ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា ការដាក់នគរបាលចរាចរណ៍នៅតាមដងផ្លូវដើម្បីរឹតបន្តឹងចរាចរ គឺជារំខានដល់ប្រជាពលរដ្ឋ។
គណបក្សនេះ ស្នើធ្វើការកាត់បន្ថយការដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ នៅតាមបណ្តាផ្លូវនានា ទាំងខេត្ត និងរាជធានីភ្នំពេញ ដើម្បីជៀសវាងការរំខានដល់ចរន្តសរសៃឈាមសេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សថ្មីមួយនេះ ដែលផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣មិថុនា។
សេចក្តីថ្លែងការណ៍របស់គណបក្សនេះឱ្យដឹងថា គណបក្សបានកោតសរសើរចំពោះការអនុវត្តច្បាប់ចរាចរណ៍របស់រាជរដ្ឋា ភិបាល ក្នុងពេលកន្លងមកនេះ ដែលជារឿងដ៏សំខាន់ក្នុងការជំរុញ និងអប់រំឱ្យពលរដ្ឋគោរពច្បាប់។
ប៉ុន្តែកន្លងមកនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមើលឃើញថា ការដាក់ពង្រាយនគរបាលចរាចរណ៍នៅតាមបណ្តាផ្លូវនានា ដើម្បីធ្វើការផាកពិន័យ ហាក់ច្រើនហួសហេតុពេក ដែលជាការរំខានដល់ពេលវេលានៃការធ្វើដំណើរ និងជាការរំខានដល់ការប្រកបមុខរបររកទទួលទានរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមសេដ្ឋកិច្ចជាតិទៅវិញ។
យ៉ាងណាវិទ្យុស្ត្រីនៅមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យកស្រួងមហាផ្ទៃបានទេនៅថ្ងៃនេះ។
ចាប់តាំងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីដើមឆ្នាំ ២០១៦ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការរឹតបន្តឹងទៅលើអ្នកបើកបរដោយបានផាកពិន័យបានថវិការាប់រយលានរៀល។ ប៉ុន្តែ បើយោងតាមរយការណ៍របស់ប៉ូលិសចរាចរណ៍ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះតិចតួចប៉ុណ្ណោះ៕