និយាយបណ្តើរភ្នែកសម្លឹងមើលទៅដំបូកផ្ទះថ្មីប្រក់ស័ង្ហសី រួចងាកសម្លឹងមើលទៅភរិយារបស់ខ្លួន លោក អេង ស៊ាង ជាស្វាមីរបស់អ្នកស្រី ង៉ែត ឃុន បាននិយាយដោយសំឡេងស្អកៗថា៖ « ខ្ញុំអាណិតភរិយាខ្លាំងណាស់ គាត់ខំរកស៊ីគ្រប់បែបយ៉ាងដើម្បីគ្រួសារតាំងពីដើម… រឿងចេញទៅតវ៉ារឿងដីធ្លីអី ខ្ញុំតែងប្រាប់ឃាត់គាត់ ព្រោះខ្លាចមានគ្រោះថ្នាក់ កុំឱ្យគាត់ចេញឈរនៅខាងមុខគេ ប៉ុន្តែឃាត់គាត់ គាត់មិនព្រមស្តាប់ មានអី មានតែតាមហ្នឹងទៅ…»។
នៅក្នុងកាយវិការបង្ហាញពីទឹកចិត្តអាណិតចំពោះម្តាយ អ្នកស្រី អេង គឹមជួ អាយុ ៤៤ ឆ្នាំ ជាកូនស្រីទីពីររបស់អ្នកស្រី ង៉ែត ឃុន បាននិយាយររៀបរាប់ថា « គាត់ជាមនុស្សម្នាក់ តស៊ូពុះពារឧបសគ្គគ្រប់បែបយ៉ាងដើម្បីគ្រួសារ តាំងពីខ្ញុំធំដឹងក្តីមក ម៉ែគាត់បានដើរតួនាទីរ៉ាបរងស្ទើទាំងអស់… ជីវិតរបស់គាត់ជួបរឿងរ៉ាវច្រើនណាស់ មិនសមសោះអាជ្ញាធរ សមត្ថកិច្ច បែរជាមកធ្វើបែបនេះដាក់គាត់ គាប់សង្កត់យកដីយកផ្ទះសម្បែង » ។
បង្អង់សម្តីបន្តិចអ្នកស្រីបន្តទៀតថា ៖ « ខ្ញុំអាណិតគាត់ណាស់ គាត់ចាស់ហើយ… គាត់ចេញទៅតវ៉ាពេលខ្លះត្រូវគេវាយធ្វើបាប ពេលខ្លះត្រូវគេបាញ់ គេឆក់ ចាប់ដាក់គុកច្រវ៉ាក់ គាត់ចង់យុត្តិធម៌ ចង់បានដីបានផ្ទះមកវិញ ខ្ញុំជាកូនបានត្រឹមតែជួយតាមមើលគាត់ពេលចេញទៅតវ៉ាម្តងៗ មិនអាចឃាត់គាត់បានទេ» ។
អ្នកស្រី ង៉ែត ឃុន កើតនៅឆ្នាំ ១៩៣៩ នៅភូមិអង្កាញ់ ឃុំប្រាំបីមុំ ស្រុកត្រាំ ខេត្តតាកែវ ។ គាត់បានរៀបការជាមួយលោក អេង ស៊ាង មានកូនស្រីប្រុសទាំង អស់ ១០ នាក់ ប៉ុន្តែកូនប្រុស ៣ នាក់ត្រូវបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។
នៅឆ្នាំ ១៩៨០ គ្រួសាររបស់អ្នកស្រីបានមករស់ទីក្រុងភ្នំពេញសារជាថ្មី ដោយប្រកបរបរជាអ្នកធ្វើនំក្រូច នំកង បន្តិចបន្តួចគ្រាន់ជួយដល់ជីវភាពគ្រួសារ។
បច្ចុប្បន្នអ្នកស្រី ង៉ែត ឃុន រស់នៅក្នុងគ្រួសារដែលមានសមាជិកទាំងអស់ចំនួន ១០ នាក់។ ក្នុងនោះមានកូនស្រីប្រុសចំនួន ៥ នាក់ មានកូនស្រី ២ នាក់ធ្វើជាកម្មការិនីរោងចក្រ និងកូនប្រុសម្នាក់ប្រកបរបររត់ម៉ូតូកង់បី។ ដោយឡែកអ្នកស្រី មិនអាចប្រកបរបរអ្វីក្រៅពីលក់ដូរចាបហ៊ួចបន្តិចបន្តួចជាមួយកូនស្រី នៅខាងមុខផ្ទះរបស់ខ្លួនឡើយ។
