loader

​តំណាង​ UN​ ប្រចាំ​កម្ពុជា​ ថា​ខ្លួន​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ករណី​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​

ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​កាលពី​ថ្ងៃ​ចន្ទ​ទី២១ ខែកញ្ញា​ ដែលបាន​សុំ​ឲ្យ​តំណាង​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ជួយ​អន្តរាគមន៍​ដោះ​លែង​លោក​ហុង​ សុខ​ហួរ​ នៅ​ម្សិលមិញនេះ​ លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ បាន​អះអាង​ថា​ លោកស្រី​បាន​ទទួល​លិខិតស្នើ​សុំ​នោះ​ហើយ​ ។​ លោកស្រី​បញ្ជាក់​ថា​ លោកស្រី​បាន​តាមដាន​ករណី​ចាប់ខ្លួន​ហុង​ សុខ​ហួរ​ តាំងពី​ថ្ងៃ​១៥​ ខែសីហា​ មក​ ហើយ​លោកស្រី​នឹង​បន្ត​តាមដាន​បន្ត​ទៀត​ ។​ ករណី​នេះ​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ អង្គការសហប្រជាជាតិ​ មិន​មាន​ឥទ្ធិពល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក​ហុង​ សុខ​ហួរ​ បាន​ទេ​។​

លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ពេលជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ពេលជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន

​អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​ របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ឲ្យ​ដឹង​ថា​ លោកស្រី​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ តាំងពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ កន្លង​មក​។​

​ការ​បញ្ជាក់​របស់​លោកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត​ ធ្វើ​ឡើង​ក្នុង​លិខិត​ឆ្លើយ​តប​នឹង​សំណើ​របស់​លោក​គង់​ គាំ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៊ី​ ដែល​កាលពី​ថ្ងៃ​ចន្ទ​ ទី​២១​ ខែកញ្ញា​ ម្សិលមិញ​ បាន​ស្នើ​សុំ​ឲ្យ​លោកស្រី​ ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​កន្លង​ទៅ​។

​យោង​លិខិត​របស់​ការិយាល័យ​នៃ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ឲ្យ​ដឹង​ថា​ លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ បាន​តាមដាន​ការ​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ រហូត​មក​ ហើយ​លោកស្រី​នឹង​បន្ត​តាមដាន​តទៅ​ទៀត​ ។​

​ទាក់ទង​នឹង​លិខិត​ឆ្លើយ​តប​របស់​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ នេះ​ លោក​គង់​ គាំ​ មាន​ប្រសាសន៍​ថា​ លោក​សប្បាយចិត្ត​ ដែល​បានដឹង​ថា​ លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ បាន​យកចិត្តទុកដាក់​លើ​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​ការ​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ ។​ លោក​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​ជា​ប្រធាន​គណបក្ស​សមរ​ង្ស៊ី​ ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ ហើយ​ហុង​ សុខ​ហួរ​ ជា​សហការី​ដែល​រង​នូវ​ការ​ចោទប្រកាន់​មិន​មាន​ហេតុផល​ជាក់ស្ដែង​ទេ​ ។​ ដូច្នេះ​ ខ្ញុំ​រំពឹង​ថា​ ក្នុង​ឋានៈ​គាត់​ជា​អ្នករាយការណ៍​ពិសេស​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​យើង​ នឹង​ជួយ​ទាំង​បញ្ហា​ឯកឧត្តម​ហុង​ សុខ​ហួរ​ ទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​កម្ពុជា​បាទ​»។

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ លោក​ នី​ ចរិយា​ មាន​ប្រសាសន៍​ថា​ តាម​លោក​សង្កេត​ឃើញ​ថា​ ឥ​ទ្ធ​ពល​របស់​អង្គការសហប្រជាជាតិ​មិនសូវ​មាន​ទម្ងន់​នោះ​ទេ​ សូ​ម្បី​តែ​តំណាង​អង្គការសហប្រជាជាតិ​មុន​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ ក៏​មាន​ឥទ្ធិពល​អ្វី​ដែរ​ ។​ លោក​នី​ ចរិយា​ បន្ត​ថា​ ការ​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ ជា​រឿង​នយោបាយ​ “​ខ្ញុំ​គិត​ថា​ រឿង​នេះ​ជា​រឿង​នយោបាយ​ ដែល​ទាំង​សម្ដេច​ហ៊ុន​ សែន​ កំពុង​តែ​ខិតខំ​ការពារ​នូវ​អ្វី​ដែល​ជា​ការ​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ នេះ​ ដូច​ជា​គាត់​បាន​ជួប​អ្នកស្រី​តំណាង​ពិសេស​ហ្នឹង​ ហើយ​និយាយ​ថា​ គាត់​មានការ​បារម្ភ​ក្រែងលោ​មានការ​រើសអើង​ជាតិ​សាសន៍​អីហ្នឹង​ គឺ​សុទ្ធតែ​ជា​ទឡ្ហីករណ៍​ សម្រាប់​ពន្យល់​ទៅ​អ្នកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ថា​ ការ​ចាប់​លោក​ហុង​ សុខ​ហួរ​ ហ្នឹង​ ដោយសារ​គាត់​ទប់ស្កាត់​ខ្លាច​មានរឿង​ទាក់ទង​ទៅ​នឹង​ការ​រើសអើង​ជាតិ​សាសន៍​ហ្នឹងឯង​”​ ។​

​លោក​នី​ ចរិយា​ មាន​ប្រសាសន៍​បន្ត​ថា​ យន្តការ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ គឺ​មិន​មានការ​ដាក់​សម្ពាធ​នោះ​ទេ​ គឺ​គ្រាន់តែ​មាន​យន្តការ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ខ្មាស់​អៀន​ ។​ ករណី​នេះ​លោក​ថា​ បើ​រដ្ឋាភិបាល​មួយ​ ដែល​មិន​មានការ​ខ្មាស់​អៀន​ នោះ​ជា​ការ​ងាយស្រួល​ទេ​ គឺ​រដ្ឋាភិបាល​នោះ​គ្រាន់តែ​ធ្វើ​ព្រងើយ​ មិន​យកចិត្តទុកដាក់​កែ​លម្អ​ស្ថានភាព​ទៅ​ គឺ​រួចខ្លួន​ហើយ​ ។

​សូម​រំឭក​ថា​ លោក​ហុង​ សុខ​ហួរ​ ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សម​ រ​ង្ស៊ី​ ។​ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥​ ខែសីហា​ ប៉ុន្មាន​ថ្ងៃក្រោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ករណី​ដែល​លោក​ហុង​ សុខ​ហួរ​ បកស្រាយ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​ រវាង​កម្ពុជា​ និង​វៀតណាម​ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ចាស់​ ហើយ​បោះបង្គោល​ព្រំដែន​ថ្មី​ ។​
​យ៉ាងណា​ក៏​ដោយ​ ការ​ចាប់ខ្លួន​លោក​ហុង​ សុខ​ហួរ​ ធ្វើ​ឡើង​ដោយ​មិន​បាន​ដក​អភ័យ​ឯ​សិទ្ធិ​សមាជិក​ព្រឹទ្ធសភា​ជា​មុន​នោះ​ទេ​ ដោយ​មន្ត្រី​រដ្ឋាភិបាល​សំអាង​ថា​ ជា​បទល្មើស​ជាក់ស្ដែង​ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​អះអាង​ថា​ ការ​បកស្រាយ​របស់​លោក​ហុង​ សុខ​ហួរ​ អំពី​បញ្ហា​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩​នោះ​ មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​នោះ​ឡើយ​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត