ភ្នំពេញ៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោសផលិតករភាពយន្តជនជាតិអូស្ត្រាលីឱជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ក្រោមបទចោទ«ចារកម្ម»។ ករណីនេះមេធាវីគ្រោងដាក់លិខិតស្នើទៅសម្តេច ហ៊ុន សែន សុំកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រលើកលែងទោសកូនក្តីរបស់លោក។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍!
ប្រធានចៅក្រមជំនុំជម្រះលោក សេង លាង នៅព្រឹកថ្ងៃ សុក្រ ទី ៣១ សីហានេះ ប្រកាសសាលក្រមផ្តន្ទាទោល លោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលីឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ ក្រោមបទចោទ«ប្រមូលផ្តុំព័ត៌មានជាអាទិ៍នាំឱ្យអន្តរាយដល់ការការពារជាតិ»តាមមាត្រា ៤៣៩ និង ៤៤៦ នៃក្រមព្រហ្មទណ្ឌ។
ទោះបីយ៉ាងមេធាវីការពារក្តីឱ្យ លោក James បញ្ជាក់ថា ចៅក្រមពុំបានពន្យល់ជាក់លាក់ថា កូនក្តីរបស់លោកជាចារកម្មឱ្យប្រទេសណាឱ្យពិតប្រាកដទេ។
សិ្ថតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំឈរក្នុងរង្វង់ក្រចកសេះ លោក James សម្តែងការមិនពេញចិត្តចំពោះការកាត់ទោសលោកឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំដោយលោកស្រែកសួរចៅក្រមថាលោកចារកម្មឱ្យប្រទេសណាមួយ។ ប៉ុន្តែចៅក្រមមិនឆ្លើយនោះទេ។
លោក James មានវ័យ ៦៩ ឆ្នាំ ត្រូវបានតុលាការចាប់ឃុំខ្លួននៅថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៧ ក្រោយពីលោកបង្ហោះយន្តហោះដ្រូនថតយករូបភាពនៃក្បួនឃោសនានយោបាយ របស់អតីតគណបក្សសង្គ្រោះជាតិ។ ចាប់តាំងពីការចាប់ខ្លួនផលិតករភាពយន្តរូបនេះអនុវត្តទោសជាងមួយឆ្នាំមកហើយ។
លោក គង់ សំអុន មេធាវីការពារក្តីឱ្យ លោកJamesបាននិយាយថាការផ្តន្ទាទោសកូនក្តីរបស់លោកជារឿងអយុត្តិធម៌ ព្រោះតុលាការបង្ហាញភស្តុតាងតិចតូចដាក់បន្ទុកលើកូនក្តីរបស់លោក។
លោកមេធាវីនិយាយថាលោកនឹងដាក់លិខិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី សុំ កិច្ច អន្តរាគមន៍ទៅព្រះមហាក្សត្រសុំលើកលែងទោសកូនក្តីរបស់លោក ហើយលោក មេធាវី ក៏ដាក់លិខិតទៅស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីជួយគាំទ្រលិខិតរបស់លោកផងដែរ។ លោកបន្តថា ជំហានបន្ទាប់លោកនឹងប្តឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត។
លោក គង់ សំអុន៖ «យើងឃើញថាមានភស្តុតាងតិចតួចមែនតែនសម្រាប់ដាក់បន្ទុកលោក James ដែលថាលោក James ភ្នាក់ងារសម្ងាត់ ជាអ្នកស៊ើបការយកការ ដើម្បីធ្វើឱ្យប៉ះពាល់ ដល់ការពារជាតិ ឬក៏ជាចារកម្មក្នុងការធ្វើកិច្ចការណា មួយប្រឆាំងទៅនឹងរដ្ឋាភិបាលកម្ពុជា។ អ្វីដែលយើងអាចធ្វើបន្តគឺថាលទ្ធភាពអាចប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ ហើយទី២ គឺអាច ស្នើសុំទៅរាជរដ្ឋាភិបាល និងព្រះមហាក្សត្ររបស់កម្ពុជា ដើម្បីសុំការលើកលែង ទោសដល់ លោក James»។
នៅក្នុងសវនាការព្រឹកមិញនេះកូនប្រុសបង្កើតរបស់លោក James Ricketson ដែលចូលរួមស្តាប់សវនាការគឺ លោក Jesse Ricketson ប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការថា ការផ្តន្ទាទោសឳពុករបស់លោកគឺជារឿងគួរឱ្យតក់ស្លុតបំផុត។លោក សង្ឃឹមថា កម្ពុជានឹងមានចិត្តសប្បុរសធម៌ដល់ឳពុកលោក៕