កម្ពុជាប្រារព្ធខួបឯករាជ្យភាព ៩វិច្ឆិកា ពីអាណានិគមបារាំងឆ្នាំ១៩៥៣។ ការដណ្ដើមឯករាជ្យភាពពីបារាំង នៅពេលនោះ គឺក្រោមការដឹកនាំរបស់មេដឹកនាំនៃសម័យសង្គមរាស្ដ្រនិយម ដែលក្នុងនោះ សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ ធ្វើអោយបារាំងប្រគល់ឯករាជ្យ មកឱ្យកម្ពុជាវិញ។
ជាអកុសលនៅពេលដែលកម្ពុជាគ្រប់គ្រងដែនដីរបស់ខ្លួន បែរជាពេលនោះ កម្ពុជារបូតដែនដីខ្មែរក្រោមទៅឱ្យវៀតណាមនៅឆ្នាំ១៩៤៩ គឺ មុន៤ឆ្នាំប៉ុណ្ណោះ ដែលបារាំងប្រគល់ឯករាជ្យភាពមកឱ្យកម្ពុជានៅឆ្នាំ១៩៥៣។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈ ជាទឹកដីនៅនាយសមុទ្ររបស់កូសាំងស៊ីន ដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះ ទៅជាមួយនឹងប្រទេសវៀតណាម។ ១០ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតជារដ្ឋវៀតណាមឯករាជ្យមួយ ដែលមានរដ្ឋធានីនៅសៃហ្គន (ព្រៃនគរ) ក្រោមការដឹកនាំរបស់អតីតអធិរាជបាវដាយ។
ការរបូតដែនដីកម្ពុជាក្រោមនេះ ធ្វើអោយអ្នកវិភាគមួយចំនួនយល់ឃើញថា ជាការធ្វេសប្រហែសមួយរបស់កម្ពុជា ដែលធ្វើអោយវៀតណាម វាយលុកនយោបាយការទូត ដើរឈានមុខកម្ពុជាមួយជំហាន។ សូមស្ដាប់ការរៀបរៀងបទវិភាគដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
កម្ពុជាក្រោម ជាដែនដីមួយភាគដែលស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។ កាលពីសម័យដើមដែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រកម្ពុជា មានវិសាលភាពធំធេងណាស់។ អ្នកប្រវត្តិសាស្ត្របានហៅថា ជា ចក្រភពខ្មែរ។ នៅក្នុងសម័យនោះ កម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាង ដូចជា ប្រទេសចម្ប៉ា ប្រទេសមន ប្រទេសជ្វា ជាដើម ។
ការបាត់បង់ទឹកដីកម្ពុជាក្រោម គឺមុនអាណានិគមបារាំងប្រគល់ឯករាជ្យភាពឱ្យកម្ពុជា ។
ចុះហេតុអ្វីបានជាបារាំងពេលនោះ ប្រគល់កម្ពុជាក្រោមអោយទៅវៀតណាម ហើយយល់ព្រមអោយកម្ពុជាទទួលបានឯករាជ្យភាព?
អ្នកវិភាគមើលឃើញគុណសម្បត្តិ និងគុណវិបត្តិនៅពេលតែមួយ ។ គុណសម្បត្តិត្រង់ថា កម្ពុជាបានឯករាជ្យភាពគ្រប់គ្រងដែនដីដោយខ្លួនឯង ។ រីឯ គុណវិបត្តិ គឺ ហាក់ដូចជាយល់ព្រមសម្របសម្រួល តាមកាលៈទេសៈ។
លោក ឯម សុវណ្ណារ៉ា សាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោបាយ យល់ឃើញថា ការបាត់បង់ដែនដីកម្ពុជាក្រោមហាក់ដូចជាកំហុសប្រវត្តិសាស្ដ្រមួយរបស់កម្ពុជា។លោកថា បារាំងដាក់លក្ខខណ្ឌអោយកម្ពុជា ទើបបារាំងប្រគល់ឯករាជ្យភាពអោយកម្ពុជា ជាថ្នូរនិងការដែលបារាំងកាត់ដីកម្ពុជាក្រោមអោយទៅវៀតណាម។
