ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងនឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ១៨២ ដុល្លារក្នុងមួយខែចាប់ឆ្នាំ ២០១៩តទៅ។ សហជីពតំណាងឱ្យកម្មកររោងចក្រថា ប្រាក់ឈ្នួលគោលថ្មីរបស់កម្មករសមរម្យតែមិនសមាមាត្រទៅអថិផរណាទំនិញលើទីផ្សារនោះទេ។ រីឯភាគីនិយោជកមានការព្រួយបារម្ភអំពីភាពប្រកួតប្រជែកទីផ្សារជាមួយប្រទេសជិតខាងកម្ពុជា។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

គណៈកម្មការប្រឹក្សាការងារ នៅរសៀលថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៨នេះ បានបោះឆ្នោតអនុម័តប្រាក់ឈ្នួលអប្បបរមាកម្មករ ១៧៧ ដុល្លារអាមេរិក ដោយសំឡេងគាំទ្រភាគច្រើនលើសលុប។ ទន្ទឹមនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចថែម៥ដុល្លារពីលើប្រាក់ខែគោលកម្មករដូចឆ្នាំមុនដដែល។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសថា ប្រាក់ឈ្នួលអប្បរបមាកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំក្រោយ ត្រូវបានតម្លើងរហូងដល់ ១៨២ ដុល្លារអាមេរិក។
លោក អ៊ិត សំហេង៖«ចំនួនប្រាក់ឈ្នួលអប្បរបមារបស់បងប្អូនផ្នែកវាយនភណ្ឌកាតដេរសម្លៀកបំពាក់ និងស្បែងជើងឆ្នាំ ២០១៩គឺ ១៨២ ដុល្លារអាមេរិក។ គណៈកម្មការប្រឹក្សាការងារបានបោះឆ្នោតអនុម័ត ដោយសំឡេងគាំទ្រភាគច្រើនលើសលុបគឺ ១៧៧ ដុល្លារអាមេរិក ហើយទន្ទឹមនេះ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងលោកបានសម្រេចបន្ថែម៥ដុល្លារទៀត»។
លោករដ្ឋមន្ត្រី បន្ថែមថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករដែលទទួលបាននឹងរក្សាដូចឆ្នាំចាស់ដដែល។
ក្រុមសហជីពតំណាងឱ្យកម្មកររោងចក្រមួយចំនួនពុំទាន់ពេញចិត្តនឹងប្រាក់ឈ្នួលគោលថ្មីននេះទេ។
លោក អាត់ ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា(CLC) ឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រ ១៨២ ដុល្លារសមរម្យប៉ុន្តែប្រាក់ឈ្នួលថ្មីមិនទាន់សមាមាត្រទៅតម្លៃទំនិញនៅលើទីផ្សារមានតម្លៃខ្ពស់។
លោក អាត់ ធន់៖«ខ្ញុំសូមបញ្ជាក់ប្រាក់ឈ្នួលឡើងច្រើនតែមួយមុខមិនមែនមានន័យថាយើងចង់បានតែមួយមុខទេ បើសិនអថិផរណាវានៅទាបទោះបីជាប្រាក់ឡើងប៉ុណ្ណេះ ឬក៏ឡើងទាបជាងនេះខ្ញុំគិតថាក៏នៅតែសមរម្យ ប៉ុន្តែបើអថិផរណាទីផ្សារតម្លៃទំនិញវាចេះតែខ្ពស់ទោះបីជាឡើងខ្ពស់ជាងនិងក៏នៅពិបាកអញ្ចឹងយើងគិតថារាជរដ្ឋាភិបាលគួរធ្វើរឿងពីគឺធានាអថិផរណា និងកាត់បន្ថយការចំណាយមិនចាំបាច់មួយដែលប៉ះពាល់ដលកម្មករ។»
ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំក្រោយបានតម្លើងលើសឆ្នាំមុនចំនួន ១២ ដុល្លារអាមេរិក។ប្រាក់ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ ២០១៨ មានចំនួន ១៧០ ដុល្លារអាមេរិក។
លោក កាំង ម៉ូនីកា អគ្គលេខាអង្គការសមាគមកាត់ដេរសម្លៀកបំពាក់ដែលតំណាងភាគីនិយោជកថ្លែងថា ការតម្លើងប្រាក់ឈ្នួលថ្មីនេះ នឹងបង្ហាញពីសមត្ថភាពប្រកួតប្រជែកទីផ្សារជាមួយប្រទេសជិតខាងនៅឆ្នាំក្រោយនេះ។
លោក កាំង ម៉ូនីកា៖«ឆ្នាំទី១ដែលខ្ញុំនិយាយថា យើងឡើងស្នើនឹងប្រទេសវៀតណាមអញ្ចឹងវាអាចគេហៅថាឆ្នាំមួយដែលយើងបង្ហាញនូវសមត្ថភាពរបស់យើងក្នុងការរក្សាភាពប្រកួតប្រជែករបស់យើងតាមរយៈប្រសិទ្ធភាពនៃការធ្វើការងារ ការលើកកម្ពស់លទ្ធភាពការងារ និងការកែសម្រួលបរិយាកាសវិនិយោគទូទៅបានយ៉ាងណានោះគឺជាការធ្វើតេសមួយដល់សមត្ថិភាពរបស់កម្ពុជាយើងទាំងមូល ទាំងរដ្ឋាភិបាល ទាំងភាគីអ្នកវិនយោគផង ហើយទាំងបងប្អូនកម្មករយើងផង»។
លោក កាំង ម៉ូនីកា បន្ថែមថា ភាគីថៅកែមានការព្រួយបារម្ភចំពោះថ្លៃសេវាដឹកជញ្ជូនក្នុងវិស័យកាត់ដេរមានតម្លៃខ្ពស់ជាងប្រទេសវៀតណាម។ ទោះបីជាយ៉ាងលោកថាសង្ឃឹមថា រាជរដ្ឋាភិបាលនឹងឆាប់អនុម័តគោលនយបាយយុទ្ធសាស្ត្រផ្តោតលើតម្លៃសេវាដឹកជញ្ជូនក្នុងវិស័យឧស្សាហកម្មកាត់ដេរឱ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការចំណាយច្រើនរបស់ថៅកែរោងចក្រ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបន្ថែមថា រាជរដ្ឋាភិបាលសម្រេចទម្លាក់តម្លៃអគ្គីសនីត្រឹម ០,០១៤៧ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងសម្រាប់ឆ្នាំក្រោយនេះ។
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ៨១០០លានដុល្លារ នៅឆ្នាំ ២០១៧ កើនឡើង ៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ទីផ្សារសហភាពអឺរ៉ុបគ្រប់ដណ្តប់ប្រហែល ៤៥ ភាគរយនៃការនាំចេញកម្ពុជាសរុប។
សម្រាប់ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ក្នុងឆមាទី១ ដើមឆ្នាំ២០១៨នេះ មានកំណើនជាង ៤ ពាន់លានដុល្លារ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ចំណែកការនាំចេញទៅសហរដ្ឋអាមេរិកកើនឡោះងរហូតដល់ ១៦០ លានដុល្លារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៨នេះ។នេះបើតាមតួលេខរបស់ធនាគារជាតិនៃកម្ពុជា។
តែបែបនេះក្តី លោក អាត់ ធន់ មានការព្រួយចំពោះម្ចាស់ផ្ទះជួលមួយចំនួនអាចនឹងតម្លើងថ្លៃផ្ទះប្រដេញនឹងការតម្លើងថ្លៃប្រាក់ខែគោលកម្មករនៅឆ្នាំក្រោយនេះដែរ។ ម្យ៉ាងទៀតលោកក៏មានការព្រួយបារម្ភចំពោះការបង្ខំកម្មករឱ្យធ្វើហួសកម្លាំង ដើម្បីបង្កើនផលិតផភាពទ្វេដង។ ជុំវិញបញ្ហានេះ លោករដ្ឋមន្ត្រីអំពាវនាវឱ្យម្ចាស់ផ្ទះទាំងអស់កុំឡើងថ្លៃបន្ទប់ជួល។
ប្រាក់ខែគោលថ្មីរបស់កម្មករនឹងចាប់ផ្តើមទទួលបា នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ តទៅ៕