ចាប់តាំងពីឆ្នាំ ១៩៨០ មក ទោះបីមានកូនស្រីប្រុស ៧ នាក់នៅក្នុងបន្ទុកគ្រួសារ អ្នកស្រី ង៉ែត ឃុន មិនបានឱ្យស្វាមីរបស់គាត់ចេញមុខរកស៊ីជួយដូរជំនួសគាត់ឡើយ។ ផ្ទុយទៅវិញស្វាមីរបស់គាត់បានក្លាយជាមេផ្ទះជំនួសគាត់ រៀបចំបាយទឹក និងមើលថែទាំកូនទាំងអស់។ ចំណែកអ្នកស្រី ត្រូវចេញដើរជួញដូរផ្លែឈើ ក្រណាត់ លក់ឆ្នាំងចាន ចុះទៅតាមខេត្តបណ្តាមួយចំនួន។
«គ្រួសារខ្ញុំ គាត់ប្រុសអ៊ីចឹង ! គាត់មិនសូវចេះមាត់កទេ… ទុកឱ្យគាត់នៅផ្ទះមើលកូនចៅទៅ ខ្ញុំអ្នកចេញមុខរកស៊ីវិញ។ ពីមុនមកគ្រួសារខ្ញុំមិនពិបាកអីទេ រឿងរ៉ាវចំណាយចំណូលផ្សេងៗក្នុងគ្រួសារខ្ញុំអ្នករ៉ាប់រងទាំងអស់ហ្នឹង ប៉ុន្តែខ្ញុំទើបតែពិបាកនៅដែលគេចាប់ផ្តើមដេញខ្ញុំចេញមិនឱ្យនៅផ្ទះនេះ ចាប់តាំងពីឆ្នាំ ២០០៧ ហ្នឹងមក » ។
លោក អេង ស៊ាង ជាស្វាមីអ្នកស្រី ង៉ែត ឃុន មានអាយុ ៨៨ ឆ្នាំបាននិយាយពីខ្សែជីវិតប្តីប្រពន្ធរបស់គាត់អមដោយកាយវិការលើកដៃជាសញ្ញាបញ្ជាក់បន្ថែមថា បន្ទាប់ពីរៀបការរួចក្នុងឆ្នាំ ៦០ ជាង រូបលោកនិងភរិយា បានចាប់ដៃគ្នារកស៊ី ដោយបើករបរជាអ្នកលក់និងជួសជុលវិទ្យុនៅម្តុំផ្សារដើមគ។ រកស៊ីមិនបានប៉ុន្មាន លោកក៏បានចាប់របរថ្មីមួយទៀត គឺបើកកន្លែងកាត់សក់មួយ ប៉ុន្តែជាអកុសលអ្វីគ្រប់យ៉ាងដែលគ្រួសារលោកមាន ត្រូវបានបាត់បង់អស់នៅក្នុងឆ្នាំ ១៩៧៥ ខណៈសម័យកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត បានចូលមកដល់។
លោក អេង ស៊ាង ៖ «ពេលនោះគ្រួសារខ្ញុំមិនខុសពីគ្រួសារខ្មែរដទៃទៀត ត្រូវបានខ្មែរក្រហមជំលៀសឱ្យចាកចេញពីទីក្រុង ហើយឆ្នាំ ១៩៨០ ខ្ញុំបាននាំគ្រួសារត្រលប់ពីខេត្តតាកែវ មករស់នៅទីក្រុងភ្នំពេញវិញ … ភរិយាខ្ញុំរកស៊ីលក់នំ ផ្លែឈើ លើក និងទទួលទំនិញបោះឱ្យគេតិចតួច»។
មុនឆ្នាំ ២០០៧ គ្រួសារអ្នកស្រី ង៉ែត ឃុន បានផ្លាស់ប្តូរទីលំនៅពីសង្កាត់ស្ទឹងមានជ័យ មករស់នៅក្នុងតំបន់បឹងកក់។ ការផ្លាស់ប្តូរទីលំនៅមិនបានប៉ុន្មានឆ្នាំផង គ្រួសារអ្នកស្រីជួបបញ្ហាដោយរងការបណ្ដេញពីលំនៅឋានពីអ្នកមានអំណាច មានលុយ និងរាជរដ្ឋាភិបាលយកដីតំបន់បឹងកក់សម្រាប់អភិវឌ្ឍ។ នេះបើតាមការរៀបរាប់របស់ស្ត្រីវ័យចំណាស់ ង៉ែត ឃុន ។
