loader

​លោក អេង ឆៃអ៊ាង ៖ បក្សប្រឆាំងមិនបង្កើតបក្សថ្មីតាមការគូសវាសរបស់សម្ដេច ហ៊ុន សែន

ភ្នំពេញ៖ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយបង្ហាញជំហរថា សមាជិកអតីតគណបក្សសង្គ្រោះជាតិនឹងមិនទៅបង្កើតគណបក្សថ្មីតាមការចង់បាន និងការគូសវាសរបស់សម្តេច ហ៊ុន សែន នោះទេ។

                                            ​​​                   លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ។

ក្នុងសំណេរដើមរបស់លោក អេង ឆៃអ៊ាង លោកសរសេរថា គណបក្សសង្គ្រោះជាតិមិនដើរលើផ្លូវដែលនាយករដ្ឋមន្រ្តីកំពុងចង់បាននោះទេ ព្រោះលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្តាច់ការ ហើយកម្ពុជានឹងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ ហើយពលរដ្ឋខ្មែរនឹងរស់នៅក្នុងភាពក្រីក្រ និងភ័យខ្លាច ។

ផ្ទុយទៅវិញលោកថា ផ្លូវដែលគណបក្សសង្គ្រោះជាតិដើរ គឺនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មានស្ថេរភាព សន្តិភាព និងមានការអភិវឌ្ឍន៍ពិតប្រាកដ ហើយទទួលបានផលប្រយោជន៍យ៉ាងធំធេងពីសហគមន៍អន្តរជាតិ។

ក្នុងសំណេរដដែលនោះ លោក អេង ឆៃអ៊ាង ក៏បានបង្ហាញពីចំណុចស្នូរនៃជំហរខ្លះៗរបស់បក្សប្រឆាំងដែលក្នុងនោះរួមមាន ការលុបចោលសេចក្តីសំរេចរំលាយគណបក្សសង្គ្រោះជាតិ។ ដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់។ ទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។ អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើសកម្ម ភាពដូចពេលមុន និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៨។   

កាលពីម្សិលមិញសម្តេច ហ៊ុន សែន បានថ្លែងសារក្នុងន័យបើកភ្លើងខៀវឱ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិ អាចបង្កើតបក្សប្រឆាំងថ្មីមួយដើម្បីប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីពីលោក។ ការថ្លែងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងគឺដើម្បីបញ្ចប់ការចិញ្ចឹមចិត្តរបស់សមាជិកបក្សប្រឆាំងដែលគិតថា គណបក្សសង្គ្រោះជាតិនឹងអាចរស់ឡើងវិញនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយសារសម្ពាធអន្តរជាតិមកលើករដ្ឋាភិបាលកម្ពុជា។

សម្តេច ហ៊ុន សែន ប្រកាសយ៉ាងដាច់ខាតថា គ្មានឡើយការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិ ព្រោះបក្សមួយនេះត្រូវបានរំលាយដោយតុលាការកំពូលហើយនោះ។

លោក អេង ឆៃអ៊ាង ហៅការថ្លែងរបស់សម្តេច ហ៊ុន សែន កាលពីម្សិលមិញថា ជាការលេចឡើងនៃសេណារីយោថ្មីបន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញកំពុងរងសម្ពាធដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ។ លោកបន្តថានេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ជាការកត់សម្គាល់ ការបើកផ្លូវខៀវឱ្យសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីនេះ គឺកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានដាក់សម្ពាធជាបន្តបន្ទាប់មកលើរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក្នុងមានការផ្អាកនិងព្យួរជំនួយមកគណៈកម្មការជាតិរៀបចំការបោះឆ្នោត រឹតត្បឹតទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីកម្ពុជាមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំង និងរំលោភសិទ្ធិមនុស្ស។ ក្នុងនោះសហភាពអឺរ៉ុប ក៏នឹងឈានទៅលុបបំបាត់ការអនុគ្រោះពន្ធនាំចូលផងដែរ៕

 

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត