ភ្នំពេញ៖ នៅទីបំផុតតុលាការកំពូលនៅព្រឹកថ្ងៃពុធទី ៣០ វិច្ឆិកានេះ បានច្រានចោលបណ្តឹងសុំនៅក្រៅ ឃុំខ្លួន របស់មន្ត្រី ការពារសិទ្ធិមនុស្សសមាគមអាហុក និងមន្ត្រីគ.ជ.ប លើសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី និងសូកប៉ាន់សាក្សីដែលជាប់ពាក់ព័ន្ធជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ក្រុមគ្រួសារអ្នកការពារសិទ្ធិមនុស្សសម្តែងការសោកស្តាយ ដោយហៅសេចក្តីសម្រេចរបស់តុលាការថាជារឿងអយុត្តិធម៌។ ចំណែកមេធាវី និង អ្នកឃ្លាំមើលសិទ្ធិមនុស្សហៅការសម្រេចនេះថាជារឿងនយោបាយ។ លោក ធូ វិរៈ រាយការណ៍៖
ចៅក្រមតុលាការកំពូលបានប្រកាសសាលដីកា ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ដោយតុលាការ សម្រេចបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប រយៈពេល ៦ខែទៀត ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងទុកពេលសម្រាប់សួរចម្លើយសាក្សីផ្សេងទៀត។
តុលាការច្រានចោលបណ្តឹងនេះ គឺ សំអាងថា តុលាការមានការព្រួយបារម្ភខ្លាចមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ស្ថិតនៅក្រៅឃុំ អាចនឹងរួមគំនិតជាមួយសាក្សីផ្សេងទៀត បន្កជាភាពវឹកវរដល់សង្គម។ទោះបីយ៉ាងនេះក្តីអ្នកឃ្លាំមើលអំពីការរំលោភសិទ្ធិមនុស្ស និងមេធាវីការពារជនជាប់ចោទទាំងនោះថា មូលហេតុនេះ គឺមិនសមហេតុផល ដោយរិះគន់ការសម្រេចរបស់ចៅក្រមស្ថិតនៅក្រោមសម្ពាធនយោបាយ។
ក្រុមគ្រួសារជនជាប់ចោទទាំងនោះបានបង្ហូរទឹកភ្នែក សម្តែងក្តីរន្ធត់និងឈឺចាប់នៅពេលចៅក្រមប្រកាសសាលក្រម បដិសេធមិនឲ្យប្តី ឬ ឳពុក នៅក្រៅឃុំបណ្តោះអាសន្ន។ ភរិយា កូនប្រុស កូនស្រី បានស្ទុះទៅឱបប្តី ឬ ឳពុកទាំងទឹកភ្នែករលីករលោង នៅក្នុងបន្ទប់ រងចាំរថយន្តដឹកនៅពន្ធនាគារព្រៃស និងពន្ធនាគារអគ្គស្នងការដ្ឋានរាជធានីភ្នំពេញ ហៅថា ប៉េហ្ស៊ី (PJ)។ ភរិយាលោក យី សុខសាន្តទួញសោកនៅពេលដឹងថាតុលាការបន្តឃុំខ្លួនប្ដីថែមទៀត។
ភរិយាលោក យី សុខសាន្ត៖«សម្លាប់ប្រជាជន សម្លាប់ប្រជាពលរដ្ឋខ្លួនឯង គ្រួសាខ្ញុំធា្លក់ខ្លួនក្រលំបាក ៦ ៧ ខែមកនេះ ឃុំខ្លួនប្តីខ្ញុំ ៦ ៧ ខែ រហូតមកដល់ថ្ងៃនេះ មិនទាន់ដោះលែង។ គ្រួសារខ្ញុំធ្លាក់ខ្លួនក្រលំបាក រកអង្ករហូបសឹងមិនបាន ខ្ញុំដើរខ្ចីបុលគេគ្រប់កន្លែង ចាប់ពួកខ្ញុំទៅធ្វើបាបទាំងអស់គ្នាទៅនាំគ្រួសារខ្ញុំទៅចាក់សាំងដុតសម្លាប់ចោលតែម្តងទៅ…បងប្អូនទាំងអស់គ្នាគិតមើលទៅ អ្នកនយោបាយយកប្រជាជនមកធ្វើបាប»។
លោក នី សុខា មន្ត្រីការពារសិទ្ធិមនុស្សអាហុកម្នាក់ ក្នុងចំណោមនោះបាននិយាយនៅពេលមន្ត្រីអនុរក្ស ពន្ធនាគារបណ្តើចេញពីបន្ទប់ប្រកាសសាលក្រមថា ប្រសិនបើតុលាការឯករាជ្យលោក និងមិត្តរួមអាជីពនឹងអាចនៅក្រៅឃុំ។ លោកថា កាលណាស្ថានភាពនយោបាយធូរស្រាលលោកនឹងអាចត្រូវបានដោះលែង។
