ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្នជុំវិញការប្រែប្រួលអាកាសធាតុដែលបង្កជាភ្លៀងធ្លាក់ និង ខ្យល់បោកបក់ខ្លាំងចាប់ពីថ្ងៃទី ១៤ កញ្ញា តទៅ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១២ ខែ កញ្ញា នេះបញ្ជាក់ថា បន្ទាប់ពីការតាមដាន និង ព្យាករណ៍លើស្ថានភាពអាកាសធាតុ រួចមក ក្រសួងធនធានទឹក អាចកំណត់បានថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប ដែលបានអូសកាត់ពីលើអាងទន្លេមេគង្គ ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និង ជះឥទ្ធិពល បង្កឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ក្នុងប្រទេសកម្ពុជា។
ស្ថានភាពអាកាសធាតុបែបនេះ នឹងបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យម ទៅច្រើន ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស រហូតដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៦ ពិសេសតំបន់ខ្ពង់រាប និងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។ ចំណែកលើផ្ទៃសមុទ្រនឹងមានសភាពអាប់អួខ្លាំង បូករួមនឹងរលកខ្ពស់ៗជាពិសេសនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦។
ដោយយោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបនេះ ក្រសួងធនធានទឹកសូមស្នើដល់ក្រសួងពាក់ព័ន្ធ ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជ្រាបជាព័ត៌មាន ហើយសូមបង្កើនការយកចិត្ដទុកដាក់ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ផ្សេងៗ ដែកអាចកើតមានជាយថាហេតុ៕