លោកសាស្ដ្រាចារ្យបានពន្យល់បន្ថែមដូចនេះ ៖ « ទស្សនៈខ្ញុំផ្ទាល់មើលឃើញថា ការប្រគល់ទឹកដីកម្ពុជាក្រោម មកកម្ពុជា ទាមទារច្រើន។ ក្នុងលក្ខន្ថិកៈនឹងយើងពុំបានមានឯកសារច្បាស់លាស់បញ្ជាក់ពីបញ្ហានៃការទាមទារនេះទេ នៅពេលដែលយើងទាមទារឯករាជ្យពីបារាំងហ្នឹង គឺ បារាំងគេចង់បានឱ្យកម្ពុជានៅក្រោមរបបអាណាព្យបាលបារាំងដដែល ក៏ប៉ុន្ដែដោយសារតែ កម្ពុជាយើងចង់បានឯករាជ្យភាព បារាំងគេដាក់លក្ខខ័ណ្ឌរឿងទឹកដីកម្ពុជាក្រោម គេមិនប្រគល់ឱ្យកម្ពុជា»។
លោកសាស្ដ្រាចារ្យបន្ដថា បើនិយាយពីយុត្ថិសាស្ដ្រវិញ គឺ វៀតណាមសុខចិត្តបាត់អត្ដសញ្ញាណប្រវត្តិសាស្ដ្ររបស់ខ្លួន ដោយយល់ព្រមទទួលយកការបង្កើតទម្រង់អក្សរដោយអាណានិគមបារាំង។ តែកម្ពុជា ព្យាយាមការពារវប្បធម៌អក្សរសាស្ដ្ររបស់ខ្លួនប្រឆាំងនឹងបារាំង។ លោកថា អាចមកពីកត្តាដូចនេះហើយ ទើបបារាំងកាត់ដីកម្ពុជាក្រោម ឱ្យទៅវៀតណាម។
លោក ឯម សុវណ្ណារ៉ា ៖« ហើយមួយទៀត វាពាក់ព័ន្ធទៅនឹងតថភាពប៉ិនប្រសប់នៃនយោបាយបរទេសរបស់វៀតណាម នៅសម័យកាលនោះ ភាពទន្លន់ គេមានការទំនាក់ទំនងស្និទស្នាលជាមួយមន្ដ្រីដែលប្រចាំការរបស់បារាំងនៅឥណ្ឌូចិននេះ វាមានទំនាក់ទំនងល្អជាមួយវៀត ណាម ហើយកត្តាមួយទៀត គឺ ពាក់ព័ន្ធទៅនឹង គេហៅថា ចូលសង្គមតាមបែបបទវៀតណាមនិងច្រើន ដោយសារតែបារាំងនឹងគេដាក់ការផ្លាស់ប្ដូរគេហៅថាសាសនា ឬក៏អក្សរបារាំង អក្សរវៀតណាមអីនឹង គេទទួលយកបាន ដោយឡែកនៅកម្ពុជាកាលណានៅពេលដែគេផ្លាស់ប្ដូរ នៅឆ្នាំ១៩៤២ ផ្លាស់ប្ដូរអក្សរខ្មែរ ឱ្យសរសេរតាមសំនៀង ឬទម្រង់អក្សរបែបឡាតាំងហ្នឹង គឺ កម្ពុជាយើងធ្វើបដិវត្តន៍មួយ ដែលមានព្រះសង្ឃចេញការពារ មានសិស្ស និស្សិត តវ៉ាជាមួយបារាំង រហូតដល់ផ្ទុះទៅជាបញ្ហាបះបោរ មួយនៃការផ្លាស់ប្ដូរ។ ចឹងហើយ យើងមើលចរន្ដនៃការផ្លាស់ប្ដូរហ្នឹង បារាំងគេមិនប្រគល់ឱ្យកម្ពុជា វាមានកត្តាច្រើននៅក្នុងប្រវត្តិសាស្ដ្រ»។
លោកសាស្ដ្រាចារ្យ ថា បើទោះជាកម្ពុជារបូតដីកម្ពុជាក្រោមទៅវៀតណាម រយៈពេល៦៧ឆ្នាំក៏ដោយ តែកម្ពុជានៅតែមានលទ្ធភាពប្ដឹងរឿងនេះ ទៅកាន់អង្គការសហប្រជាជាតិ ព្រោះច្បាប់អន្ដរជាតិគេនិយាយថា លុះត្រាតែផុត ១០០ឆ្នាំ ទើបមិនអាចប្ដឹងផ្ដល់បាន។ តែបែបនេះក្ដី លោកសាស្ដ្រចារ្យ គិតថា កំហុសមួយទៀត គឺ កម្ពុជា បង្កើតច្បាប់បំពេញបន្ថែមដែលសភាបានអនុម័តនៅឆ្នាំ២០០៥ ធ្វើអោយវៀតណាមមានភាពកាន់តែស្របច្បាប់គ្រប់គ្រងដែនដីកម្ពុជាក្រោមនិងកោះត្រល់។