លោក នី សុខា៖«ដោយឯករាជ្យពិតប្រាកដគឺ ពួកយើងប្រាកដជាបាននៅក្រៅឃុំ ព្រោះនីតិវិធីនេះវា គ្មានអ្វីជាមូលដ្ឋានក្នុងការដាក់បន្តឃុំខ្លួនពួកយើងទៀតទេ វាអត់មាន ដូច្នេះយើងឃើញថាដាក់បន្តឃុំពួកយើងទៀតទេ។ វាគ្រាន់តែជាការសម្រេចមួយទាក់ទងទៅនិងរឿងនយោបាយតែប៉ុណ្ណឹងទេ ដូច្នេះនៅពេលស្ថានភាពនយោបាយធូរស្រាស គឺពួកយើងអាចចេញទៅក្រៅឃុំ វាគ្មានអ្វីពិបាកទេ»។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក នី ចរិយា អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ថា សាលដីការព្រឹកមិញនេះ មិនបានផ្តល់ភាពយុត្តិធម៌សម្រាប់កូនក្តីរបស់លោកឡើយ។ លោកយល់ថា ការបន្តឃុំខ្លួនកូនក្តីរបស់លោកបន្តទៀតគឺអាចជារឿងនយោបាយ។ លោកថា ការឃុំខ្លួនមនុស្សមិនមែន ដើម្បីសម្រាប់សវនាការទេគឺ យើងត្រូវគិតអំពីសិទ្ធិមនុស្សអំពីសេរីភាពជាចំបងដែលតុលាការត្រូវតែពិចារណា។
លោក សំ សុគង់៖«ឃើញថារឿងក្តី មួយមានលក្ខណៈរសើបហើយ ក៏អាចមានការពាក់ព័ន្ធទៅនិងរឿងនយោបាយ ដោយសាររឿងនេះពាក់ព័នទៅនិងកញ្ញា ខុម ចាន់តារ៉ាទី ទំនាក់ទំនងសេ្នហារវាងអ្នកនយោបាយមួយរូប នៅក្នុងគណបក្សសង្គ្រោះជាតិ មិនត្រឹមតែជាតិទេ សូម្បីអន្តរជាតិក៏ចាប់អារម្មណ៍រឿងក្តីនេះដែរ។ ដូច្នេះយើងមិនដឹងថា តើដោយសារមានឥទ្ធិពលមកពីអ្នកនយោបាយ ឬក៏ដោយសារមានការមិនក្លាហានក្នុងការសម្រេចឲ្យគាត់នៅក្រៅឃុំ យើងមិនទាន់ដឹងច្បាស់ទេ»។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត់ និយាយថា ចៅក្រមតុលាការកំពូលសម្រេចឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប បន្តទៀត បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារគាត់ និងខាត់បងថវិការជាតិផងដែរ។ លោកយល់ថា ការឃុំខ្លួនពួកគាត់បន្តទៀតគឺ គ្រាន់តែដំអក់ពេលរងចាំស្ថានភាពនយោបាយធូរស្រាល មករកភាពដើមវិញ ទើបពួកគាត់ប្រហែលជាអាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
លោក អំ សំអាត៖«ខ្ញុំសង្កេតឃើញកន្លងមកនៅប្រទេសកម្ពុជាយើង ភាគច្រើនពឹងផ្អែកទៅលើស្ថានភាពនយោបាយចរចាត្រូវរ៉ូវគ្នា មានស្ថានភាពធូស្រាល ទោះបីសកម្មជនគណបក្សនយោបាយ ឬ សកម្មជនការពារសិទ្ធិមនុស្សក៏ត្រូវបានដោះលែងដែរ»។
មន្ដ្រីអាដហុក ៤រូបនេះ មានលោក ណៃ វង់ដា លោក នី សុខា លោក យី សុខ សាន្ដ និងលោកស្រី លឹម មុន្នី រួមនិងលោក នី ចរិយា មន្ដ្រី គ.ជ.ប ពួកគាត់ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយក្រោយមកតុលាការ បានសម្រេចឃុំខ្លួន ក្រោមបទចោទ សូកប៉ាន់សាក្សី និងសមគំនិតក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ករណីមន្ត្រីសិទិ្ធមនុស្សអាដហុក និងមន្ត្រី គ.ជ.ប រងការឃុំខ្លួននេះ ក៏ជាប់ពាក់ព័ន្ធផងដែរ ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ករណីគេចោទថា លោកមានស្នេហាជាមួយ នាង ខុម ចាន់ដារាទី៕