កោះកុង៖ សកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែងខេត្ដកោះកុងមកពីចលនាមាតាធម្មតាជាតិចំនួនបីនាក់នៅព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៦នេះ ត្រូវបានតុលាការសម្រេចប្រកាសសាលក្រម ដោយកំណត់ឲ្យអ្នកទាំងបីនាក់នោះទទួលទោស ១ឆ្នាំ ៦ខែ ដោយអនុវត្ដន៍ទោសរយៈពេល ១០ខែ ១៥ថ្ងៃ និង ពិន័យជាប្រាក់ចំនួនជាង ១០០លានរៀល ។ ចំពោះការសម្រេចនេះ ទាំងអ្នកការពារសិទ្ធិមនុស្ស និងពលរដ្ឋយល់ថា ជារឿងដែលមិនត្រឹមត្រូវ ។
មេធាវីការពារក្ដីឲ្យសកម្មជនមាតាធម្មជាតិទាំងបីនាក់នេះគឺ លោក សំ ចំរើន បានថ្លែងប្រាប់វិទ្យុស្ដ្រីថា តុលាការបានចេញសាលក្រមដូចនេះនៅចំពោះមុខ ជនជាប់ចោទទាំង៣រូបនេះ។ ជនជាប់ចោទទាំង៣រូបនេះគឺ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។
លោកមេធាវីបន្ដថា អ្នកទាំងបីនាក់នឹងត្រូវបានចេញពីពន្ធនាគារនៅថ្ងៃនេះព្រោះបើគិតពីថ្ងៃដែលសមត្ថកិច្ច ចាប់ខ្លួនកាលពីខែ សីហា ឆ្នាំមុន មកដល់ថ្ងៃនេះគឺការអនុវត្ដន៍ទោសបានចប់ហើយ ។ លោក សំ ចំរើន បញ្ជាក់ថា ចំពោះថ្ងៃកំណត់ត្រូវបង់ប្រាក់សំណងឬក៏យ៉ាងណានោះគឺត្រូវរង់ចាំសាលក្រមសម្រេចចេញជាស្ថាពរមកសិន ទើបអាចកំណត់បានថា តើត្រូវទទួលយកឬក៏ធ្វើយ៉ាងណាទៀត។
លោក សំ ចំរើន៖«រឿងផ្សេងទៀតខ្ញុំនឹងជួបពិភាក្សាជាមួយគាត់ឆាប់ៗនេះដែរ តើថាយើងត្រូវស្ងប់ស្ងាត់ទទួលយកសេចក្ដីសម្រេចហ្នឹង ឬថាយើងត្រូវធ្វើយ៉ាងម៉េចពេលបន្ទាប់»។
ជាមួយគ្នានេះលោក ស៊ន ចាន់តារ៉ា ជាសកម្មជានការពារព្រៃឈើ មកពីចលនាមាតាធម្មជាតិ ដោយបានចូលទៅស្ដាប់ការប្រកាសសាលក្រម កាលពីព្រឹកមិញដែរនោះយល់ថា ការសម្រេចដាក់ទោសទៅលើសកម្មជនមាតាធម្មជាតិទាំងបីនាក់នោះជារឿងអយុត្ដិធម៍ដែល លោកថាការអនុវត្ដន៍ច្បាប់នៅកម្ពុជា មានស្ដង់ដាពីរ ។
លោកបន្តថា នាពេលកន្លងមករាជរដ្ឋាភិបាលបានប្រកាសថា យុវជនត្រូវមានកាតព្វកិច្ចចូលរួមការពារព្រៃឈើ ប៉ុន្ដែមន្ដ្រីអាជ្ញាធរបែរជាមិនអនុវត្ដន៍ហើយមិនតែប៉ុណ្ណោះបែរជាចាប់អ្នកការពារព្រៃឈើដាក់គុគទៅវិញ។ លោក សន ចាន់តារ៉ា៖«ខ្ញុំយល់ឃើញថា ការអនុវត្ដន៍ច្បាប់នៅកម្ពុជាមានស្ដងដាពីរ ហើយខ្ញុំគិតថាវាមិនមានភាពស្មើរគ្នាចំពោះយុវជន ហើយអ្នកទាំងបីនាក់នេះគឺគាត់លះបង់ធំធេងមែនទែប៉ុន្ដែគាត់បែរជាទទួលបានការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកន្លះនិងបង់ប្រាក់ពិន័យចំនួនសំណងរដ្ឋបវេនីទៅក្រុមហ៊ុនដែលជាដើមបណ្ដឹងចំនួន ១០២លានរៀលទៀត អញ្ចឹងវាគឺអយុត្ដិធម៍មែនទែន»។
ចំណែកលោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ(LICADHO) ប្រចាំខេត្តកោះកុងដែលបានតាមដានសវនាការកាលពីព្រឹកមិញមានប្រសាសន៍ថា ការសម្រេចកាត់ទោសលើសកម្មជនចលនាមាតាធម្មជាតិទាំងបីនាក់នេះ គឺជារឿងអយុត្ដិធម៍សម្រាប់ពួកគាត់ ព្រោះអ្នក ទាំងបីនាក់គឺជាជនក្រីក្រដែលលះបងទាំងប្រយោជន៍គ្រួសារនិងជីវភាពគ្រួសារដើម្បីជួយសង្គម ។
លោកយល់ថា តុលាការមិនគួរដាក់ពីន័យគាត់ធ្ងន់ធ្ងរដូច្នេះទេ ព្រោះតែអ្នកទាំង៣នាក់នោះ មិនមានលទ្ធភាពបង់សំណងច្រើនបែបនេះឡើយ ។លោក អ៊ិន គង់ជិត បញ្ជាក់ថា ទង្វើរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលចូលរួមការពារបរិស្ថាននេះ រាជរដ្ឋាភិបាលគួរតែពិចារណាផ្ដល់ការលើកលែងដល់ពួកគាត់ ហើយផ្ទុយទៅវិញគួរផ្ដល់ជាពានរង្វាន់ ដល់សកម្មជនទាំង៣នាក់នេះវិញ។ លោក អ៊ិន គង់ជិត៖«ខ្ញុំយល់ថា ការដែលគាត់ចូលរួមការពារបរិស្ថាននេះ គួរតែរដ្ឋាភិបាលគួរតែលើកទឹកចិត្ដគាត់ ផ្ដល់ពានរង្វាន់ដល់គាត់ ហើយមិនគួរដាក់ទោសទណ្ឌលើគាត់ធ្ងន់ធ្ងរដូចនេះទេ ហើយយើងយល់ថា សាលក្រមនេះវាអយុត្ដិធម៍សម្រាប់ពួកគាត់»។
សូមជម្រាបថា សកម្មជនចលនាមាតាធម្មជាតិទាំង ៣នាក់នេះ ត្រូវបានតុលាការខេត្តកោះកុង ឃុំខ្លួនដោយចោទពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ បន្ទាប់ពីក្រុមហ៊ុន បូមខ្សាច់មួយឈ្មោះ ដាយរ៉េក អាកសេស ខូ,អ៊ិល,ធីឌីបានប្ដឹង ។ អ្នកទាំង៣នាក់ មកពីអង្គការចលនាមាតាធម្មជាតិ ដែលមានលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ជាប្រធាន ដែលបច្ចុប្បន្ននេះលោក កំពុងរស់នៅនិរទេសខ្លួន ៕