ខណៈបក្សកាន់អំណាចនៅមីយ៉ាន់ម៉ា បានទទួលស្គាល់ថាខ្លួនចាញ់ឆ្នោតនោះ អ្នកវិភាគនយោបាយនៅស្រុកខ្មែរ បានចាប់អារម្មណ៍ និងលើកសរសើរដល់បក្សកាន់អំណាចនៅក្នុងប្រទេស មីយ៉ាន់ម៉ា ថាគួរតែបាន ពានរង្វាន់ណូបែលសន្តិភាពពិភពលោក។ អ្នកវិភាគនយោបាយស្រុកខ្មែរ យល់ថា ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ជារបត់ថ្មីមួយ ដែលអ្នកនយោបាយកម្ពុជាគួរតែតាមដាន និងយកគំរូណាដែលល្អ មកអនុវត្តនៅកម្ពុជា។
អ្នកវិភាគនយោបាយ និងតាមដានសង្គម មើលឃើញថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ជារបត់ថ្មីមួយ ដែលអ្នកនយោបាយកម្ពុជាគួរតែតាមដាន និងយកជាគំរូ មកអនុវត្តនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាធិបតេយ្យរបស់ខ្លួនឲ្យឈានមួយជំហានទៅមុខបន្ថែមទៀត។
អ្នកវិភាគនយោបាយស្រុកខ្មែរបានលើកសរសើរដល់ លោក ថេន សេន ជាមេបក្ស កាន់ អំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថាលោក ថេន សេន គួរតែបាន ពានរង្វាន់នូបែល សន្តិភាពពិភពលោក ខណៈដែលមេបក្សកាន់អំណាច រូបនេះ ហ៊ានប្រកាស ចេញមុខថាចាញ់ នៅពេលដែល បក្សប្រឆាំង របស់លោកស្រី អង់ សាន ស៊ូជី បានបង្ហាញ ពីជ័យជម្នះភ្លូកទឹកភ្លូកដី ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាសនី មានប្រសាសន៍ថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ឬក៏ភូមា មួយរយៈចុងក្រោយនេះ មានភាពល្អប្រសើរ និងគួរឱ្យសរសើរដល់មេដឹកនាំកាន់អំណាច ។ ដោយលោក សាស្ដ្រចារ្យលើកឡើងថា ដំបូងឡើយ អ្នកដឹកនាំកាន់អំណាចនៅមីយ៉ាន់ម៉ា បានគំរាម អំពីការផ្ទុះសង្គ្រាម ដូចគ្នានឹងនាយករដ្ឋមន្ដ្រីខ្មែរ ដែលតែងតែបាននិយាយដែរ ក៏ប៉ុន្ដែ ស្រាប់តែដល់ពេលសំឡេងសន្លឹកឆ្នោតរាប់រួច ក៏ចាប់ផ្ដើម ទទួលស្គាល់នូវការចាញ់ឆ្នោត ។
«ទោះបីជាប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ឬ ភូមានេះ នៅឆ្ងាយពីគ្នារំលងប្រទេសថៃមួយក៏ដោយ ក៏ប៉ុន្ដែអ្វីជាការសង្កេតរបស់ខ្ញុំ ហាក់ដូចជាខ្មែរ ច្រើនមែនទែន ដែលនាំគ្នាតាមដានស្ដាប់ អំពីដំណើរវិវឌ្ឍន៍នៃ
នយោបាយ និងការបោះឆ្នោត នៅក្នុងប្រទេសភូមា។ ខ្ញុំគិតថា នេះជារឿងមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុន ហើយសំណួរ ដែលខ្ញុំតែងតែចោទសួរ ថាតើចុះហេតុអីក៏ខ្មែរនាំគ្នាគិតពីរឿងភូមាម្ល៉េះ? ប៉ុន្ដែ ខ្ញុំសង្កេតឃើញ ថា ការបោះឆ្នោតនៅប្រទេសភូមានេះ ពីដំបូងឡើយយើងឃើញថា អ្នកដឹកនាំ កាន់ អំណាចនេះ គឺបានគំរាមនូវការធ្វើសង្គ្រាមដូចគ្នាហ្នឹង ជាមួយនឹង យករដ្ឋមន្ដ្រីខ្មែរ តែងតែបាននិយាយនៅស្រុកខ្មែរដែរ។ ក៏ប៉ុន្ដែស្រាប់តែដល់ពេល សំឡេងសន្លឹកឆ្នោតរាប់រួច ក៏ចាប់ផ្ដើម ទទួលស្គាល់នូវការចាញ់ឆ្នោតហ្នឹង។ នេះជាសុឆន្ទៈមួយដែលខ្ញុំសុំសរសើរ ថាអ្នកដឹកនាំភូមា គេគិតអំពីរឿងជាតិ ជាជាងការគិតអំពីដំណើរផ្ទាល់ខ្លួន របស់ពួកគេ»។
