ភ្នំពេញ៖ បន្ទាប់ពីលោក កឹម សុខា បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែមិថុនា ថាគណបក្សប្រជាជនកម្ពុជានឹងចាញ់នាពេលបោះឆ្នោតឆ្នាំ២០១៨ គឺនៅព្រឹកថ្ងៃទី ២៩ មិថុនានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅលោកកឹមសុខាថា«អាគុក»។
សម្ដេចថា គុកនឹងមកជួបអ្នកឯង បើអ្នកមិនទៅរកគុក។ សារព្រមានរបស់សម្ដេច ហ៊ុន សែន មិនមានអ្វីប្លែកទេតែបង្ហាញថា ជនណាក៏ដោយគឺត្រូវតែខ្លបខ្លាចលោក។ តែលោក សុន ឆ័យ ថាបើភ្លើងឆេះមិនត្រូវយកសាំងចាក់ថែមទេ។ តែបែបនេះក្ដីប្រធានអង្គការមួយថា មេដឹកនាំគួរប្រើភាសាពិរោះបន្តិច។
សម្តេច ហ៊ុន សែន៖«លោកឯង ជាប់គុកគ្មានថ្ងៃចេញរួចទេ ប្រាប់ឱ្យហើយ «អាគុក» កុំព្រហើនហ្នាស់។ និយាយឱ្យច្បាស់ ហើយសូមឱ្យលោកអស់ទូតនានា ប្រាប់ឱ្យហើយណាស់ រឿងបុគ្គលជាមួយនឹងច្បាប់អត់មានមកញ៉េញ៉ុមទេ ខ្ញុំអត់មានធ្វើបក្សនយោបាយ ហើយរឿងនេះកំពុងតែដំណើការតុលាការនៅពេលក្រោយបើសិនជាតុលាការបញ្ជា គឺប្រហែលជាកម្លាំងប៉ុន្មានក៏ទប់វាមិនជាប់ដែរបើគេចង់ចាប់នោះ លោកឯងស៊ីបាយនឹងចានស្រាក់គេមើលឃើញតើ នែកុំអាលព្រហើន គេមិនទាន់ដល់ម៉ោងដែលគេធ្វើទេ តែគេដល់ម៉ោងធ្វើគេធ្វើហើយកុំឆ្ងល់ពេកទប់អត់ជាប់ទេ កុំព្រហើន អាហ្នឹងនិយាយឱ្យច្បាស់ខ្លួនឯងកំពុងខ្លួនងកំពុងឃុំខ្លួនសោះហ្នឹង។ ឃុំខ្លួនឯងគុកខ្លួនហើយ ហើយលោកមិនទៅរកគុក ក៏គុកមករកលោកដែរអាហ្នឹងខ្ញុំប្រាប់ឱ្យហើយទៅ»។
សម្ដេចនាយករដ្ឋមានប្រសាសន៍ដោយទឹកមុខខឹងសម្បារនេះ គឺធ្វើឡើងនៅក្នុងពិធីរំលឹកខួបលើកទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និរដ្ឋាករកម្ពុជា នៅអគ្គនាយកដ្ឋានគយនៅថ្ងៃនេះ។
ក្នុងពិធីនេះសម្តេចមានប្រសាសន៍ថា បើទោះបីជាលោក កឹម សុខា មិនចេញពីទីស្នាក់ក៏ដោយ ក៏គង់តែមានថ្ងៃគេយកចេញបានដែរ ព្រោះគុកនៅរង់ចាំជានិច្ច។ សម្ដេចថា បើគេចង់ចាប់ខ្លួនពីទីស្នាក់ការគណបក្សពេលណាក៏បានដែរ តែគ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានផងដែរថា កុំអាងបាតុកម្មគឺប្រយ័ត្នផ្ទុះហិង្សា។ សម្ដេច ហ៊ុន សែន៖«និយាយគ្នាឱ្យហើយ កុំគម្រាមធ្វើបាតុកម្ម បន្លាជួសបន្លានឹងអាចកើត ហើយគេធ្វើតែមួយប្រឹបវាជាស្រកីហើយ»។
យ៉ាងណាមិញ សម្តេចបានបដិសេធថា សម្តេចមិនមានសិទ្ធិលើស្ថាប័នតុលាការនោះទេ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ ដែលសម្ដេចមិនលូកលាន់ក្នុងកិច្ចការតុលាការឡើយ។
