ភ្នំពេញ៖ក្រសួងសុខាភិបាលបានជ្រើសរើសខេត្តចំនួន៦ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យនៅកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។ក្រសួងសុខាភិបាលបានបញ្ជាក់ ដូចនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧និងទិសដៅឆ្នាំ២០១៨កាលពីសប្តាហ៍មុន។
ក្រសួងសុខាភិបាលបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងកម្រិតទាបបំផុតម្នាក់ក្នុងចំណោមមនុស្ស១ពាន់នាក់គឺអាចមានមនុស្សមានផ្ទុកជម្ងឺគ្រុនចាញ់ ហើយខេត្តគោលដៅចំនួន៦មានខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប ប៉ៃលិននិងកំពង់ស្ពឺដោយចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០។
ជំងឺគ្រុញចាញ់មិនមែនជាជំងឺឆ្លងពីមនុស្សទៅមនុស្សទេប៉ុន្តែភ្នាក់ងារចម្លងជំងឺគ្រុនចាញ់គឺមូសដែកគោលញី។ជំងឺគ្រុនចាញ់អាចកើតទៅលើមនុស្សគ្រប់វ័យនិងមានរោគសញ្ញាក្នុងរង្វង់ពី១សប្ដាហ៍ទៅ២សប្ដាហ៍ដោយអ្នកជំងឺមានអាការគ្រុនក្ដៅ ឈឺក្បាល រងាញាក់និងក្អូតចង្អោរជាដើម។
ក្រសួងសុខាភិបាលត្រៀមអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដោយសហការនិងជំរុញ ឲ្យមានសេវាសហគមន៍ឬអ្នកស្ម័គ្រចិត្តតាមភូមិព្យាបាលជំងឺគ្រុនចាញ់និងសេវាឯកជនដំណើរការប្រក្រតីឡើងវិញ១០០ភាគរយនិងពង្រីកបន្ថែម។
ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ក្រសួងនឹងចែកមុងជ្រលក់ថ្នាំ ជាង១លាន៥សែននិងមុងអង្រឹងជាង៦ម៉ឺនដល់ប្រជាជនគោលដៅនិងប្រជាជនចល័តពីស្រុកមួយទៅស្រុកមួយឲ្យបានជិត១០០ភាគរយនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះដោយសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ។ជាមួយគ្នានេះក្រសួងគ្រោងបង្កើតនិងប្រើប្រាស់កម្មវិធីត្រួតពិនិត្យគុណភាពតាមមូលដ្ឋាននិងពង្រឹងគុណភាពសេវាឯកជននៅទូទាំងប្រទេស។ព្រមទាំងសម្របសម្រួលលើកកំពស់ដំណើរការអនុវត្តក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តផងដែរ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រនៃក្រសួងសុខាភិបាលពន្យល់ថាមូលហេតុដែលក្រសួងដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តទាំង៦នេះព្រោះអត្រាអ្នកកើតជំងឺគ្រុនចាញ់ថយចុះមិនទាន់តាមការចង់បានរបស់ក្រសួងសុខាភិបាលនៅឡើយ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បញ្ជាក់ថាក្រសួងសុខាភិបាលកំណត់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ៖«ខេត្តអតិភាពដែលចំនួនករណីជំងឺគ្រុនចាញ់វានៅមិនទាន់ធ្លាក់ចុះទាបតាមការដែលយើងចង់បានអញ្ចឹងយើងត្រូវផ្តោតទៅលើខេត្តទាំង៦នោះមុន។ទិសដៅដូចយើងដឹងហើយថាទិសដៅគ្រុនចាញ់យើងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យក្នុងឆ្នាំ២០២៥។អញ្ចឹងទាមទារឲ្យយើងអនុវត្តឲ្យមានប្រសិទ្ធិភាពយុទ្ធសាស្ត្រសកម្មភាពរបស់យុទ្ធសាស្ត្រជាតិជំងឺគ្រុនចាញ់។»