ជុំវិញការបោះឆ្នោត នៅប្រទេសមីយ៉ាន់ម៉ា នេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ យល់ឃើញថា បើប្រៀបធៀបការបោះឆ្នោត និងគោលនយោបាយរបស់ប្រទេស មីយ៉ាន់ម៉ា ជាមួយនឹងប្រទេសកម្ពុជា លោកស្រីថា នៅមិនទាន់អាចប្រៀបធៀបបាន នៅឡើយទេ ។ «ប្រៀបធៀបឥលូវហ្នឹង យើងប្រៀបធៀបអត់កើតទេ ពីព្រោះក្រោយពីការបោះឆ្នោតភ្លាមៗ នៅប្រទេសកម្ពុជាឆ្នាំ១៩៩៣ហ្នឹង ក៏មានសភាពអធឹកអធមដែរ ទើបមួយថ្ងៃ ពីថ្ងៃដំបូងហ្នឹង ក៏មានសភាពដូចប្រទេសភូមាសព្វថ្ងៃហ្នឹងដែរ។ ចា៎ ចឹងហើយបើកាលណា យើងប្រៀប្រដូច យើងពិបាកក្នុងការប្រៀបប្រដូចបន្តិច ចា៎ ពីព្រោះទើបចេញថ្មីៗពេក»។
តែទោះយ៉ាងណាក៏ដោយ ក្នុងនោះរឿងនេះ លោកស្រី ជា វណ្ណាត បានលើកសរសើរដល់បក្សកាន់ អំណាច និងយល់ថា លោកថេន សេន គួរតែទទួលបានពានរង្វាន់ ណូបែល សន្តិភាពពិភពលោក ចំពោះអ្វីដែលលោកហ៊ានប្រកាសថា ចាញ់ និងទទួលស្គាល់នូវលទ្ធផល បោះឆ្នោតដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋរបស់ខ្លួននេះ ។
«ខ្ញុំថា ការដែរលោក ថេន សេន ហ្នឹង លោកទទួលស្គាល់គោរពតាម លទ្ធផលបោះឆ្នោត លទ្ធិប្រជាធិបតេយ្យសេរីហ្នឹង ខ្ញុំថា ជាការមួយគួរឲ្យកោតសរសើរមែនទែន ដែលថា លោកសុខចិត្តទទួលស្គាល់ការពិត ហើយលោកមិនរារែក នឹងធ្វើការកែប្រែ ប្រទេសលោក ឱ្យទៅ ជា ប្រទេសមានលទ្ធិប្រជាធិបតេយ្យ កម្រមានអ្នកមានចឹងណាស់ ហើយគួរលើកទឹកចិត្ត លោក ថេន សេនហ្នឹង គួរតែថា គួរតែបាន ពានរង្វាន់ ណូបែលសន្តិភាពពិភពលោក ក្នុងការលោកសុខចិត្ត ទទួលស្គាល់សំឡេងរបស់ប្រជាពលរដ្ឋ ឆន្ទៈនយោបាយ របស់ប្រជាពលរដ្ឋ គោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា»។
ចំណែកឯសាស្ដ្រចារ្យ វិទ្យាសាស្ដ្រនយោបាយ លោក សូ ចន្ថា បានមានប្រសាសន៍ លើកឡើងដែរថា ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បង្ហាញអំពីសេរីភាព និងបានបង្ហាញពីភាពក្លាហានរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
