ប្រធានគ្រប់គ្រងផ្នែកបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោកស្រីគ្រីស្តៀណា ហ្វីហ្គឺរ៉េស (Christiana Figueres) បានថ្លែងថា ពិភពលោកកំពុងស្ថិតនៅលើគន្លងផ្លូវគ្រោះថ្នាក់ ដោយសារការកើនកម្ដៅផែនដី។
យោងតាមការផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន អាល់ហ្សាហ្សេរ៉ា (Al Jazeeera American News) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា លោកស្រីគ្រីស្តៀណា បានថ្លែងបែបនេះ ខណៈបណ្ដាប្រទេសលើពិភពលោក កំពុងរៀបចំចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពី ការប្រែប្រួលអាកាសធាតុពិភពលោក នៅឯកិច្ចប្រជុំលើកទី២១ របស់អង្គការសហប្រជាជាតិ លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលនឹងធ្វើក្នុងខែធ្នូខាងមុខ នាទីក្រុងប៉ារីស ប្រទេសបារាំង។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រធម្មជាតិនៅសាកលវិទ្យាល័យOxford លោករ៉េ ព្យែរីហាំប៊ើត (Ray Pierryhumbert) បានថ្លែងថា ការកើនកម្ដៅផែនដីកម្រិត៣អង្សាសេ នឹងធ្វើឲ្យការផលិតចំណីអាហារធ្លាក់ចុះ ធ្វើឲ្យមានរលកកំដៅ ដូចករណីរលកកម្ដៅនៅឥណ្ឌាក្នុងឆ្នាំនេះ ដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ ជាពិសេសគឺធ្វើឲ្យមានគ្រោះរាំងស្ងួតកាន់តែខ្លាំង និងភ្លើងឆេះព្រៃជាដើម។ លោកសាស្ត្រាចារ្យបន្តថា ដោយសារគ្រោះធម្មជាតិទាំងនេះ នឹងបណ្ដាលឲ្យមានជនភៀសខ្លួនកាន់តែច្រើន ដូចករណីបច្ចុប្បន្នមានជនភៀសខ្លួនកាន់តែច្រើនឡើងសម្រុកចូលទៅសហគមន៍អឺរ៉ុប។
សូមជម្រាបថា សន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុពិភពលោក ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីការពារគ្រោះថ្នាក់ទៅលើមនុស្សជាតិ ដែលបណ្ដាលមកការប្រែប្រួលអាកាសធាតុ ។ បច្ចុប្បន្នមានប្រទេសចំនួន១៩៥ ជាភាគីនៃសន្និសីទនេះ ហើយកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុដែលនឹងធ្វើនៅទីក្រុងប៉ារីស នាខែធ្នូខាងមុខនោះ គឺជាកិច្ចប្រជុំលើកទី២១៕
ប្រែសម្រួលដោយ៖ ណុល ដារ៉ា