ភ្នំពេញ៖ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថាបច្ចុប្បន្ននេះ ការនិពន្ធសៀវភៅបានកើនឡើងគួរឱ្យគត់សម្គាល់ ហើយសៀវភៅទាំងនោះគឺមានគុណភាពល្អទាំងអត្ថន័យ រូបភាព ហើយថែមទាំងមានតម្លៃថោក ប៉ុន្តែអ្វីដែលនៅខ្វះ គឺការលើកទឹកចិត្តចំពោះអ្នកនិពន្ធ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងដូចនេះ នៅក្នុងពិធីបើកពិពណ៌សៀវភៅថ្នាក់ជាតិលើកទី៥ នៅថ្ងៃទី០២ ធ្នូ ឆ្នាំ២០១៦នេះ នាបណ្ណាល័យជាតិ។ កញ្ញា ឆេង ណាតា រាយការណ៍៖
លោក ខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថា ការលើកទឹកចិត្តចំពោះអ្នកនិពន្ធនៅកម្ពុជា នៅមានកម្រិត បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃទៀត។
លោកថា នៅបណ្តាប្រទេសដទៃទៀត ម្ចាស់រោងពុម្ភគេលើកទឹកចិត្តតាមរយៈការទទួលទិញតែម្តង ចំណែកនៅកម្ពុជា អ្នកនិពន្ធត្រូវចេញលុយបោះពុម្ភខ្លួនឯង រួចទើបចាំប្រមូលលុយពីការលក់វិញ។
«នៅប្រទេសគេវិញប្រសិនបើយើងមានស្ថានភាពដូចនេះគឺល្អមែនទែន ដែលគ្រឹះស្ថានបោះពុម្ភមានឱ្យលុយទិញយកមក ហើយចាំថែមភាគហ៊ុនឱ្យទៀតនេះគឺជាការល្អណាស់ ប៉ុន្តែយើងគិតថានេះគឺជារយៈពេលយូ ប៉ុន្តែបើសិនជា សមាគមអ្នកនិពន្ធក៏ដូចជាសមាគមបណ្ណាគារ សមាគមគ្រឹះស្ថានបោះពុម្ពផ្សាយពិភាក្សាគ្នារកផ្លូវគ្នាមួយ យើងពិតជាមានអ្នកសរសេរច្រើនជាងហ្នឹងទៀត ពីព្រោះកន្លងមកខ្ញុំឃើញជួបអ្នកនិពន្ធច្រើនណាស់សរសេរហើយ គឺត្រូវដើររកលុយដើម្បីបោះពុម្ព នេះជាចំណុចមួយគឺការលំបាករបស់យើងដែលគួរពិចារណា »។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា បញ្ហាចម្បងដែលអ្នកនិពន្ធកំពុងជួបប្រទះគឺការចំណាយលុយសម្រាប់បោះពុម្ភ និងការលក់។ លោកចង់ឱ្យមានអ្នកវាយតម្លៃមួយដើម្បីវិភាគទៅលើសៀវភៅដែលបាននិពន្ធរួច ដើម្បីយកទៅបោះពុម្ពលក់។ លោកបន្តថា សមាគមអ្នកនិពន្ធក៏ដូចជាសមាគមបណ្ណាគារ និងសមាគមគ្រឹះស្ថានបោះពុម្ភផ្សាយគួរកំណត់រកថ្ងៃប្រជុំណាមួយ ដើម្បីរកវិធីណាលើកទឹកចិត្តដល់អ្នកនិពន្ធវ័យក្មេងឱ្យបង្កើនការនិពន្ធផ្សេងទៀត។
