ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ចាប់ពីពេលនេះទៅលោកលែងចង់លឺ ចំពោះការធ្វើផ្លូវនៅក្នុងប្រទេសកម្ពុជា ត្រូវគេរិះគន់ថាចាក់ក្រាសចេញស្ដើងចាកស្ដើងចេញក្រាស ហើយថាផ្លូវនៅក្នុងកម្ពុជាធ្វើជាប់រហូតគឺជួសជុលខាងមុខ ខូចខាងក្រោយទៀតហើយ។
លោកបានថ្លែង ដូចនេះ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និងផ្លូវក្នុងក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទទី៣១តុលានេះ។
ផ្លូវនៅក្នុងប្រទេសកម្ពុជា កន្លងមកតែងតែទទួលបានការរិះគន់ថា គុណភាពផ្លូវមិនមានភាពល្អ ដោយសារធ្វើខាងក្រោយ ខូចខាងមុខ ជាដើម ដោយអ្នកធ្វើដូចជាគ្មានបច្ចេកទេសដែលធ្វើឲ្យផ្លូវឆាប់ខូចឬក៏គេថា កឹបកេង ថវិកា។
បើតាមគណនី ហ្វេស ប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាពេលនេះក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការជួសជុលថែទាំផ្លូវថ្នល់សាធារណៈ ចុះពង្រឹងការត្រួតពិនិត្យ គុណភាព និងបច្ចេកទេស នៃការសាងសង់របស់ក្រុមហ៊ុន បើមិនត្រឹមត្រូវតាមកិច្ចសន្យា នោះក្រសួងនឹងមិនទទួលយកជាដាច់ខាត។
លោកបន្តថាក្រុមការងារជំនាញ របស់ក្រសួងក៏កំពុងដើរត្រួតពិនិត្យ គុណភាពដោយយកឧបករណ៍ វាស់កម្លាំងទ្រ របស់ផ្លូវដែលបានសាងសង់រួច ខួងយកស្រទាប់ដីមកពិសោធន៍គុណភាពជាដើម ដើម្បីរកវិធានការទប់ស្កាត់ មុនពេលមានការខូចខាតធ្ងន់ធ្ងរ៕