ទារុណផ្លូវចិត្ត កើតពីការបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែងកើតឡើងចាប់បីឆ្នាំ ២០០៧ មិនបានអនុញ្ញាតឱ្យអ្នកស្រីរស់នៅដោយសុខស្រួលឡើយ ទោះគាត់មានវ័យចំណាស់ទៅហើយក្តី។ ស្ត្រីមានអាយុ ៧២ ឆ្នាំរូបនេះ បានបន្តនិយាយទៀតថា ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ រួមទាំងគ្រួសារគាត់ ចាប់ផ្តើមបាត់បង់ដីនឹងលំនៅរបស់ខ្លួនក្នុងឆ្នាំ ២០០៧ ។ នៅពេលបាត់បង់ដីនិងផ្ទះប្រជាពលរដ្ឋរងគ្រោះ បានប្រជុំនាំគ្នាចេញតវ៉ាដើម្បីទាមទារ ប៉ុន្តែរាល់ការជួបជុំ ការតវ៉ាត្រូវបានអាជ្ញាធរ និងក្រុមសមត្ថកិច្ចចេញមុខរំខានមិនឱ្យមានការជួបជុំគ្នាដាច់ខាត់ ព្រោះអាជ្ញាធរ សមត្ថកិច្ចគេចោទថាប្រឆាំងគម្រោងអភិវឌ្ឍន៍។
«បន្ទាប់ពីខ្ញុំចេញធ្វើសកម្មភាពតវ៉ា នៅថ្ងៃខ្លះខ្ញុំអត់មានលុយសម្រាប់ទិញអង្ករទេ សូម្បីតែលុយពីរពាន់រៀលក៏អត់ដែរ ព្រោះខ្ញុំអត់មានពេលរកស៊ី ហើយកូនធ្លាប់មានមុខរបរលក់ដូរនៅកន្លែងស្នងការប៉ូលីស ក៏ត្រូវគេបញ្ឈប់ដោយសារគេថាម្តាយហ្នឹងជាសកម្មជនតវ៉ាដីធ្លី»។
អារម្មណ៍ក្តុកក្តួលកើតឡើងចំពោះអ្នកស្រីមួយរំពេច ពេលដែលនិយាយដល់ចំណុចនេះ ហើយបាននិយាយបន្ថែមទៀតថា៖ «រឿងរ៉ាវខ្វះខាតមុខក្រោយនេះ ខ្ញុំមិនដែលនិយាយចេញឱ្យគេដឹងឮច្រើននោះទេ មានតែមិត្តភក្តិ និងអ្នកស្គាល់ជិតស្និទ្ធតែប៉ុណ្ណោះដែលដឹងរឿងខ្ញុំ… ហើយខ្ចីគេបណ្ដោះអាសន្នម៉ាពេលៗសិនទៅ… អ្នកខ្លះគេថាខ្ញុំត្រូវគេជួលឱ្យចេញតវ៉ា គេឱ្យលុយ មានអីណា ? តាមពិតខ្ញុំខំតស៊ូតវ៉ាដើម្បីផ្ទះនៅ»។
សកម្មជនតវ៉ាដីធ្លីតំបន់ដីទំនាស់បឹងកក់រូបនេះ បាននិយាយពីមូលហេតុដែលធ្វើឱ្យគាត់ចេញមុខតវ៉ាប្រឆាំងនឹងការសម្រេចរបស់រាជរដ្ឋាភិបាលថា អ្នកមានលុយមានអំណាចនៅក្នុងសង្គមកម្ពុជាចង់បានដីពលរដ្ឋក្រីក្រ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន រំលោភបំពានសិទ្ធិប្រជាពលរដ្ឋក្រីក្រ ។ «ពលរដ្ឋបាត់បង់ផ្ទះសម្បែង គ្មានជម្រក បានត្រឹមតែរងគ្រោះ រងទុក្ខគ្រប់ពេល។ ដូច្នេះ ការឈឺចាប់ទាំងនេះហើយ ជំរុញចិត្តឱ្យខ្ញុំប្រថុយគ្រប់ឧបសគ្គដើម្បីទាមទារយុត្តិធម៌ និងបានសំណងសមស្របមកវិញ…»។