លោក ឯម សុវណ្ណារ៉ា ៖ «បើទស្សនៈខ្ញុំ ថា លំបាកណាស់នៅក្នុងការតស៊ូ ទាមទារទឹកដីកម្ពុជាក្រោម មកកម្ពុជា ដោយសារតែ កត្តាអី កត្តាទីមួយយើងពាក់ព័ន្ធទៅកត្តាផ្លូវច្បាប់ យើងត្រូវមើលទៅលើកត្តាផ្លូវច្បាប់ជាកត្តាសំខាន់ដែលកម្ពុជាយើង យើងបានអោយសច្ចាប័ននៅឆ្នាំ២០០៥ លើសន្ធិសញ្ញាបំពេញបន្ថែម បានន័យថា យើងទទួលស្គាល់ព្រំដែនទឹកដីកម្ពុជាក្រោម របស់វៀតណាមទៅហើយ ទីពីរ ពាក់ព័ន្ធទៅនឹងកត្តាខ្លួនឯង កំលាំងខ្លួនឯង កម្ពុជាយើងមានលក្ខណៈទន់ខ្សោយជាងប្រទេសជិតខាង យើងកុំនិយាយថាប្រទេសវៀតណាម តែឡាវក៏យើងនៅចង់មានការលំបាកដែរ ថ្វីត្បិតតែពលរដ្ឋយើងច្រើន តែកំលាំងយើងនៅមានកម្រិត ហើយយើងអត់បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការទាមទារ ឬក៏ដណ្ដើមមកវិញទេ ចឹងហើយខ្ញុំដូចជា ពុំមានសង្ឃឹម ឬក៏ទស្សនៈសុទិដ្ឋិនិយមទៅលើបញ្ហានៃការវិលត្រឡប់នូវទៅដឹកដីកម្ពុជាក្រោមទេ» ។
ទឹកដីកម្ពុជាក្រោមលាតសន្ធឹងលើផ្ទៃដី ៩៨ពាន់ ៩៦៥គឺឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅប្រហែលជាង១៤លាននាក់។ នេះបើយោងតាមការឲ្យដឹងរបស់សេចក្តីប្រកាសព័ត៌មានរបស់សមាគមខ្មែរកម្ពុជាក្រោម។ ប៉ុន្តែបើតាមតួលេខរបស់អង្គការសហប្រជាជាតិដោយផ្អែកទៅលើជំរឿនឆ្នាំ២០០៩របស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថាពលរដ្ឋខ្មែរក្រោមមានចំនួនត្រឹម១សែន២លាននាក់។ការបាត់បង់ដែនដីកម្ពុជាក្រោមមិនមែនជាកំហុសរបស់មេដឹកនាំខ្មែរសម័យសង្គមរាស្ដ្រនិយមនោះទេ ។
លោក សំបូរ មាណ្ណារ៉ា សាស្ដ្រាចារ្យប្រវត្តិសាស្ដ្រ មានប្រសាសន៍ថា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ជាអត្ថន័យមួយដែលបង្ហាញអំពីគោលជំហររបស់ជាតិខ្មែរ ដែលឱ្យពិភពលោកដឹងថា យើងជាប្រទេសមួយដែលមានឯករាជ្យ អធិបតេយ្យភាព និងសេរីភាព ដែលទទួលបានការអបអរសាទរ ពី បណ្ដាប្រទេស នៅលើពិភពលោក ។ តែលោកថា ករណីដែនដីកម្ពុជាក្រោមក៏មិនមែនជាការធ្វេសប្រហែសរបស់មេដឹកនាំខ្មែរ ជំនាន់សង្គមរាស្ដ្រនិយមនោះដែរ ។
សាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា ៖ «ខ្ញុំសូមជម្រាបថា ក្ដីសំខាន់បំផុតបុណ្យឯករាជ្យ រម្លឹកអំពីការតស៊ូ យើងមានការដឹកនាំមគ្គុទេស៍ដ៏ឆ្នើម សម្រាប់ករុណានរោត្ដមសីហនុ ព្រះបាទរតនកោដ្ឋផងដែរ ហើយចំនែកនេះដែរ យើងអាចនិយាយពីប្រជាជន គឺ ខ្មែរយើងច្រើនណាស់ ទោះបីខ្មែរដែលប្រកាន់និន្នាការឆ្វេងនិយម ស្ដាំនិយម ឬកណ្ដាលបែបណាក៏ដោយ ប៉ុន្ដែចំពោះបញ្ហាដែលនឹកឃើញអំពីការបាត់បង់ទឹកដី មិនមែនចាំថ្ងៃឯករាជ្យទេ ខ្មែរយើងដឹង ខ្មែរយើងចេះនិងយល់ច្រើនណាស់អំពីប្រវត្តិសាស្ដ្រនៃការបាត់បង់ទឹកដី។ អ្វីដែលយើងចងចាំបំផុតនោះ តើខ្មែរយើងបានរៀនពីប្រវត្តិសាស្ដ្រដែលនាំទៅដល់ការបាត់បង់ និងសិក្សាពីប្រវត្តិសាស្ដ្រកុំអោយបាត់បង់តទៅទៀត កម្រិតណា »។
