ភ្នំពេញ៖ ទូក ង វែងបំផុតរបស់កម្ពុជានឹងដាក់ឱ្យតំណាងរបស់កំណត់ត្រាឯតទគ្គកម្មពិភពលោក(Guinness World Records) វាយតម្លៃ ដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មទូក ង វែងបំផុតនៅលើពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានគណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិពភលោក ចុះផ្សាយនៅថ្ងៃទី ១៤ តុលា ម្សិលមិញ ប្រកាសឱ្យដឹងពីកម្មវិធីបំបែកកំណត់ត្រាឯតទកម្មទូកងវែងជាងគេលើពិភពលោកនឹងប្រារព្ធនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨។ ពិធីនេះនឹងប្រារព្ធទៅតំបន់ប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
តំណាងរបស់ Guinness World Records នឹងមកវាយតម្លៃផ្ទាល់ ដើម្បីបំបែកឯតទគ្គកម្មទូកងវែងបំផុតនៅលើពិភពលោក។
ទូកងដែលគ្រោងនឹងដាក់ឱ្យបំបែកកំណត់ត្រាពិភពលោក មានប្រវែង ៨៥ ម៉ែត្រ និងចំណុះទូកចំនួន ១៧៩ នាក់។បច្ចុប្បន្នទូកវែងជាងគេបំផុតនៅលើសកលលោកគឺទូករបស់ប្រទេសចិនដែលមានប្រវែង ៧៧,៥ម៉ែត្រ។
បច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជាក៏បានត្បាញក្រម៉ាវែងជាងគេនៅលើពិភពលោកដែលមានប្រវែង១ពាន់ម៉ែត្រ។
កាលពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៨ ក្រម៉ាកម្ពុជាដែលមានប្រវែង ១,១៤៩ ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯតទគ្គកម្មពិពភលោក Guinness World Records ដែលជាក្រម៉ាវែងបំផុតលើលោក។
កាលពីឆ្នាំ២០១៥ នំអន្សមយក្សរបស់ខ្មែរបានដាក់បញ្ជូលក្នុងសៀវភៅកំណត់ត្រាឯតទគ្គកម្ម Guinness World Records ដែលបានដាក់បង្ហាញព្រឹត្តិការណ៍អង្គរសង្គ្រាន្តនៅខេត្តសៀមរាប។
នំអន្សមជ្រូកយក្សរបស់ខ្មែរដែលដាក់បង្ហាញនាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ នៅខេត្តសៀមរាប ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមែនេះ បានជាប់ចំណាត់ឯតទគ្គកម្មថ្មីក្នុងសៀវភៅកំណត់ត្រាវត្ថុប្លែកៗលើពិភពលោក (Guinness World Records)។នំអន្សមយក្សនេះមានទង្ងន់ ៣,២៦៤ គីឡូក្រាម៕