ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តរតនគិរី កាលពីថ្ងៃទី៣០ វិច្ឆិកាម្សិលមិញ ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ និងលោក ម៉ៅ មុនីវណ្ណ បានពិនិត្យឃើញថា ស្រះទាំង៨ដែលវៀតណាមបានជីកចូលក្នុងតំបន់ស ដែលជាតំបន់ហាមឃាត់នោះ គឺនៅមិនទាន់បានលុបនៅឡើយនោះទេ ។ លោក សុន ឆ័យ បានអះអាងបែបនេះប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ខែវិច្ឆិកាម្សិលមិញ ។
លោកសុន ឆ័យ បានលើកឡើងទៀតថា បើទោះបីជាភាគីវៀតណាមបានផ្អាកសកម្មភាពជីកស្រះបន្ថែម និងមិនបន្តការដាំដំណាំយ៉ាងណាក្តី ក៏គណបក្សប្រឆាំងនឹងគ្រោងផ្ញើលិខិតផ្លូវការជាថ្មីទៅកាន់រដ្ឋាភិបាល និងក្រសួងការបរទេស ដើម្បីមានវិធានការជាក់លាក់ក្នុងលុបស្រះទាំងនោះវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិបានប្រាប់វិទ្យុស្ត្រីថានៅថ្ងៃទី០១ខែធ្នូនេះថា លោកមិនទាន់អាចផ្តល់ព័ត៌មានពាក់ព័ន្ធការលុបស្រះនេះបានទេ ព្រោះលោកកំពុងទាក់តងជាមួយផ្នែកពាក់ព័ន្ធ ដើម្បីស្វែងព័ត៌មានពីបញ្ហាការលុបស្រះទាំង៨នៅខេត្តរនតគិរីនេះនៅឡើយ។
ជុំវិញបញ្ហានេះដែរលោក ទឹប ទាវ នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតែងតែតាមដានបញ្ហាព្រំដែនបានលើកឡើងថា ការអូសបន្លាយពេលវេលាក្នុងការលុបស្រះ ដែលប្រទេសវៀតណាមបានជីករំលោភចូលតំបន់ហាមឃាត់នេះ គឺសបញ្ជាក់ឲ្យឃើញថា ប្រទេសវៀតណាមនៅតែមានមហិច្ឆតាចង់រំលោភយកទឹកកម្ពុជា ទោះបីជាក្នុងរូបភាពបែបណាក៏ដោយ។
លោក ទឹប ទាវ បន្តថា ការអូសបន្លាយពេលវេលានេះ ក៏ជាសញ្ញាណកម្សោយរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការដោះស្រាយបញ្ហាតាមបណ្ដោយព្រំដែន ព្រោះថា ភាគីវៀតណាម ធ្លាប់បានសន្យាថានឹងលុបស្រះចំនួនបីក្នុងចំណោមស្រះទាំង៨ តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានវិធានការអ្វីឡើយចំពោះបញ្ហានេះ។ «ទី១ វៀតណាមនៅតែជាប្រទេសដែលរំលោភបំពានលើបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាដដែរ ដោយសំអាងលើតំបន់ដែលមានការជីកស្រះទាំង៣ហ្នឹង។ ទី២ គឺបង្ហាញពីភាពកម្សោយសំណាក់ភាគីខាងខ្មែរយើង ដែលមកដល់ថ្ងៃនេះអត់ទាន់មានអន្តរាគមន៍ ឬក៏កិច្ចការណាមួយឈានដល់ការលុបស្រះហ្នឹងឡើងវិញ»។
សូមរំឭកថា កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៥ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា កម្ពុជាស្នើសុំឲ្យវៀតណាម លុបស្រះចំនួន ៨កន្លែង ដែលក្រសួងការបរទេស ធ្វើកំណត់ទូតតវ៉ាពីរដងកាលពីថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសវៀតណាម សន្យាថា នឹងលុបស្រះចំនួនបីនេះចោលវិញ រីឯស្រះ ៥ ទៀត ក្រុមបច្ចេកទេសចម្រុះនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ នឹងចុះទៅពិនិត្យមើលជាក់ស្ដែង តែក្នុងនោះមានស្រះ ២ ជាស្រះចាស់យូរមកហើយ។
តែជាក់ស្តែងកាលពីថ្ងៃទី១២ ខែកក្កដា អាជ្ញាធរស្រុកអូរយ៉ាដាវ បានជួបពិភាក្សាជាមួយតម្រួតព្រំដែនវៀតណាម នៅចំណុចមានទំនាស់ជីកស្រះ ក៏ប៉ុន្តែក្នុងជំនួបនេះមិនមានលទ្ធផលអ្វីទេ ពីព្រោះតម្រួតព្រំដែនវៀតណាម អះអាងថា រង់ចាំអាជ្ញាធរខេត្តទាំងពីរជួបគ្នាពិភាក្សាបញ្ហានេះ ជាពិសេសស្រះបីដែលភាគីវៀតណាម ព្រមព្រៀងលុប ពួកគេមិនដឹងថាស្រះមួយណាដែលត្រូវលុប ហេតុនេះលុះត្រាគណៈកម្មការព្រំដែនប្រទេសទាំងពីរចុះពិនិត្យជាក់ស្តែងជាមុនសិន៕