ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញបញ្ជីឈ្មោះរោងម៉ាស៊ីនកិនស្រូវ រោងម៉ាស៊ីនកែឆ្នៃអង្ករចំនួន ២៦ ដែលបានវាយតម្លៃដោយអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អនាម័យ និង ភូតគាមអនាម័យនៃប្រទេសចិនថា អាចនឹងនាំចេញអង្ករទៅប្រទេសចិន។ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញបញ្ជីឈ្មោះធ្វើឡើង បន្ទាប់ពីប្រទេសចិនសន្យាទិញអង្ករកម្ពុជាចំនួន ២០ ម៉ឺនតោន។
បើតាមគេហរទំព័រ Fresh News បានឲ្យដឹងថា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវ កែឆ្នៃអង្ករប្រមាណ ៥០ នៅកម្ពុជាបានដាក់ពាក្យស្នើសុំទៅអគ្គនាយកដ្ឋានកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ប៉ុន្តែមានតែរោងចំនួន ២៨ ប៉ុណ្ណោះ ដែលទទួលពាក្យស្នើសុំ។ លោកបន្ថែមថា រោងម៉ាស៊ីនកិនស្រូវមានតែចំនួន ២៦ នៅក្នុងចំណោម ២៨ ដែលជាប់ការវាយតម្លៃអំពីអនាម័យភាគីប្រទេសចិន។
កាលពី ឆ្នាំ ២០១៦ អង្ករកម្ពុជាបានជាប់លេខ ២ ជាអង្ករល្អជាងគេបំផុតរបស់ពិភពលោក ខណៈអង្ករថៃដែលជាម្ចាស់ផ្ទះទទួលបានជ័យលាភីលេខ ១ ។ ការប្រកួតជ្រើសអង្ករល្អបំផុតរបស់ពិភពលោកនេះធ្វើឡើង ក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើងនៅខេត្ត ឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
អង្ករកម្ពុជាធ្លាប់ទទួលបានជ័យលាភី ជាអង្ករល្អបំផុតលើពិភពលោក ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២ ២០១៣ និង ២០១៤។ នៅឆ្នាំ ២០១៧ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះវិញម្តង៕