និយាយដោយសំឡេងច្បាស់ៗ មានទំនុកចិត្តលើការប្រឹងប្រែងរបស់ខ្លួន ទោះបីកម្លាំងកាយចុះថយខ្សោយ ជីវិតជួបព្យុះភ្លៀងខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែកម្លាំងចិត្តរបស់អ្នកស្រី ង៉ែត ឃុន មិនបានបាត់បង់នោះទេ ។ អ្នកស្រីបានបញ្ជាក់ថា ក្រុមគ្រួសារ និងកូនចៅទាំងអស់តែងជួយជ្រោមជ្រែង និងលើកទឹកចិត្តជានិច្ច។
«ទាំងអស់គ្នា មានគ្រួសារ និងកូនរបស់ខ្ញុំទាំងអស់ គាត់ឈឺចិត្តនៅពេលដែលឃើញសមត្ថកិច្ចធ្វើបាបមកលើរូបខ្ញុំ…ពួកគេសុខចិត្តបោះបង់ការងារដើម្បីមកជួយខ្ញុំ»។
ក្នុងការតវ៉ាដើម្បីដីនិងផ្ទះរបស់ខ្លួន លោកយាយម៉ាមី បានឱ្យដឹងថា៖ «រាល់ការតវ៉ាទាំងអស់ ក្រុមប្រជាពលរដ្ឋមិនដែលមានប្រើអំពើហិង្សានោះទេ មានតែសមត្ថកិច្ចទេដែលប្រើហិង្សា… ខ្ញុំធ្លាប់បានអង្គការមួយចំនួន មកពន្យល់ណែនាំពីច្បាប់និងសិទ្ធិក្នុងការតវ៉ាផ្សេងៗ ក្នុងការធ្វើបាតុកម្មមិនឱ្យប្រើអំពើហិង្សា ដូច្នេះគ្រប់ការតវ៉ាទាំងអស់មិនហិង្សាទេ»។
អស់រយៈពេលជាង ៨ ឆ្នាំក្នុងការទាមទាររកយុត្តិធម៌និងសំណងសមស្របពីរាជរដ្ឋាភិបាល នៅថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៥ សាលារាជធានីភ្នំពេញ បានសម្រេចប្រគល់ប័ណ្ណដីកម្មសិទ្ធិឲ្យក្រុមគ្រួសារអ្នកស្រី ង៉ែត ឃុន ប្រើប្រាស់ជាផ្លូវការ ដោយផ្តល់ដីមានទំហំ ៨ គុណ ១៨ ម៉ែត្រនៅនៅភូមិ ២២ តំបន់បឹងកក់ សង្កាត់ស្រះចក។
នៅពីក្រោយខ្នង មុននឹងទទួលបានប័ណ្ណដីកម្មសិទ្ធិសកម្មជនស្ត្រីតវ៉ាដីធ្លីនៅតំបន់បឹងកក់រូបនេះ ត្រូវអាជ្ញាធរវាយឱ្យរបួសច្រើនដង ចាប់ដាក់ពន្ធនាគារពីរលើក កាលពីឆ្នាំ ២០១២ និងឆ្នាំ ២០១៤ ។
ឈរនិយាយបណ្តើរ លើកដៃចង្អុលទៅកាន់ផ្ទះចាស់របស់ខ្លួនបណ្តើរ ដែលមានសភាពចាស់ទ្រុឌទ្រោម មានជញ្ជាំងក្តា ប្រក់ស័ង្ហសីចាស់ៗច្រេះជាអន្លើៗ ជញ្ជាំងផ្ទះត្រូវបាត់ស្រុតអស់ម្ខាង ជុំវិញផ្ទះព័ទ្ធដោយទឹកខ្មៅកខ្វក់ សំរាមសំបកថង់ប្លាស្ទិកអណ្តែតត្រៀបត្រាស្អេកស្កះ រសាយមកផ្តុំ រុញច្រានដោយលំហូរខ្សាច់ដែលសាលារាជធានីភ្នំពេញចាក់ព័ទ្ធជុំវិញ ។
