ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការកំពូលកោះហៅឱ្យចូលក្នុងសវនការនៅចុងខែតុលានេះ នៅក្នុងសំណុំរឿងបណ្ដឹងសាទុក្ខ។
តាមដីកាកោះចុះកាលពីថ្ងៃទី០៤ ខែតុលា អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ បានបង្គាប់ឲ្យលោក កឹម សុខា បង្ហាញខ្លួនក្នុងសវនាការ ដែលគ្រោងធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី២៨ ខែតុលាខាងមុខនេះ។
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ក្រោមបទចោទ បដិសេធក្នុងការចូលខ្លួន តាមការកោះហៅ ទាក់ទងនឹងសំណុំរឿងស្នេហាលួចលាក់រវាងលោក និងនាងខុម ចាន់តារាទី ហៅស្រីមុំ។
បន្ទាប់ពីការសម្រេចពីសាលាដំបូងរាជធានីភ្នំពេញ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល ឱ្យពិនិ ត្យមើលនីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដោយពួកគេថា ការចោទប្រកាន់កូនក្ដីរបស់ពួកគេ ត្រូវបានធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈដែលកូនក្ដីរបស់ពួកគេមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែងនោះទេ។
សូមជម្រាបផងដែរថា អស់រយៈពេលជិត ៥ខែមកហើយ ដែលលោក កឹម សុខា លាក់ខ្លួនក្នុងនៅក្នុងទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់ចាក់អង្រែលើ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេច កាលពីចុងខែឧសភាកន្លងមក ក្រោយពីលោកបដិសេធចូលបំភ្លឺក្នុងតុលា ការជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