់សម្គាល់ថា ទោះបីជាកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដែលបានធានាដល់សិទ្ធិសេរីភាពពលរដ្ឋ និងមានការវិវឌ្ឍនៃការប្រើប្រាស់សិទ្ធិសេរីភាពបានមួយចំនួនយ៉ាងណាក៏ដោយ ក៏បញ្ហារំលោភសិទ្ធិមនុស្សនៅតែបន្តមាន និងជាពិសេសការរំលោភសិទ្ធិការងារ។
លោកអាត់ ធន់ បន្តថា ការបង្កើតច្បាប់សហជីព ជាការបង្កឧបសគ្គដល់សហជីពមិនឲ្យធ្វើសកម្មភាពបាន។
សូមជម្រាបថា នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ក៏មានការថ្លែងសុន្ទរកថារបស់តំណាងជនជាតិដើមភាគតិច ការថ្លែងសុន្ទរកថារបស់មន្ត្រីរដ្ឋាភិបាល និងការថ្លែងសុន្ទរកថារបស់តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរ។
ជាការកត់សម្គាល់ ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសហជីព បានជូនដំណឹងដល់សាលារាជធានីភ្នំពេញ អំពីការដើរហែក្បួនពីរដ្ឋសភា មកកាន់ទីលានប្រជាធិបតេយ្យ។ ប៉ុន្តែសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យហែក្បួននោះទេ ហើយបានកំហិតឲ្យសម្ព័ន្ធសង្គមស៊ីវិល១០ធ្នូ ជួបជុំគ្នានៅសួនច្បារមាត់ទន្លេខាងកើតវត្តភ្នំ និងមិនមានការសាងសង់រោង ឬវេទិកាឡើយ។ យ៉ាងនេះក្ដី ក៏សម្ព័ន្ធសង្គមស៊ីវិល១០ធ្នូ បានជម្នះជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនេះទៅទីលានប្រជាធិបតេយ្យ ដោយមានធ្វើវេទិកា និងរោងសម្រាប់អ្នកចូលរួមជ្រកកម្ដៅថ្ងៃផងដែរ៕