របាយការណ៍ក្រសួងសុខាភិបាលឲ្យដឹងថាក្នុងឆ្នាំ២០១៧ប្រជាពលរដ្ឋកើតជំងឺគ្រុញចាញ់សរុបជាង៤ម៉ឺន៥ពាន់ករណីនិងបណ្តាលឲ្យអ្នកជំងឺស្លាប់ម្នាក់។ប៉ុន្តែចំនួនអ្នកជំងឺកើនឡើង៩៥ភាគរយ។បើគិតចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦អ្នកកើតជំងឺគ្រុនចាញ់ថយចុះគួរឲ្យកត់សម្គាល់មានជាង១១ម៉ឺនករណីនិងបណ្តាលឲ្យអ្នកជំងឺគ្រុនចាញ់ស្លាប់៩៣នាក់។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល អ្នកកើតជំងឺគ្រុនចាញ់ភាគច្រើនជាបុរស ដែលរស់តាមតំបន់ព្រៃភ្នំ តាមព្រំដែននិងអ្នកឆ្លងដែនទៅក្រៅប្រទេសដោយលួចលាក់។
មួយវិញទៀតប្រសិទ្ធិភាពមុងជ្រលក់ថ្នាំអស់ប្រសិទ្ធិភាពនិងមុងរហែកបន្ទាប់ពីប្រើប្រាស់អស់រយៈពេល៣ឆ្នាំក៏ជាកត្តានាំឲ្យកើតជំងឺគ្រុនចាញ់។ក្រសួងរកឃើញថាកត្តាប្រជាជនចល័តនិងតាំងលំនៅដ្ឋានថ្មីក្នុងតំបន់ទើបអភិវឌ្ឍន៍ប្រឈមឆ្លងជំងឺគ្រុនចាញ់ខ្ពស់។
អ្នកជំងឺគ្រុនចាញ់មានអាការក្តៅខ្លួន ញាក់ញរ បែកញើសនិងអស់កម្លាំងល្ហិតល្ហៃដែលអាការបែបនេះនៅថ្ងៃបន្ទាប់តាមម៉ោងដដែលនិងពេលដដែល។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល អំពាវនាវប្រជាពលរដ្ឋគួរកុំបណ្ដោយឲ្យអ្នកជំងឺបង្ហាញរោគសញ្ញាបែបនេះ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ លោកថា យកល្អ ត្រឹមតែមានអាការក្ដៅខ្លួន ហើយធ្លាប់មានប្រវត្ដិបានចេញចូលក្នុងព្រៃ តំបន់ដែលធ្លាប់មានជំងឺគ្រុនចាញ់ ពលរដ្ឋគ្រប់រូបត្រូវប្រញាប់នាំអ្នកជំងឺទៅពិគ្រោះជាមួយក្រុមគ្រួពេទ្យឬអ្នកស្ម័គ្រចិត្ដភូមិឲ្យបានលឿនបំផុត។
ការផ្ដល់សេវាព្យាបាលជំងឺគ្រុនចាញ់មាននៅគ្រប់មណ្ឌលសុខភាពរដ្ឋទាំងអស់ គឺមិនត្រូវបានគិតថ្លៃនោះទេ។ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមិនត្រូវទៅផ្សាំថ្នាំដើម្បីព្យាបាលជំងឺគ្រុនចាញ់តាមកន្លែងលក់ថ្នាំពេទ្យឯកជននានានោះទេ ព្រោះថ្នាំព្យាបាលជំងឺគ្រុនចាញ់នេះមានតែក្នុងមន្ទីរពេទ្យរដ្ឋ។
អ្នកកើតជំងឺគ្រុនចាញ់បានថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។កាលពីឆ្នាំ២០០៦ ប្រជាពលរដ្ឋខ្មែរបានកើតជំងឺគ្រុនចាញ់ប្រមាណ១០ម៉ឺនករណី។នៅក្នុងឆ្នាំ០០៧ មានប្រមាណជិត ៦ម៉ឺនករណី និងនៅក្នុងឆ្នាំ២០០៨ មានមនុស្សកើតជំងឺគ្រុនចាញ់ជាង ៥ម៉ឺន ៤ពាន់ករណី។ ដោយឡែកនៅក្នុងឆ្នាំ ២០១៥ ចំនួនអ្នកកើតជំងឺគ្រុនចាញ់ជាង៥ម៉ឺនករណី៕