លោកសាស្ត្រាចារ្យ សូ ចន្ថា បានលើកឡើងទៀតថា ក្នុងរឿងនេះ អ្នកនយោបាយកម្ពុជា គួរតែរៀនសូត្រអំពីបទពិសោធន៍ថ្មីៗ នៅប្រទេសមីយ៉ាន់មា រួមទាំងហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលដែលពលរដ្ឋបានជ្រើសរើស និងបានបោះឆ្នោតឲ្យ ។ លោកសូ ចន្ថា បន្ថែមទៀតថា កម្ពុជាគួរតែយកគំរូ គណៈកម្មាការជាតិរៀបចំការបោះឆ្នោត ដូចប្រទេស ភូមាឬមីយ៉ាម៉ានេះ ដើម្បីជំរុញឲ្យប្រជាធិបតេយ្យនៅកម្ពុជា ដើរមួយជំហានទៅមុខបន្ថែមទៀត ។
«អ្នកនយោបាយកម្ពុជាគួរតែរៀនសូត្រអំពីបទពិសោធន៍ថ្មីៗនៅមីយ៉ាន់ម៉ា អ្នកនយោបាយកម្ពុជា ត្រូវហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលដែលពលរដ្ឋបានជ្រើសរើស ពលរដ្ឋបានបោះឆ្នោត។ មានន័យថា អ្នកឈ្នះ ឈ្នះដោយអស់ចិត្ត អ្នកចាញ់ ចាញ់ដោយអស់ចិត្ត នៅក្នុងពេលប្រកួត ប្រជែងគ្នាដោយសេរី ត្រឹមត្រូវ យុត្តិធម៌ហ្នឹង។ មួយទៀតដែលយើងឃើញថា អ្វីដែលកម្ពុជា គួររៀនសូត្រតាម គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែមានឯករាជ្យភាព អព្យាក្រឹត្យភាព ដែលជាជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះយើងឃើញថា ចំណុចទាំងអស់នេះ អាចជំរុញឲ្យប្រជាធិបតេយ្យនៅកម្ពុជា ដើរមួយជំហានទៅមុខបន្ថែមទៀត ហើយនឹងមានការដោះដូរអំណាចដោយសន្តិវិធី»។
ទាក់ទងជុំវិញរឿងនេះដែរ នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ពិតជារំភើប ដែលបានធ្វើជាសាក្សីនៃការបោះឆ្នោតនៅប្រទេសភូមា ឬមីយ៉ាន់ម៉ានេះ ។ លោកគល់ បញ្ញា បានសរសេរបន្ដថា ការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងច្រើន ពិតជាសាទរ ការបោះឆ្នោត និង ប្តេជ្ញាចិត្ត ដើម្បីបុព្វហេតុ ការផ្លាស់ប្តូរ។
លោកគល់ បញ្ញា បានបន្ថែមថា អ្វីជារឿង ចាប់អារម្មណ៍ខ្លាំង គឺមានសញ្ញាវិជ្ជមាន ក្រោយការបោះឆ្នោត ក្នុងអន្តរកាលការផ្ទរអំណាចដោយសន្តិវិធី ។ លោកថា មានបេក្ខជន និង អ្នកដឹកនាំ គណៈបក្ស កាន់អំណាច បានទទួលយកការចាញ់ ។
នៅក្នុងហ្វេសប៊ុករបស់លោក លោក គល់ បញ្ញា ក៏បានសរសេរដែរថា តាមការសង្កេតរបស់លោក លោកឃើញថា ស្ត្រីភូមាជាច្រីន ជាអ្នកចាត់ចែងការបោះឆ្នោត និងរាប់សន្លឺកឆ្នោត ដោយយកចិត្តទុកដាក់ និង មានការប្តេជ្ញាចិត្តខ្ពស់។ លោកថា ស្ត្រីបានចូលរួមចាត់ចែងការ បោះឆ្នោត ត្រឺមត្រូវមួយ។
សូមជម្រាបដែរថា កាលពីថ្ងៃចន្ទ គណបក្សសាមគ្គីសហភាព និងអភិវឌ្ឍ(USDP) ដែលជាបក្សកាន់អំណាច បានទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេស ខណៈបក្សប្រឆាំង របស់លោកស្រី អង់សាន ស៊ូជី បានបង្ហាញពីជ័យជម្នះភ្លូកទឹកភ្លូកដី ដែលនឹងអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន៕