ភ្នំពេញ៖ ពលករចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃបានសម្រុកមកលេងស្រុកកំណើតរាប់រយនាក់ក្នុងមួយថ្ងៃៗដើម្បីមកលេងស្រុកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងប្រព្រឹត្តិទៅថ្ងៃទី១៤ ដល់ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៨នេះ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះពលករចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃវិលត្រឡប់មកលេងស្រុកកំណើតយ៉ាងគំហុកជាពិសេស នៅរយៈបីថ្ងៃចុងក្រោយនេះ។
លោក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ប្រាប់វិទ្យុស្ត្រីថា ពលករខ្មែរនៅថៃវិលត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនអន្តរជាតិប្រមាណ ៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ។
លោក ស៊ឹម សំអាត៖ «ពួកគាត់មកច្រើនជាងឆ្នាំមុន ប្រហែល៤០០ ទៅ ៥០០នាក់ ដើម្បីមកលេងចូលឆ្នាំខ្មែរយើង។»
បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិស្រង់ប្រសាសន៍លោក ស៊ឹម សំអាតថា អាជ្ញាធរថៃបង្កើនការបញ្ជូនពលករចំណាកស្រុកខុសច្បាប់មកកម្ពុជាចាប់ពី ១០០នាក់រហូតដល់ ១៥០នាក់។
យោងតាមរបាយការណ៍ក្រសួងការងារនិងបណ្តាលវិជ្ជាជីវៈ ពលករចំណាក់ស្រុកខ្មែរបម្រើការងារនៅប្រទេសថៃ ១ លាន ៥ ម៉ឺននាក់។
កាសែតBangkok Post បន្តថាពលករចំណាក់ស្រុកខុសច្បាប់ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ៦ ម៉ឺន នាក់នឹងត្រូវបណ្តេញចេញពីប្រទេសថៃដោយសារខកខានមិនមកដាក់ពាក្យស្នើសុំប័ណ្ណពណ៌ស៊ីជម្ពូនិងប័ណ្ណស្នាក់នៅ។
ទាក់ទិនករណី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់វិទ្យុស្ត្រីកាលពីសប្តាហ៍មុនថា ក្នុងចំណោមពលករមិនទាន់ស្របច្បាប់ប្រមាណ ៤០ ម៉ឺននាក់គឺពលករខែ្មរមានចំនួនតិចតួចទេ ដែលមិនទាន់បានមកបន្តសុពលភាពប័ណ្ណស្នាក់នៅនិងប័ណ្ណពណ៌ស៊ីជម្ពូ។ លោកព្រមានថា អាជ្ញាធរថៃនឹងចាប់ផ្តើមរឹតបណ្តឹងលើពលករចំណាកស្រុកខុសច្បាប់យ៉ាងយូរនៅដើមខែ មិថុនា ខាងមុននេះ។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៧របស់ក្រសួងការបទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិបង្ហាញថាយ៉ាងតិចពលករខ្មែរជិត១ពាន់នាក់ត្រូវបាននិរទេសពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