ឆ្លើយតបនឹងប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រីលោក សុន ឆ័យ អភិបាលនៃក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៅថ្ងៃនេះថា មិនមានអ្វីចម្លែកទេ ព្រោះជាទម្លាប់នៅពេលមានការអន់ចិត្តណាមួយសម្តេច ហ៊ុន សែន តែងតែបញ្ចេញប្រតិកម្ម។
បែបនេះក្តីលោកថា បើទោះបីជាសម្តេចនាយករដ្ឋមន្ត្រីបញ្ចេញសារព្រមាននេះក៏ដោយ ប៉ុន្តែអ្វីដែលគណបក្សទាំងពីរត្រូវធ្វើនៅខណៈនេះ គឺការស្រុះស្រួលគ្នានិងធ្វើការបំរើប្រជាពលរដ្ឋជាមួយគ្នា។
ទាក់ទិននឹងការប្រើពាក្យសម្តីរបស់សម្តេច ហ៊ុន សែន ហៅទៅលើលោកកឹម សុខា ថា «អាគុក»បែបនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថាថ្នាក់ដឹកនាំទាំងអស់គួរតែមានការជជែកគ្នា និងប្រើ ប្រាស់ភាសាឱ្យបានសមរម្យដើម្បីជាគម្រូដល់ប្រពលរដ្ឋ ហើយ ឱ្យប្រជាពលរដ្ឋអាចទទួលយកបាន និងមិនមានការភ័យខ្លាច។
លោកបន្តថា នៅពេលថ្នាក់ដឹកនាំប្រទេសប្រើប្រាស់ភាសាអសុរោះ វាក៏បណ្តាលឱ្យជះឥទ្ធិពលដល់យុវជនដែលជាទំពាំងស្នងឫស្សីផងដែរ។ លោក យ៉ង់ គឹមអេង៖«ក្មេងៗវាប្រើប្រាស់តាម វាជាការព្រួយបារម្ភមួយដែរ។ ជះឥទ្ធិពលខ្លាំងដែរ អាចនឹងធ្វើឱ្យមានការប្រើប្រាស់ ព្រោះយុវជនគាត់អាចប្រើប្រាស់ភាសាដែលមិនសមរម្យ ដែលយើងថាអាច ព្រោះយុវជនថ្ងៃក្រោយទៅគាត់ប្រើប្រាស់ពាក្យសម្តីតាមតែចិត្តគាត់នឹកឃើញទៅអាចនឹងធ្វើឱ្យសង្គមហ្នឹង បាត់បង់នូវវប្បធម៌ប្រពៃណី ឬបាត់បង់នូវការគោរព ឬសីលធម៌សង្គម»។
តែនៅពេលជាមួយគ្នានេះ គឺក្រៅពីព្រមានទៅលើលោក កឹម សុខា សម្តេចនាយលរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសុំឱ្យស្ថាននានាប្រចាំនៅកម្ពុជា ជាពិសេសស្ថានទូតអ៊ឺរ៉ុប ត្រូវកែទម្រង់នូវពីរចំណុច គឺប្រភពទទួលព័ត៌មាន និងការស្គាល់អង្គហេតុ និងអង្គ ច្បាប់ជាមុន មុនចាប់អារម្មណ៍រឿងអ្វីមួយដែលសម្ដេចថា កុំធ្វើសេកចេះស្រែកតាមគេប្រាប់។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ គឺHuman Rights Watch ដែលតែងតែធ្វើរបាយការណ៍រិះគន់ការដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជា បានហៅសម្ដេចនាយករដ្ឋមន្ត្រីថាជាបុរសខ្លាំងនៅកម្ពុជា។ អង្គការនេះ ចាត់ទុកកម្ពុជាជារដ្ឋអត្តាធិបតេយ្យ។ តែបែបនេះក្ដី មន្ត្រីបក្សកាន់អំណាចចោទអង្គការនេះថា ជាក្រុមប្រឆាំង មាននិន្នាការនិយមទៅបក្សប្រឆាំងនៅកម្ពុជា ៕