មានស្បែកមុខជ្រាវជ្រួញ ឈ្នួតក្បាលដោយក្រមាក្រឡាល្អិតខៀវពីលើសក់សទាំងព្រម អ្នកស្រី ង៉ែត ឃុន ឈប់រៀបរាប់ពីរឿងរ៉ាវរបស់ខ្លួន ប្រែបង្ហាញទឹកមុខញញឹម និយាយពីដីនិងផ្ទះជាថ្នូរនឹងផ្ទះចាស់របស់គាត់ដែលសាលារាជធានីភ្នំផ្តល់ឱ្យ។ «ពេលដែលគេផ្តល់ដីឱ្យវិញ ខ្ញុំសប្បាយចិត្ត ព្រោះគិតថាមានផ្ទះមានសម្រាប់នៅដូចគេវិញ ឈប់ពិបាក… គិតថាការតវ៉ារបស់ខ្ញុំកន្លងមកមានប្រសិទ្ធិភាព អាចយកអ្វីដែលយើងបាត់បង់បានមកវិញ»។
មួយស្របក់ក្រោយមក ភាពរីករាយហាក់រសាត់បាត់ឆ្ងាយអ្នកស្រីភ្លាម នៅពេលឆ្លើយនឹងសំណួរថា តើហេតុអ្វីបានជាអ្នកស្រី មិនខ្លាចចំពោះការតវ៉ាទាមទារដីធ្លី ? គាត់ឆ្លើយភ្លាមថា ៖ « ខ្ញុំចង់បានយុត្តិធម៌ ចង់ឱ្យសង្គមខ្មែរមានយុត្តិធម៌ ហើយយុត្តិធម៌មិនមែនមានសម្រាប់តែអ្នកមានលុយមានអំណាច ប្រើប្រាស់អាជ្ញាធរមកប្លន់យកដីពីពលរដ្ឋនោះទេ យុត្តិធម៌មានសម្រាប់ទាំងអស់គ្នា» ។
ត្បិតដីនឹងផ្ទះត្រូវបានសាលារាជធានីប្រគល់ជូនដល់គ្រួសារលោកយាយវិញក៏ដោយ ប៉ុន្តែស្ត្រីវ័យ ៧២ ឆ្នាំរូបនេះនៅតែមិនអស់ចិត្តចំពោះការផ្តល់យុត្តិធម៌សម្រាប់គ្រួសារអ្នកស្រី ព្រមទាំងមានចិត្តការស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋរងគ្រោះដូចគ្នា រហូតដល់បញ្ហាត្រូវមានដំណោះស្រាយសមស្របសម្រាប់ពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី។ នេះជាការបញ្ជាក់គោលជំហររបស់អ្នកស្រី ង៉ែត ឃុន ស្ត្រីសកម្មជនតវ៉ាដីធ្លី ។
សូមបញ្ជាក់ថា ដីរបស់អ្នកស្រី ង៉ែត ឃុន ដែលមានជម្លោះនិងអាជ្ញាធររាជធានីក្នុងពេលកន្លងទៅ ត្រូវបានក្រុមគ្រួសាររបស់គាត់ទិញនៅឆ្នាំ ២០០៥ មានលិខិតផ្ទេរកម្មសិទ្ធិស្របច្បាប់ មានទទឹង ៦ ម៉ែត្រ និងបណ្ដោយ ៣១ ម៉ែត្រ ។ បច្ចុប្បន្នគ្រួសារលោកយាយម៉ាមី ទទួលបានដីមានទំហំ ៨ គុណ ១៨ ម៉ែត្រនៅនៅភូមិ ២២ តំបន់បឹងកក់ សង្កាត់ស្រះចក ជាសំណងរបស់សាលារាជធានីភ្នំពេញ។ នៅក្នុងការតវ៉ាទាមទារដីធ្លី លោកយាយ ង៉ែត ឃុន បានជាប់ពន្ធនាគារពីរលើកនៅឆ្នាំ ២០១២ មានអស់រយៈពេល ១ ខែ ក្រោយមកនៅក្នុងឆ្នាំ ២០១៤ អាជ្ញាធរបានចាប់ដាក់ពន្ធនាគារម្តងទៀត ឃុំខ្លួនរយៈពេល ៥ ខែ ទើបមានការលើកលែងទោសពីព្រះមហាក្សត្រ៕