លោកខៀវ កញ្ញារិទ្ធ៖«ឧទាហរណ៍ដូចនៅប្រទេសគេ គេមានអ្នកវិភាគ វិភាគបានថា សៀវភៅហ្នឹងគេលក់បាន១លានរៀល អញ្ចឹងគេហ៊ានឱ្យ៧០ម៉ឺនមុន ទៅអ្នកសរសេរ ឥលូវយើងមិនទាន់មានអ្នកវាយតម្លៃអញ្ចឹង។ រាល់ថ្ងៃខ្ញុំជួយច្រើនណាស់ អ្នកខ្លះឃើញមកគឺអត់លុយតែម្តង អញ្ចឹងយើងត្រូវតែឱ្យលុយ ឱ្យគាត់ទៅបោះ ហើយជួនកាលសៀវភៅខ្លះគាត់ចំណាយលុយខ្លួនគាត់ជួនកាលពីរឆ្នាំ មិនទាន់បានចូលបានគ្រប់ផង។ អញ្ចឹងបើសិនជាមានទទួលបោះ ហើយឱ្យលុយគាត់ទៅមុនខ្លះគឺគាត់មានកម្លាំងនឹងសរសេរបន្តទៀត ជាការល្អពីព្រោះសៀវភៅដែលអាចសរសេរល្អក្រៅពីសៀវភៅប្រលោមលោក ដែលយើងប្រើទុនដោយខួរក្បាលសុទ្ធ សៀវភៅផ្សេងទៀតគឺទាមទារការស្រាវជ្រាវ»។
ចំណែកលោក ពុយ គា អ្នកនិពន្ធសៀវភៅមួយរូបដែលបានដាក់តាំងសៀវភៅលក់នៅក្នុងពិពណ៌សៀវភៅ បានលើកឡើង តម្លៃនៃការបោះពុម្ភសៀវភៅនៅកម្ពុជា មានតម្លៃខ្ពស់ ដោយតែតម្លៃក្រដាស់នាំចូលមានតម្លៃថ្លៃ។ លោកចង់ឱ្យរដ្ឋាភិបាល គិតពិចារណាឡើងវិញចំពោះពន្ធនៃតម្លៃក្រដាស់នាំចូល។ លោកថា កាលណាតម្លៃក្រដាសថោក ការបោះពុម្ពមានតម្លៃ សៀវភៅលក់ចេញក៏ថោកផងដែរ ដែលជំរុញឱ្យមានការអានកាន់តែខ្លាំង។
លោកបន្ថែម៖«ខ្ញុំសួររោងពុម្ពថាហេតុអីមិនឱ្យតម្លៃវាថោកជាងហ្នឹង ខ្ញុំមើលប្រទេសគេមួយចំនួនដូចជាប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសពីរហ្នឹង គឺវាលើកទឹកចិត្តឱ្យមានការអានច្រើន ដូច្នេះការនាំចូលក្រដាស និងការបោះពុម្ភមានតម្លៃទាបមែនទែន អញ្ចឹងក្នុងពិភពលោកហ្នឹងយើងឃើញប្រទេសពីរហ្នឹង ចង់ទិញមានតម្លៃថោកគឺយើងទាក់ទងឥណ្ឌា។ ដូច្នេះខ្ញុំចង់ឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ ខាងក្រសួងហិរញ្ញវត្ថុគាត់គួរពិចារណាដែរ ត្រូវគាត់បញ្ចុះតម្លៃបើអាចបញ្ចុះតម្លៃបានពាក់កណ្តាលក៏បានដែរ ថ្លៃក្រដាសបោះពុម្ពហ្នឹង កាលណាក្រដាសនាំចូលមានតម្លៃថោក ការបោះពុម្ពមានតម្លៃថោក ដល់ពេលយើងបោះពុម្ពហើយលក់ទៅវិញសៀវភៅហ្នឹងក៏ថោកតាម សព្វថ្ងៃយើងឃើញខ្ពស់មែន ដូច្នេះគួរតែពិចារណាលើបញ្ហាហ្នឹងដែរ»។
សូមជម្រាបថា ពិពណ៌សៀវភៅជាតិ លើកទី៥ ឆ្នាំ២០១៥ ស្តង់លក់សៀវភៅបានកើនឡើង ជាងឆ្នាំមុន មានប្រមាណ៦៥ស្តង់។ លោកខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថាកាអានសៀវភៅ មានប្រយោជន៍ច្រើនជាងការមើលរឿងតាមទូរទស្សន៍ ឬមើលកុន ព្រោះការមើលសៀវភៅធ្វើឱ្យអ្នកអានមានពេលពិចារណា និងថ្លឹងថ្លែងពាក្យនីមួយៗ៕