ការបាត់បង់ទឹកដីកម្ពុជាក្រោមអោយទៅវៀតណាម គឺ ខ្មែរគ្រប់ជំនាន់ទាំងអស់ត្រូវតែសោកស្ដាយ ទោះបីខ្មែរ ក្នុងជួរគណបក្សប្រឆាំង ឬបក្សកាន់អំណាចក៏ដោយ។ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអបអរសាទរបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ដោយលោកចាត់ទុកថា ជាស្នាព្រះហស្ថ របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដមសីហនុ ។ តែយ៉ាងណាក៏ដោយ លោកថា ករណីដែនដីកម្ពុជាក្រោមហាក់ដូចជាអស់លទ្ធភាពក្នុងការប្ដឹងផ្ដល់ទៅហើយ ព្រោះបារាំងបានប្រគល់ដីទៅឱ្យវៀតណាមដោយមានឯកសារគតិយុត្តត្រឹមត្រូវ។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា[/caption]
លោក សុខ ឥសាន្ដ ៖ «វាច្បាស់ហើយ បងប្អូនមួយចំនួនដែលស្រឡាញ់ទឹកដីដែលមានការសោកស្ដាយនេះ ចេះថា ជាទឹកដីកម្ពុជាក្រោមរបស់ខ្មែរ ក៏ប៉ុន្ដែវាអតីតទេ តែបច្ចុប្បន្ននេះ វាជាដែនដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទៅហើយ ហើយយើងមិនបានដឹងថាផ្លូវណាដែលអាចទាមទារមកបាន ពីព្រោះព្រះករុណាសម្ដេចព្រះនរោត្ដមសីហនុ ពេលដែលលោកទាមទារឯករាជ្យបារាំងមក លោកក៏មិនបានទាមទារដែនដីកម្ពុជាក្រោមពីបារាំងដែរ ពីព្រោះដែនដីកម្ពុជាក្រោមដូចខ្ញុំថា ខាងដើមចឹង ជាដែនដីកូសាំងស៊ីនដែលជាអាណានិគមនិយម ហើយជាកម្មសិទ្ធិរបស់បារាំង ពេលដែលបារាំងរៀបចេញទៅ បានប្រគល់ឱ្យស្ដេចបាវដាយនេះ ។ យើងគួរអោយសោកស្ដាយណាស់ ដែលទឹកដីរបស់យើងធំធេងប៉ុណ្ណឹងហើយ បារាំងបែរជាមិនមើលប្រវត្តិសាស្ដ្រតាំងពីដើមមក បែរជាប្រគល់អោយភាគីវៀតណាម ស្ដេចបាវដាយទៅវិញ»។
បញ្ហាដែនដីកម្ពុជាក្រោម នៅតែជាប្រធានបទនៃការបកស្រាយផ្ទុយគ្នារវាងជនជាតិខ្មែរ និងវៀតណាម។ អ្នកប្រវត្តិសាស្ត្រខ្មែរភាគច្រើនលើកឡើងថា ដែនដីកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់កម្ពុជា។ តែបែបនេះក្ដី រដ្ឋាភិបាលវៀតណាម នៅតែអះអាងថា ដែនដីកម្ពុជាក្រោម ជាដែនដីប្រវត្តិសាស្ដ្ររបស់ខ្លួន ដោយគេបានបង្ហាញឲ្យក្មេងជំនាន់ក្រោយវៀតណាមយល់ថា ទឹកដីកម្ពុជាក្រោម ជាដីភូមិសាស្ត្ររបស់ វៀតណាម ដោយលើកឡើងថា ពលរដ្ឋវៀតណាម គឺជាអ្នកចូលរុករានកាប់ឆ្ការព្រៃ បង្កើតសហគមន៍កាន់កាប់នៅទីនោះ តាំងពីដើមមក៕